អន្តរជាតិ
នាយករដ្ឋមន្ត្រីឥណ្ឌា គាំទ្រចំណាត់ការរុស្ស៊ីចំពោះការបះបោរក្រុមទាហានស៊ីឈ្នួល Wagner
01, Jul 2023 , 2:40 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីននាថ្ងៃទី៣០ ខែមិថុនាបានជជែកជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី តាមទូរស័ព្ទជុំវិញស្ថានភាពនៅអ៊ុយក្រែន និងរបៀបដែលក្រុងមូស្គូ​បាន​ដោះស្រាយ​ការ​បះ​បោរ​របស់ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner។

 
បើតាមការប្រកាសរបស់ទីក្រុងមូស្កូ លោក ម៉ូឌី បានសម្តែងការគាំទ្រចំពោះការដោះស្រាយ​ការបះ​បោរ​ដោយក្រុមទាហានស៊ីឈ្នួល Wagner កាលពីសប្តាហ៍មុន។ ឯរដ្ឋាភិបាលឥណ្ឌាបាននិយាយថា លោក ពូទីន ក៏បានប្រាប់នាយករដ្ឋមន្រ្តីអំពីការវិវត្តថ្មីៗនៅរុស្ស៊ីក្នុងអំឡុងកិច្ចសន្ទនានេះផងដែរ។ 
 
«ខណៈដែលកំពុងពិភាក្សាអំពីស្ថានភាពនៅអ៊ុយក្រែន នាយករដ្ឋមន្ត្រី ម៉ូឌី បានរំលឹកឡើងវិញ​នូវ​ការ​អំពាវនាវរបស់លោកឱ្យមានការសន្ទនា និងការពិភាក្សាការទូតរវាងភាគីពាក់ព័ន្ធ»។ ក្រុងញូវដែលី​បញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយបែបនេះ។ 
 
ប្រភពសន្តិសុខឥណ្ឌាសម្គាល់ថា ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា Ajit Doval ក៏បានជជែកជាមួយ​សមភាគី លោក Nikolai Patrushev នាថ្ងៃទី២៧ ខែមិថុនាលើបញ្ហាបះបោរផងដែរ។
 
គួរបញ្ជាក់ថា ក្រុម​ទាហាន​ស៊ីឈ្នួល Wagner ដែលគ្រប់គ្រងដោយលោក Yevgeny Prigozhin បាន​ដឹកនាំ​ការ​បះបោរ​មួយដើម្បីស្វែងរកសន្តិសុខ និងសុវត្ថិភាពសម្រាប់ក្រុមខ្លួន ហើយបាន​ដង្ហែ​ក្បួនជិត​ដល់​ក្រុងមូស្គូ។ ប៉ុន្តែការបះបោរបានបញ្ចប់ ដោយលោក Prigozhin ទៅស្នាក់នៅឯបេឡារុសដែលបាន​ធានាសុវត្ថិភាព៕

© រក្សាសិទ្ធិដោយ thmeythmey.com