ជាតិ
ពលរដ្ឋ កាន់តែច្រើន ប្រកបរបរទេសចរណ៍នៅ ជីផាត ដោយបោះបង់របរខុសច្បាប់
02, Jul 2023 , 2:00 pm        
រូបភាព
សកម្មភាពជូនភ្ញៀវទេសចរកម្សាន្តតាមទូក នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត រូបភាព៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ
សកម្មភាពជូនភ្ញៀវទេសចរកម្សាន្តតាមទូក នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត រូបភាព៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ
ភ្នំពេញ៖ សក្ដានុពលទេសចរណ៍ធម្មជាតិ បានបង្កើតការងារបន្ថែមដល់ពលរដ្ឋដែលរស់នៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង តាមរយៈការបម្រើសេវាកម្មទេសចរណ៍ដល់ភ្ញៀវជាតិ និងអន្តរជាតិ។  ប្រជាពលរដ្ឋជីផាតចំនួន ៥០ភាគរយ កំពុងរីករាយនឹងការងារទេសចរណ៍។  ពួកគាត់ ទទួលបានចំណូលគួរសម ដោយមិនចាំបាច់ចូលព្រៃ កាប់ឈើ ឬបរបាញ់សត្វ ដូចមុនឡើយ។

 
ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត លោក អន សុវណ្ណ បានឱ្យដឹងថា​​ បន្ទាប់ពីជំងឺកូវីដ-១៩ ធូរស្រាល ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានមកកម្សាន្តនៅក្នុង«សហគមន៍អេកូទេសចរណ៍ជីផាត» ច្រើន គួរឱ្យកត់សម្គាល់។ វត្តមានភ្ញៀវទេសចរនេះ បានបង្កើតការងារបន្ថែមដល់ពលរដ្ឋមូលដ្ឋាន តាមរយៈការងារបម្រើសេវាកម្មទេសចរណ៍ ដែលកំពុងធ្វើជីវភាពប្រជាជននៅទីនោះប្រសើរឡើងមួយកម្រិត។ 
 

រូបភាព៖ David emmet 
 
ក្នុងចំណោមពលរដ្ឋ ៦៤០គ្រួសារ មាន ៣៣២គ្រួសារ ដែលស្មើ៥០ភាគរយ ជាសមាជិកសហគមន៍អេកូទេសចរណ៍ជីផាត កំពុងបញ្ចេញសកម្មភាពលើការងារម្ហូបអាហារ ,មគ្គុទេស និងសេវាកម្មផ្សេងៗទៀត។ ដោយឡែក ពលរដ្ឋផ្សេងទៀត ក៏ទទួលបានប្រយោជន៍ដោយប្រយោលផលដែរ តាមរយៈការលក់ដូរផលដំណាំកសិកម្ម ជាដើម។  
 

រូបភាព៖ Phiron Soum
 
ចំពោះ អ្នកមគ្គុទេសក៍ អាចរកចំណូលបានយ៉ាងតិច១៥ដុល្លារ ក្នុងមួយថ្ងៃ។ លោក សុវណ្ណ​​ ប្រាប់ដូច្នេះថា៖« ៣៣២គ្រួសារហ្នឹង គឺជាប្រជាពលរដ្ឋដែលជាសមាជិកយើងផ្ទាល់ ដែលគាត់ទទួលបានចំណូលផ្ទាល់ពីសកម្មភាពសេវាកម្ម នៃតំបន់ទេសចរណ៍របស់យើង»។ 
 


លោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត។ រូបភាព៖ ឈុំ ចន្ថា 
 
«សហគមន៍អេកូទេសចរណ៍ជីផាត» គឺជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងខេត្តកោះកុង។ អ្នកទេសចរ អាចទៅទស្សនាទឹកធ្លាក់ដ៏ស្រស់ស្អាតចំនួន ៣កន្លែង, ជិះទូកមើលសត្វព្រៃ និងជីវៈចម្រុះនៅតាមដងព្រែក,ដើរព្រៃ, មើលថ្ងៃលិច, ទស្សនាសត្វព្រៃដោយផ្ទាល់ ជាដើម។ មឈូសបុរាណដែលមានអាយុកាលប្រហែល ៥០០ឆ្នាំ ក៏ជាកន្លែងទាក់ទាញទេសចរបំផុតមួយ ក្នុងសហគមន៍ជីផាតផងដែរ។ 
 
សូមជម្រាបថា «សហគមន៍អូកូទេសចរណ៍ជីផាត» មានសេវាស្នាក់នៅដូចជា ផ្ទះណាក់, បឹងការឡូ, បោះតង់។ សេវាកម្មម្ហូបអាហារ មគ្គុទេស និងការជួលកង់ ម៉ូតូ ទូក ជាដើម។ ភ្ញៀវ ដែលបានទៅកម្សាន្តនៅជីផាត ភាគច្រើនជ្រើសរើសយកការជិះកង់ទស្សនាភូមិ និងជិះគោយន្តទៅតាមទីតាំងទេសចរណ៍ផ្សេនានា៕

Tag:
 ទេសចរណ៍
  សហគមន៍អេកូទេសចរណ៍ជីផាត
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com