ជាតិ
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំពិព័រណ៍កុលាលភាជន៍ និងវត្ថុសិល្បៈ រយៈពេល១ឆ្នាំពេញ
02, Jul 2023 , 7:00 pm        
រូបភាព
កុលាលភាជន៍ ។
កុលាលភាជន៍ ។
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍កុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទ ដែលបានពីពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ដើម្បីបង្ហាញជូនសាធារណជនចូលទស្សនា និងសិក្សាស្វែងពីវត្ថុសិល្បៈទាំងនោះឱ្យកាន់តែច្បាស់ រយៈពេលមួយឆ្នាំពេញ។


 
បើតាមរបាយការណ៍របស់អាជ្ញាធរជាតិអប្សរា ពិព័រណ៍នេះ នឹងរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ និងវត្ថុសិល្បៈ ចាប់ពីថ្ងទី១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤។ លោក ភួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបញ្ជាក់ថា វត្ថុសិល្បៈដែលទទួលពីពលរដ្ឋ នឹងត្រូវយកមកថែរក្សា និងអភិរក្ស។ 
 

រូបភាពពី៖ អាជ្ញាធរជាតិអប្សរា

ពិព័រណ៍នេះ  នឹងតាំងបង្ហាញកុលាលភាជន៍ចំនួន១៦ប្រភេទ ដែលជាប្រភេទកុលាលភាជន៍រឹង មានស្រទាប់រលោងពណ៌ត្នោត និងពណ៌បៃតង។ ក្នុងនោះដែរ កុលាលភាជន៍ទាំងនេះ ត្រូវបានយកទៅដុតក្នុងឡកម្តៅចន្លោះពី១ ០០០ ទៅ១ ២០០អង្សាសេ។ ជាមួយគ្នានេះ កុលាលភាជន៍ទាំង១៦ ដែលនឹងយកមកដាក់តាំងបង្ហាញបានមកពីពលរដ្ឋចំនួន៨ភូមិ ក្នុងខេត្តសៀមរាប។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ភួយ សាវឿត។ 
 
ក្រៅពីកុលាលភាជន៍ និងវត្ថុសិល្បៈ ក៏មានវត្ថុមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រជាវត្ថុសក្ការសម្រាប់បញ្ចុះនៅតាមប្រាសាទ រួមទាំងវត្ថុសិល្បៈបានពីវត្តអារញ្ញរង្សី នឹងយកមកបង្ហាញផងដែរ។ ទន្ទឹមនឹងនោះ សម្រាប់សាធារណជន សិស្សានុសិស្ស និសិ្សត និងអ្នកស្រាវជ្រាវទាំងអស់ អាចមកទស្សនាស្វែងយល់ក្នុងការតាំងពិព័រណ៍ចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះតទៅ។
 
សូមជម្រាបថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ២០០៨មក ដោយមានថែរក្សា និងអភិរក្សវត្ថុសិល្បៈពីបុរាណជាច្រើន បានមកពីការធ្វើកំណាយស្រាវជ្រាវនានា។ សារមន្ទីរមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប៕

Tag:
 សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ
  ពិព័រណ៍វត្ថុសិល្បៈ
© រក្សាសិទ្ធិដោយ thmeythmey.com