ជាតិ
បទពិសោធអ្នកថ្មី៖ ដំណើរចេញពីសហគមន៍ខ្នងផ្សារ…ដើរតាមមាត់ជ្រោះ កាត់ព្រៃ ដើម្បីទស្សនាថ្ងៃរះ
02, Jul 2023 , 6:00 pm        
រូបភាព
ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ៖ ធ្វើដំណើរដោយគោយន្តរបស់សហគមន៍ខ្នងផ្សារ ពីភូមិតាំងបំពង់រយៈពេលជាង១ម៉ោង ទេសចរ នឹងដល់ជើងភ្នំ ដែលមានអ្នកលក់ទឹក និងភេសជ្ជៈ។ ជាង១ម៉ោង ទេសចរ នឹងទទួលបានអារម្មណ៍ប្លែកជាមួយធម្មជាតិតាមដងផ្លូវ។

 
  


ពីជើងភ្នំ ទេសចរ អាចមានជម្រើសផ្ញើសម្ភារៈជាមួយអ្នកនាំផ្លូវពីសហគមន៍ ប៉ុន្តែទេសចរ ភាគច្រើន ស៊ូស្ពាយសម្ភារៈរបស់ខ្លួន ដើម្បីជម្នះខ្លួនឯងនឹងភាពលំបាក។ ខ្ញុំ និងក្រុមការងារ បានឡើងភ្នំនាម៉ោង៨៖៣០នាទីព្រឹក ដោយស្មារតីស្វាហាប់ ហើយម្នាក់ៗ ដូចជា ខ្លាអីចឹង។ ១០នាទីក្រោយមក ខ្ញុំ និងក្រុមការងារ៥នាក់ទៀត ដែលគ្មានបទពិសោធឡើងខ្នងផ្សារ មានអារម្មណ៍ថា «គួរទៅមុខទៀត ឬត្រឡប់ក្រោយ»? 
 
ត្រឡប់ក្រោយយ៉ាងដូចម្ដេច? ខ្ញុំ និងក្រុមការងារ បានប្រឹងឡើងបន្តទៀតយ៉ាងលំបាកជាទីបំផុត។ លំបាក មិនមែនដោយសារ ផ្លូវពិបាកទេ គឺដោយសារ សុទ្ធតែជាអ្នកអង្គុយធ្វើការរាល់ថ្ងៃ មិនសូវបានហាត់ប្រាណ។ បន្តដំណើរបានប្រហែល៣០នាទី មិត្តរួមដំណើររបស់ខ្ញុំម្នាក់ បានដេកនឹងដី ដោយនិយាយថា៖ «អួយ ស្រួលខ្លួនណាស់។ សុំបោះតង់ដេកត្រឹមហ្នឹងបានឬអត់?»។ 

 
ខ្ញុំ ក៏មិនណយដែរ។ ដំណើរឡើងខ្នងផ្សារលើកដំបូងរបស់ខ្ញុំ ដូច្នេះខ្ញុំបានដាក់របស់ជាច្រើនក្នុងកាបូបស្ពាយ។ «គិតខុសហើយៗ» នេះជាអ្វីដែលបាននិយាយរហូតពេលឡើង ដ្បិតថា វាធ្ងន់ពេក។ ខ្ញុំ បានគិតថា នឹងដើរនាំមុខគេ តែត្រឹម៣០នាទី ខ្ញុំនៅក្រោយគេជាមួយក្រុមខ្ញុំ។ 
 
ប្រឹងឡើងចង់ដាច់ខ្យល់អស់រយៈពេល២ម៉ោង លោក សុវណ្ណឌី ដែលជាមិត្តរួមដំណើររបស់ខ្ញុំ បាន «បែកកង់»។ ខ្ញុំ សើចគាត់ ព្រោះថា គាត់ចូលចិត្តដើរព្រៃ តែមកបែកកង់មុនខ្ញុំ។ ក្រោយលាបថ្នាំរួច១០នាទីក្រោយមក គាត់ ក៏បានឡើងបន្តទៀត តែថា ឡើងៗ គាត់ស្កាត់ម៉ូតូរបស់អ្នកដឹកសម្ភារៈជិះជាមួយ។ ទីបំផុត គាត់ សុំគេជិះបានដូចបំណង។ 



«ជិតដល់ហើយ» ជាពាក្យកុហក់ ដ៏ពេញនិយម និងគ្មានអ្នកខឹង។ មន្រ្តីឧទ្យានុរក្ស បានស្រែកថា «យើងជិតដល់ហើយ»។ ខ្ញុំ រំភើបរកអ្វីប្រៀបពំបាក។ ខ្ញុំ ដើរទៅសួរគាត់៖ «បង ជិតដល់មែនឬ?» គាត់ តបថា៖ «ពាក់កណ្ដាលផ្លូវហើយ»។ 
 
ធម្មជាតិ ពិតជាជួយនាំកម្លាំងមកវិញពិតៗ នាពេលឈប់សម្រាកតាមដងផ្លូវ។ សំឡឹងចក្ខុចុះក្រោម ខ្ញុំ ស្រែកថា «ម្ដាយហើយ ស្អាតណាស់»។ គ្រប់គ្នា ថតរូបទេសភាព និងថតខ្លួនឯងយ៉ាងរីករាយ។ គ្រប់គ្នា ខំប្រឹងយ៉ាងខ្លាំង ទាំងនារី ទាំងបុរស។ មិត្តរួមដំណើរខ្ញុំ មានតែ៦នាក់ ពិតមែន ប៉ុន្តែមិត្តរួមផ្លូវ មានច្រើនណាស់។ យើង ជជែកគ្នាបណ្ដើរ ឡើងបណ្ដើរ។ សំណួរដំបូង ដែលយើងសួរគ្នាគឺ៖ «បង ឡើងលើកដំបូងមែន?»
 
គ្រប់គ្នា ប្រឹងឡើង ដោយអ្នកខ្លះសម្រាករយៈពេលយូរ និងអ្នកខ្លះសម្រាករយៈពេលខ្លី។ ក្រុមរបស់ខ្ញុំ សម្រាកញឹកញាប់ដែរ ដោយសារពួកយើង សុទ្ធតែជាអ្នកឡើងខ្នងផ្សារ លើកដំបូង។ មិត្តរួមដំណើររបស់ខ្ញុំ ២នាក់ ត្រូវបានឃ្មុំតិច តែសំណាង ឃ្មុំតែមួយ និងមានថ្នាំការពារ។ 
 
ខ្ញុំ បានឡើងដល់ ម៉ោង១២រសៀល។ ដូច្នេះដំណើរដ៏ស្វិតស្វាញរបស់ខ្ញុំ មានរយៈពេល ៣ម៉ោងកន្លះប៉ុណ្ណោះ។ ដល់ភ្លាម ខ្ញុំមានអារម្មណ៍ថា ការចំណាយកម្លាំងរបស់ខ្ញុំ និងឈឺជើង មិនមែនឥតប្រយោជន៍ទេ។ ទេសភាពខ្នងផ្សារ គួរគន់ត្រង់ណា ក៏ស្អាតដែរ។ 


 
ខ្ញុំ ជាអ្នកចូលចិត្តបន្ទប់ទឹក។ ខ្ញុំ បានដឹងថា ខ្នងផ្សារ មានបន្ទប់ទឹក ប៉ុន្តែ ពេលខ្ញុំចូលបន្ទប់ទឹកនោះភ្លាម គឺខុសការគិតទាំងស្រុង។ បន្ទប់ទឹកនោះ ធំទូលាយ និងស្អាតគួរសម។ ទឹក គ្មានខ្លិនស្អុះទេ គឺទឹកធម្មជាតិពិតៗ។ បន្ទប់ទឹករបស់សហគមន៍ខ្នងផ្សារ ត្រូវបានឧបត្ថម្ភដោយ ក្រសួងបរិស្ថាន។ 



«មី» និង«កាហ្វេកញ្ចប់» ជាអាហារសម្រន់ពេញនិយមបំផុតនៅលើភ្នំ។ ទេសចរ អាចរៀបចំអាហាររបស់ខ្លួនបាន ដោយត្រូវដាក់សម្ភារៈចម្អិនតាម។ ប៉ុន្តែទេសចរ ក៏អាចប្រើសេវារបស់សហគមន៍ផងដែរ។ សហគន៍ អាចដាំបាយ និងធ្វើម្ហូបតាមការកក់មុនរបស់ភ្ញៀវ។ 
 
ក្រុមការងាររបស់ខ្ញុំ ខ្លះពិសាមី និងខ្លះទៀត ពិសារបាយ ដែលរៀបចំដោយសហគមន៍។ ខ្ញុំវិញ ពិសារទាំងមី និងបាយ ព្រោះខ្ញុំញុំាច្រើន។ មិត្តរួមដំណើររបស់ខ្ញុំ បានដើរថតរូបរៀងខ្លួន និងបានថតគ្នាទៅវិញទៅមក ព្រោះថា «រូបថត» គឺសំខាន់បំផុត ពេលដល់ខ្នងផ្សារ។ 
 
ម៉ោង៤អធ្រាត្រ ទេសចររាប់រយនាក់ ដើរកាត់ភ្នំ និងមាត់ជ្រោះ គយគន់ថ្ងៃរះ ស្ទឹងពពកដ៏អស្ចារ្យនៅខ្នងផ្សារ
 
នាពេលរាត្រី ក្រោយញុំាអាហារជុំគ្នា ជិតគំនរភ្លើង ខ្ញុំ បានរួសរាន់ដើរទៅងូតទឹកនៅបន្ទប់ទឹករបស់សហគមន៍។ ទឹកស្អាត បន្ទប់ទឹកល្អ ខ្ញុំបានងូតទឹកយ៉ាងត្រជាក់ និងស្រស់ស្រាយ។ ចេញពីបន្ទប់ទឹក ខ្ញុំដើរមកតង់សម្រាកសឹងមិនដល់ ដ្បិតថា ឈឺជើងយ៉ាងខ្លាំង។ ដល់តង់ ខ្ញុំ បានលាបថ្នាំព្យាបាលជើង តែលាបច្រើនពេក ធ្វើឱ្យខ្ញុំសម្រាកក្នុងតង់ទាំងក្ដៅខ្លាំង។



ខ្យល់ត្រជាក់ខ្លាំង ស្របពេលអ្នកឡើងភ្នំភាគច្រើនអស់កម្លាំង អ្នកបោះតង់ភាគច្រើន ចូលសម្រាកនាម៉ោង១០ យប់ និងខ្លះទៀត អង្គុយជជែកគ្នាលេង។ ខ្ញុំ ជាមនុស្សចូលចិត្តត្រជាក់ខ្លាំង។ ខ្ញុំ បានស្លៀកខោជើងខ្លី និងអាវយឺត ដើម្បីគេងនាពេលរាត្រី។ មិនបាន៣០នាទីផង ខ្យល់ត្រជាក់ខ្លាំងឡើងៗ រហូតខ្ញុំ ប្ដូរមកស្លៀកខោជើងវែង អាវរងា និងពាក់ស្រោមជើង។ សំណាងហើយ ខ្ញុំ យកត្រៀមមុន។ 
 
រាត្រីដ៏អស្ចារ្យ ជាមួយជំនោរត្រជាក់ ខ្ញុំបានភ្ញាក់នាម៉ោង៣ព្រឹក តាមរយៈសំឡេងទូរសព្ទកំណត់ម៉ោង។ ពួកយើង បានណាត់គ្នាម៉ោង៣៖៣០ព្រឹក ដើម្បីចេញដំណើរទៅកាន់ ខ្នងកាំភ្លើងធំ ក្នុងគោលបំណងទស្សនាថ្ងៃរះ។ 
 
ខ្ញុំ គេងស្រួលខ្លួនពេក ក៏បែកគំនិតចង់កុហក់គេថា៖ «រមួលក្រពើ ខ្ញុំ ទៅមិនកើតទេ»។ មួយសន្ទុះក្រោយមក មេក្រុមរបស់ខ្ញុំ បានហៅឈ្មោះខ្ញុំ។ ខ្ញុំ ក៏ចេញមកដាស់គ្នារបស់ខ្ញុំផ្សេងទៀត ដើម្បីរៀបចំចេញដំណើរ។ ដាស់ពួកគាត់ឱ្យក្រោកពីដំណេកម៉ោង៣ មិនស្រួលទេ ព្រោះមនុស្សកំពុងគេងលក់ស្រួល។  
 
ដោយសារ អាកាសធាតុត្រជាក់ខ្លាំង អ្នកខ្លះ ងូតទឹក និងអ្នកខ្លះទៀត មិនងូតទេ តែគ្រប់គ្នាបានដុសធ្មេញ មុននឹងចេញដំណើរ។ ខ្ញុំ ក៏មិនងូតទឹកដែរ។ 
 
ចេញដំណើរនាម៉ោង៣៖៤៥នាទីយប់ ក្រុមរបស់ខ្ញុំ និងអ្នករួមដំណើរផ្សេងទៀតជិត៣០នាក់ បាននាំមុខគេ ឆ្ពោះទៅគោលដៅ ដោយម្នាក់ៗមានពិលតូចមួយ។ ចេញដំណើរបានប្រហែល១៥នាទី មានអ្នករួមដំណើរម្នាក់ ដាច់ស្បែកជើង ហើយសុំទៅតង់វិញ។ ខ្ញុំ មិនបានមើលផ្ទាល់ភ្នែកទេ ប្រហែលគាត់ គិតដូចខ្ញុំដែរមិនដឹង? 
 
ដើរ ឡើងចុះ ឆ្លងកាត់កូនភ្នំតូចៗ ក៏ដល់ កន្លែងហានិភ័យ។ មន្រ្តីឧទ្យាននុរក្ស បានស្រែកតៗគ្នា ថា៖ «ប្រកាន់ស្ដាំ! ខាងមុខ មាត់ជ្រោះ»។ ឮហើយ ខ្ញុំ ភ័យដែរ។ បន្តដំណើរបានបន្តិច ខ្ញុំ បានចុចពិលមកខាងក្រោម ហើយឃើញមាត់ជ្រោះ មានជម្រៅជ្រៅគួរសម។ ខ្ញុំ បានគិតថា៖ «មិនគួរមកសោះ! ដេកស្រួលជាង»។ 
 
អ្នកខាងមុខស្រែក៖ «ប្រយ័ត្ន ថ្ម» ដែលមានន័យថា លើផ្លូវដើរមានកូនថ្ម ងាយរអិលខ្លាំង។ គ្រប់គ្នា បានស្រែកតៗគ្នាប្រាប់អ្នកដំណើរខាងក្រោយ។ តាមពិត មានអ្នកដំណើររាប់រយនាក់ឯនោះ ដែលបានដើរមកក្រោយៗបន្តគ្នា ដើម្បីទៅគោលដៅមើលថ្ងៃរះ។ ខ្ញុំ បានងាងមកក្រោយ ឃើញពិលជាជួរយ៉ាងវែង ដែលគ្រប់គ្នាកាន់ ដើម្បីធ្វើដំណើរ។ បើគ្មានពិលទេ គឺហានិភ័យ! 
 
ឆ្លងផុតដំណាក់កាលដើរតាមផ្លូវមាត់ជ្រោះ យើងបានដើរកាត់ព្រៃភ្នំរយៈពេលជិត៣០នាទី។ ត្រង់នេះ ខ្ញុំ មានអារម្មណ៍សប្បាយរីករាយជាងមុនបន្តិច ព្រោះថា វាជាលើកដំបូងដែលដើរក្នុងព្រៃភ្នំទាំងយប់។ ខ្ញុំ បានថតវីដេអូខ្លះ ប៉ុន្តែមិត្តរួមដំណើរខ្ញុំម្នាក់ឈ្មោះ សុផាត បានថតវីដេអូ និងនិយាយរហូត។ ចម្លែកដែរ គាត់ មិនសូវចេះនិយាយផង តែអាចនិយាយក្នុងវីដេអូគាត់រហូត។ 
 
ឆ្លងផុតព្រៃភ្នំនេះ យើងបានដើរលើកំពូលភ្នំវិញ ដែលចំណាយពេលត្រឹមតែ១៥នាទីទៀតប៉ុណ្ណោះ។ ក្រុមរបស់យើង បានដល់គោលដៅម៉ោង៥នាទីព្រឹក ដែលមេឃងងឹតនៅឡើយ។ យើង មើលឃើញពពកខ្លះៗ អមជាមួយពណ៌ក្រហមលាយឡំពណ៌មាស គួរឱ្យចង់ទស្សនា។ ខ្ញុំ បាននិយាយថា៖ «ទីនេះ ស្អាតជាងផ្ទាំងគំនូទៅទៀត»។ 


 
មិត្តរួមដំណើររបស់ខ្ញុំ បានដើរទៅថតរូបតាមទីតាំងរៀងៗខ្លួន។ ខ្ញុំ នៅជិតមេរបស់ខ្ញុំ តែមិនបានថតមេទេ ព្រោះរវល់ថត Timelape ពពក និងថតរូបទេសភាព។ ជាង២០នាទីក្រោយមក មិត្តរួមដំណើរខ្ញុំ បានដើរមកប្រាប់ថា៖ «កន្លែងនោះ ស្អាតខ្លាំងណាស់! ទៅថតរូប ទៅ!» ខ្ញុំ បានដើរទៅមែន ហើយឃើញស្អាតខ្លាំងណាស់។ ត្រង់នេះ សូមបញ្ជាក់ថា ខ្នងកាំភ្លើងធំ នៅខ្នងផ្សារ គយគន់ត្រង់ណា ក៏ស្អាតដូចឋានសួគ៍អីចឹង។ 



នាម៉ោង៦៖៤២នាទី យើងបាននាំគ្នាដើរទៅកាន់ខ្នងសំពៅវិញ ដែលជាទីតាំងបោះតង់។ តិចច្រឡំ ថា ដើរទៅវិញ គ្មានអ្វីពិសេស! ទេ! យើងបានដើរកាត់ពពករយៈពេលជិត១ម៉ោង។ គ្រប់គ្នា ដើរបណ្ដើរថតវីដេអូ និងរូបភាព បណ្ដើរ។ ខ្ញុំ ក៏ថតវីដេអូច្រើនដែរ ដើម្បីទុកជាអនុស្សាវរីយ៍។ 



ក្នុងអត្ថបទខ្លីនេះ ខ្ញុំមិនអាចរម្លឹកឡើងវិញអស់នោះទេ ពីទិដ្ឋភាព និងទេសភាពខ្នងផ្សារ។ ប៉ុន្តែខ្ញុំ អាចធានាថា ខ្នងផ្សារ មានទេសភាពស្អាតខ្លាំងណាស់ ក្នុងចំណោមភ្នំផ្សេងៗ ដែលខ្ញុំបានទៅ។ 
 
សូមជម្រាបថា «ខ្នងសំពៅ» ជាភ្នំមួយ ក្នុងចំណោមភ្នំឯទៀតនៅតំបន់ទេសចរណ៍ខ្នងផ្សារ ស្ថិតក្នុងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។ នៅទីនេះទេសចរនាំគ្នាបោះតង់សម្រាកលម្ហែកាយ ថតរូប និងគយគន់ទេសភាពដ៏ស្រស់ត្រកាល នៅរដូវវស្សា៕ 






 

Tag:
 ខ្នងផ្សារ
  សហគមន៍ខ្នងផ្សារ
© រក្សាសិទ្ធិដោយ thmeythmey.com