ជាតិ
ទេសចរគួរប្រុងប្រយ័ត្នឱ្យខ្ពស់នាខែវស្សា នៅតំបន់ទេសចរណ៍បែបផ្សងព្រេងចំនួន១០កន្លែង
02, Jul 2023 , 11:00 pm        
រូបភាព
រូបភាពពី លោក ជួន ភិរម្យ
រូបភាពពី លោក ជួន ភិរម្យ
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ ទេសចរ ដែលចូលចិត្តដើរកម្សាន្តតាមតំបន់បែបផ្សងព្រេង គួរបង្កើនការប្រុងប្រយ័ត្ននារដូវវស្សា។ តំបន់ទេសចរណ៍បែបផ្សងព្រេង ១០កន្លែង មានហានិភ័យខ្លាំង រួមមាន តំបន់ភ្នំព្រះ, ភ្នំច្រមុះបារាំង, ខ្នងតាកំប៉ោង, ខ្នងធីតាអ័ព្ទ, ទឹកធ្លាក់ស្ទឹងកែប, ភ្នំសំកុស, ភ្នំទំព័រ,  តំបន់ភ្នំខ្នងក្រពើ, ទឹកធ្លាក់ឆាយយោង និងតំបន់ខ្នងវាលជាដើម។

 
លោក លោក ជួន ភិរម្យ អ្នកមានបទពិសោធដើរព្រៃជាង២០ឆ្នាំ បានណែនាំថា ទេសចរដែលទៅកម្សាន្តនៅតំបន់ខាងលើ មានការលំបាកខ្លាំង ដោយសារតំបន់ទាំងនោះសម្បូរអូរស្ទឹងត្រូវឆ្លងកាត់ពេលមានភ្លៀងធ្លាក់ខ្លាំង ដែលទេសចរអាចជាប់ទឹកច្រើនថ្ងៃ ។ ចំពោះស្ថានភាពផ្លូវ អាចរអិលខ្លាំង និងមានរលំដើមឈើ។ 
 

ខ្នងវាល ស្ថិតនៅដែនជម្រកសត្វព្រៃភ្នំឪរ៉ាល់។ រូបភាពពី៖ លោក ជួន ភិរម្យ

នាខែវស្សា ភ្លៀងខ្លាំង តំបន់ទាំងនោះ ត្រូវបានទឹកឡើង ហើយទេសចរត្រូវឆ្លងអូរ និងមានទឹកហូរខ្លាំងដែលអាចមានបញ្ហា បើគ្មានមានសម្ភារៈសម្រាប់ជួយ។ ការឡើងភ្នំ ឬចូលព្រៃនៅរដូវវស្សាអាចចំណាយពេលខុសគ្នាផងដែរ។ 
 
ជាមួយគ្នានេះ ការដើរកម្សាន្តបែបផ្សងព្រេង ជាដំណើរកម្សាន្តដ៏ពេញនិយម ប៉ុន្តែជាធម្មតាការឡើងភ្នំផ្សងព្រេងមិនថាក្នុងរដូវប្រាំង ឬរដូវវស្សាសុទ្ធតែមានឧបសគ្គ។ ឧបសគ្គប្លែក និងខុសគ្នា ដោយសាររដូវវស្សាមានភ្លៀង ដែលនាំឱ្យមានឧបសគ្គច្រើនជាងរដូវប្រាំង។
 

បើតាមលោក លោក ជួន ភិរម្យ អ្នកមានបទពិសោធដើរព្រៃ។

«យើងគួរមើលពីការព្យាករណ៍អាកាសមុនទៅកម្សាន្តនៅតំបន់ទាំងនោះ យើងត្រូវត្រៀមសម្ភារៈសម្រាប់ឆ្លងកាត់អូរស្ទឹង និងមានប្រធានក្រុមដឹកនាំ ឬសហគមន៍នាំផ្លូវឱ្យបានត្រឹមត្រូវ ដែលមានបទពិសោធន៍ដើរភ្នំ និងត្រៀមសំម្ភារៈដើរភ្នំឱ្យបានត្រឹមត្រូវមុនទៅកម្សាន្ត»។ នេះជាការបញ្ជាក់របស់លោក ជួន ភិរម្យ។ 


ភ្នំព្រះ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។ រូបភាពពី៖ លោក ជួន ភិរម្យ

បើទោះជាយ៉ាងណាក្តី ក៏មានទេសចរមួយចំនួន ពុះពារដើម្បីទៅតំបន់ទាំង១០ខាងលើនាតដូវវស្សាផងដែរ។ លើសពីនេះទៅទៀត លោក ភិរម្យ បានលើកឡើងថា ចំពោះទេសចរដែលទៅកម្សាន្តតំបន់ខាងលើ ត្រូវត្រៀមថ្នាំពេទ្យ ថ្នាំការពារសត្វល្អិត ដោយសារខែវស្សាសម្បូរមូស និងទាក។ ចំណែកម្ហូបអាហារគួរត្រៀមឱ្យលើសមួយពេល ឬពីរពេល ព្រោះពេលខ្លះ ទេសចរ ចុះមកភ្លៀងខ្លាំង ដូច្នេះ ទេសចរ ត្រូវរង់ចាំ ៥ទៅ៦ម៉ោង។ 
 
សូមជម្រាបថា នារដូវវស្សា តំបន់ទេសចរណ៍ធម្មជាតិមួយចំនួន បានធ្លាក់ចុះចំនួនភ្ញៀវទេសចរទៅកម្សាន្ត ដោយសារមូលហេតុផ្លូវខូច ពិបាកធ្វើដំណើរ។ ជាក់ស្ដែងទេសចរឡើងភ្នំឱរ៉ាល់ ថយចុះយ៉ាងគំហុក ដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់៕

Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com