កីឡាជាតិ
ជាតិ
គុនខ្មែរ៖ លន បញ្ញា រំភើបចិត្តក្រោយឈ្នះជើងខ្លាំងថៃ ហ៊្វុន លួង
03, Jul 2023 , 10:30 am        
រូបភាព
បង្គោលក្រហម លន បញ្ញា ឈ្នះបង្គោលខៀវ ហ្វ៊ុនលួង។ រូបពី TVK
បង្គោលក្រហម លន បញ្ញា ឈ្នះបង្គោលខៀវ ហ្វ៊ុនលួង។ រូបពី TVK
ដោយ:
កីឡាករប្រដាល់គុនខ្មែរ លន បញ្ញា បង្ហាញក្តីរីករាយ ក្រោយខ្លួនអាចយកឈ្នះកីឡាករជើងខ្លាំងថៃចាស់វស្សា ហ្វ៊ុន លួង ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ នាសង្វៀន ទទក។

 
ក្រោយតស៊ូយ៉ាងស្វិតស្វាញលើសង្វៀនរយៈពេលពេញ៥ទឹក ទីបំផុតអ្នកប្រដាល់ចិត្តស៊ូមានដើមកំណើតមកពីខេត្តព្រៃវែង លន បញ្ញា បានយកឈ្នះកីឡាករថៃឆ្លងដែន ហ្វ៊ុន លួង ដោយពិន្ទុ។ ជាមួយនឹងជ័យជម្នះនេះ កីឡាករគុនខ្មែរ លន បញ្ញា បង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលអាចយកឈ្នះគូប្រកួតដែលមានសមត្ថភាពដូចជា ហ្វ៊ុនលួងនេះ។
 

បង្គោលក្រហម លន បញ្ញា(ឆ្វេង) និងបង្គោលខៀវកីឡាករថៃ ហ្វ៊ុនលួង(ស្តាំ)។ រូបពី TVK

ម្ចាស់មេដាយមាសស៊ីហ្គេមឃីកបុកស៊ីង លន បញ្ញា និយាយថា៖«សម្រាប់ខ្ញុំសប្បាយចិត្តជាខ្លាំងដែលបានយកឈ្នះកីឡាករខ្លាំង(ហ្វ៊ុនលួង)គាត់មកខ្មែរច្រើនដងមានចាញ់មានឈ្នះតែគាត់ចាញ់តិចជាងឈ្នះ។ ហ្វ៊ុនលួង គាត់ល្អ និងជាកីឡាករលេងក្បាច់ពូកែបិទ យើងពិបាកចាក់ចូល និយាយរួមគាត់មានបច្ចេកទេសច្រើន»។ បញ្ញា ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
 
យ៉ាងណា ក្រោយបញ្ចប់ការប្រកួតកីឡាករថៃមកដីខ្មែរច្រើនលើកច្រើនសារ ហ្វ៊ុនលួង ក៏លើកសរសើរពីកីឡាករឡើងជើងថ្មី លន បញ្ញា ផងដែរថាជាកីឡាករក្មេងមានគុនវុធធន់ធ្ងន់ ច្បាស់ក្នុងការប្រយុទ្ធ និងយល់យុទ្ធសាស្រ្តច្បាស់។ «បញ្ញា ជាកីឡាករល្អគេហ៊ានចេញគុនវុធ មិនខ្លាច គេមានបច្ចេកទេសវាយ និយាយរួមគេល្អច្រើន»។
 
គួបញ្ជាក់ថា កីឡាករគុនខ្មែរ លន បញ្ញា មានវ័យទើបតែ២៣ឆ្នាំប៉ុណ្ណោះ ខណៈកីឡាករថៃ ហ្វ៊ុន លួង មានអាយុ ៣១ឆ្នាំអ្នកទាំងពីរប្រកួតលើប្រភេទទម្ងន់ ៦៥គីឡូក្រាមដែលជាគូមិត្តភាពអន្តរជាតិ៕ 

Tag:
 (កីឡាប្រដាល់គុនខ្មែរ
 លន បញ្ញា)
© រក្សាសិទ្ធិដោយ thmeythmey.com