សេដ្ឋកិច្ច
អន្តរជាតិ
បន្ទាប់រដ្ឋមន្រ្តីការបរទេស ដល់វេនរដ្ឋមន្ត្រី​ហិរញ្ញវត្ថុអាម៉េរិកទៅប៉េកាំងដើម្បីបន្ធូរភាពតានតឹង
03, Jul 2023 , 11:00 am        
រូបភាព
លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក។ រូបភាពពី AP ។
លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក។ រូបភាពពី AP ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោកស្រី Janet Yellen នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងចាប់ពីថ្ងៃទី៦ ដល់ថ្ងែទី៩ ខែកក្កដា ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់ចិនលើបញ្ហាជាច្រើនជុំវិញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេសលើច្បាប់ប្រឆាំងចារកម្មថ្មីរបស់ចិន ។

 
ការធ្វើដំណើររបស់លោកស្រី Janet Yellen  ជាផ្នែកមួយនៃការជំរុញដោយប្រធានាធិបតី ចូ បៃឌិន ក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ រក្សាស្ថិរភាព និងកាត់បន្ថយហានិភ័យនៃកំហុសនៅពេលមានការខ្វែងគំនិតគ្នាកើតឡើង។
 
ដំណើរទស្សនកិច្ចនេះ កើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស អាន់តូនី ប្លីងខិន បានទៅទីក្រុងប៉េកាំង។ កាលនោះ ភាគីទាំង២ ឯកភាពគ្នាធ្វើឱ្យមានស្ថិរភាពទំនាក់ទំនង និងធានាថាការប្រជែងគ្នាដ៏ខ្លាំងក្លារវាងប្រទេសទាំងពីរមិនក្លាយជាជម្លោះ។ 
 
ប៉ុន្តែការប៉ុនប៉ងនេះក៏ជួបបញ្ហាបន្តិចវិញ បន្ទាប់ពីចិនបានតវ៉ាយ៉ាងខ្លាំងនៅពេលដែលលោក បៃឌិន បានប្រដូចលោក ស៊ី ជិនភីង ជាជនផ្តាច់ការ។ ប៉ុន្តែសម្រាប់អ្នកវិភាគមើលឃើញថា មានផលប៉ះពាល់តិចតួចប៉ុណ្ណោះចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនង។
 
នៅក្នុងបទសម្ភាសជាមួយទូរទស្សន៍ MSNBC កាលពីថ្ងៃទី២៨ ខែមិថុនាលោកស្រី Yellen បានលើកឡើងថា ការទៅបំពេញទស្សនកិច្ចនៅចិនពេលនេះ គឺដើម្បីបង្កើតទំនាក់ទំនងឡើងវិញជាមួយទីក្រុងប៉េកាំង ក្នុងបរិបទដែលមានការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរ។
 
«ប្រទេសទាំងពីរចាំបាច់ត្រូវពិភាក្សាអំពីការខ្វែងគំនិតគ្នានាពេលបច្ចុប្បន្ន ដើម្បីកុំឱ្យមានការយល់ច្រឡំ។ ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបានបញ្ជាក់ថា អាម៉េរិកនឹងធ្វើសកម្មភាពដើម្បីការពារផលប្រយោជន៍សន្តិសុខជាតិ បើទោះបីជាវាបណ្តាលឱ្យខូចខាតសេដ្ឋកិច្ចក៏ដោយ»។ លោកស្រីបញ្ជាក់បែបនេះ។
 
ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រីក៏នឹងលើកឡើងនូវការព្រួយបារម្ភអំពីការរំលោភសិទ្ធិមនុស្សប្រឆាំងនឹងជនជាតិភាគតិចវីហ្គ័ ការផ្លាស់ប្តូរថ្មីៗរបស់ចិនក្នុងការហាមឃាត់ការលក់បន្ទះឈីបបច្ចេកវិទ្យា Micron និងការផ្លាស់ប្តូររបស់ចិនក្នុងការប្រឆាំងនឹងក្រុមហ៊ុនបរទេសផងដែរ ៕

Tag:
 ចិន
  អាម៉េរិក
  Yellen
© រក្សាសិទ្ធិដោយ thmeythmey.com