ជាតិ
ក្ដាមអាចនឹងផុតពូជ បើគ្មានការចូលរួមពីប្រជានេសាទ
03, Jul 2023 , 10:00 pm        
រូបភាព
មេក្ដាមពងក្រៅស្នូក។ រូបភាព៖សហគមន៍នេសាទភូមិថ្មី
មេក្ដាមពងក្រៅស្នូក។ រូបភាព៖សហគមន៍នេសាទភូមិថ្មី
ដោយ:
សហគមន៍អង្កោល បានបើកយុទ្ធនាការសង្គ្រោះមេក្ដាមដែលមានពងក្រៅស្នូកដំណាក់កាលទី២ ដើម្បីជួយបង្កើនធនធានក្ដាមឱ្យមានកាន់តែច្រើននៅក្នុងសហគមន៍។ លោក អួង អាន អនុប្រធានសហគមន៍អង្កោល លើកឡើងថា បើគ្មានការចូលរួមពីប្រជានេសាទទេ ក្ដាមនឹងអាចផុតពូជ នៅអនាគត។


លោក អួង អាន អនុប្រធានសហគមន៍អង្កោល បានរៀបរាប់ប្រាប់សារព័ត៌មានថ្មីៗ នៅថ្ងៃទី៣ ខែកក្ដដាថា ពេលប្រជានេសាទរកក្ដាមពងខាងក្រៅស្នូកបាន គឺសហគមន៍ស្នើឱ្យពួកគេ
ជួយសង្គ្រោះមេក្ដាមទាំងនោះ ដោយលែងចូលទៅក្នុងសមុទ្រ ឬអាចយកមកប្រគល់ឱ្យសហគមន៍។
 
អនុប្រធានសហគមន៍អង្កោលរូបនេះ បានបញ្ជាក់ថា៖«បើមួយគីឡូខាងសហគមន៍ឱ្យគាត់ ២ម៉ឺនរៀល ដើម្បីយកមកភ្ញាស់ប្រលែង គឺយើងអត់ឱ្យគាត់ខាតប្រយោជន៍ទេ ព្រោះពេលគាត់ទៅចាប់មកអស់ថ្លៃសាំងដែរ»។


 រូបភាព៖ អង្គការ Wild Earth Allies
 
បើតាមអនុប្រធានសហគមន៍អង្កោលរូបនេះ ក្ដាមពងនៅខាងក្រៅស្នូកពណ៌ខ្មៅ គឺមួយយប់អាចភ្ញាស់អស់ហើយ និងអាចយកទៅប្រលែងនៅតំបន់សុវត្ថិភាពបាន។ ប៉ុន្តែបើពងនៅពណ៌ក្រហម គឺត្រូវដាក់វាភ្ញាស់ ២ទៅ៣ថ្ងៃ ទើបអាចយកទៅប្រលែងក្នុងតំបន់សុវត្ថិភាព។ លោក អាន បានបន្ថែមថា ក្នុងមួយខែៗ សហគមន៍ បានទទួលមេក្ដាមពីប្រជានេសាទជាង ៣០០ក្បាល ដោយមេក្ដាមមួយ អាចផលិតកូនបានរាប់ម៉ឺនក្បាល។
 
សម្រាប់យុទ្ធនាការនេះ បានផ្ដល់អត្ថប្រយោជន៍ច្រើនដល់ប្រជានេសាទ ដើម្បីជួយឱ្យក្ដាមមាននិរន្តភាព និងកុំឱ្យបាត់បង់។ គម្រោងនេះ ពិតជាមានប្រយោជន៍ខ្លាំងណាស់ដល់ប្រជានេសាទ។ លោក អួង អាន បានបន្តថា៖«បើយើងមិនធ្វើបែបនេះ ក្ដាមអាចនឹងសាបសូន្យ មានន័យថា ក្ដាមយូរៗទៅ នេសាទបានកាន់តែតិចទៅៗ ហើយក្ដាមកាន់តែតូចទៅ តែបើយើងប្រលែងក្ដាមពងក្រៅអ៊ឹចឹង ក្ដាមនៅតែបន្តកើតកូនកើតចៅរហូត»។
 
យុទ្ធនាការសង្គ្រោះមេក្តាមដែលមានពងក្រៅស្នូក នៅដំណាក់កាលទី១ កាលពីខែកញ្ញា នៅឆ្នាំ២០២២ ទទួលបានជោគជ័យ ព្រោះមានការចូលរួមពីប្រជានេសាទច្រើន ដែលពួកគេបានស្ម័គ្រចិត្តផ្ដល់ក្ដាមមកឱ្យសហគមន៍។ បន្ទាប់មកសហគមន៍ ក៏ទទួលបានគម្រោងពីអង្គការ Aide et action និងនាយដ្ឋានជលផល ទើបផ្ដល់ថវិកាជូនប្រជានេសាទណា ដែលបានយកក្ដាមពងជូនសហគមន៍។ នេះបើតាមលោក អាន។ 
 
អនុប្រធានសហគមន៍អង្កោល រស់នៅឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែបរូបនេះ បានអំពាវនាវឱ្យប្រជានេសាទរួមគ្នា ជួយលែងមេក្ដាម ដែលមានពងទៅក្នុងសមុទ្រវិញ ដើម្បីបង្កើនធនធានក្ដាម កាន់តែច្រើននៅក្នុងសហគមន៍អង្កោល៕

Tag:
 (ជាតិ
  ក្ដាមពងក្រៅស្នូក
 សហគមន៍អង្កោល)
© រក្សាសិទ្ធិដោយ thmeythmey.com