ជាតិ
អ្នកនយោបាយ ប្រឹងរកនឹកពាក្យ និងសញ្ញាផ្សេងៗ មកប្រើ ដើម្បីឲ្យម្ចាស់ឆ្នោតងាយចាំលេខរៀងបក្សខ្លួន
04, Jul 2023 , 3:00 pm        
រូបភាព
ជួរខាងលើពីឆ្វេងទៅស្តាំ៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងលោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ។ ជួរខាងក្រោមពីឆ្វេងទៅស្តាំ៖ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ និងលោក ពេជ្រ ស្រស់ ប្រធានបក្សយុវជនកម្ពុជា។ រូបពីហ្វេសប៊ុកគណបក្ស និងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ពួកគាត់
ជួរខាងលើពីឆ្វេងទៅស្តាំ៖ លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងលោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ។ ជួរខាងក្រោមពីឆ្វេងទៅស្តាំ៖ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ និងលោក ពេជ្រ ស្រស់ ប្រធានបក្សយុវជនកម្ពុជា។ រូបពីហ្វេសប៊ុកគណបក្ស និងហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ពួកគាត់
ដោយ:
មន្រ្តី និងថ្នាក់ដឹកនាំគណបក្សនីមួយៗ​ បាននាំគ្នាបង្កើតពាក្យពេចន៍ រូបតំណាង និងសញ្ញាសម្គាល់ផ្សេងៗ ឲ្យស៊ីទៅនឹងលេខរៀងគណបក្សរបស់ខ្លួននៅលើសន្លឹកឆ្នោត។ អ្នកនយោបាយ ព្យាយាមស្វែងរកពាក្យពេចន៍ទាំងនោះ ក៏ព្រោះចង់ឲ្យប្រជាពលរដ្ឋងាយចងចាំលេខរៀងគណបក្សខ្លួន។


 
ទាំងនេះជាពាក្យពេចន៍ និងសញ្ញា ដែលអ្នកនយោបាយពីគណបក្ស៧ បានបង្កើតឡើង ដើម្បីប្រដូចទៅនឹងលេខរៀងគណបក្សខ្លួន៖
 លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បង្កើតពាក្យថា « ឆ្នាំអូន១៦»។
 
លោក លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមជាតិ បកស្រាយថា លេខ៤ តំណាងព្រហ្មវិហារធម៌ទាំង៤ តំណាងព្រហ្មមុខ៤ និងតំណាងពរទាំង៤ប្រការរបស់ព្រះពុទ្ធ។
 
លោក ម៉ម សូណង់ដូ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ តែងលើកចង្អុល១ ដែលជាសញ្ញាតំណាងលេខរៀងទី១។
 
លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានលើកម្រាមដៃ២ ដែលជាសញ្ញាតំណាងលេខរៀងទី២។
 
លោក មាស បូពៅ ប្រធានគណបក្សកសិករ ប្រើពាក្យចួនថា លេខ៦ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន និងប្រជាកសិករខ្មែរ។
 
លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ បង្ហោះលើបណ្តាញសង្គម នូវរូបថត ដែលថតនៅអង្គរវត្ត ដោយក្នុងរូបថតនោះ មានជាប់ចម្លាក់រូបអប្សរានៅនឹងអង្គរវត្ត៥អង្គ។ លោក សរសេរថា លោក រំភើបណាស់ ដែលថតជាប់អប្សារាទាំង៥អង្គ ស្របពេលដែលគណបក្សរបស់លោក មានលេខរៀងទី៥។ ជាមួយគ្នានេះ លោក ក៏បានបង្ហោះរូបផ្សេងទៀត ដែលលោក លើកម្រាមដៃ៥ផងដែរ។ 
 
សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា លេខ១៨ ជាលេខហុងស៊ុយ ដោយសម្ដេច បញ្ជាក់ថា បើបូកតាមសន្លឹកបៀ ៨បូក១ ស្មើ៩គ្រាប់ គឺជាលេខល្អ។ សម្តេច ថែមទាំងលើកឡើងទៀតថា លេខ១៨ ជាលេខដែលស្រួលរក ព្រោះនៅចុងគេលើសន្លឹកឆ្នោត។ 
 
សូមជម្រាបថា មានគណបក្ស១៨ ដែលបានចូលរួមប្រកួតក្នុងការបោះឆ្នោតជាតិ នៅថ្ងៃទី២៣ ខេកក្កដា ឆ្នាំ២០២៣។ លំដាប់លេខរៀងរបស់គណបក្សទាំង១៨ នៅលើសន្លឹកឆ្នោត គឺ៖
គណបក្សសំបុកឃ្មុំដើម្បីប្រជាធិបតេយ្យ នៅលេខរៀងទី១
គណបក្សខ្មែរតែមួយ នៅលេខរៀងទី២
គណបក្សសញ្ជាតិកម្ពុជា នៅលេខរៀងទី៣
គណបក្សខ្មែររួបរួមជាតិ នៅលេខរៀងទី៤
គណបក្សកម្លាំងប្រជាធិបតេយ្យ នៅលេខរៀងទី៥
គណបក្សកសិករ នៅលេខរៀងទី៦
គណបក្សស្ត្រីដើម្បីស្ត្រី នៅលេខរៀងទី៧
គណបក្សខ្មែរឈប់ក្រ នៅលេខរៀងទី៨
គណបក្សហ្វ៊ុនស៊ីនប៉ិច នៅលេខរៀងទី៩
គណបក្សធម្មាធិបតេយ្យ នៅលេខរៀងទី១០
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅលេខរៀងទី១១
គណបក្សបំណងពលរដ្ឋ នៅលេខរៀងទី១២
គណបក្សអភិវឌ្ឍន៍សេដ្ឋកិច្ច នៅលេខរៀងទី១៣
គណបក្សឯកភាពជាតិខ្មែរ នៅលេខរៀងទី១៤
គណបក្សខ្មែរអភិរក្ស នៅលេខរៀងទី១៥
គណបក្សយុវជនកម្ពុជា នៅលេខរៀងទី១៦
គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា នៅលេខរៀងទី១៧
គណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨
 
គណបក្សទាំង១៨ខាងលើ បានចាប់ផ្តើមធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅថ្ងៃទី១ ខែកក្កដា ដែលជាថ្ងៃដំបូង ហើយនឹងត្រូវបញ្ចប់នៅត្រឹមថ្ងៃទី២១ ខែកក្កដា ដែលថ្ងៃចុងក្រោយ៕ 
 

Tag:
 (ជាតិ
  លេខរៀងបក្ស)
© រក្សាសិទ្ធិដោយ thmeythmey.com