អន្តរជាតិ
លោកស្រី ស៊ូជី ស្នើសុំកាត់បន្ថយឆ្នាំជាប់ពន្ធនាគារក្នុងការបើកសវនាការតុលាការកំពូល
06, Jul 2023 , 9:59 am        
រូបភាព
 
 តុលាការកំពូលមីយ៉ាន់ម៉ា នាថ្ងៃទី៥ ខែកក្កដា បានបើកសវនាការជាលើកដំបូងនៅក្នុងបណ្តឹងប្រឆាំងការសម្រេចរបស់តុលាកាថ្នាក់ក្រោមពីសំណាក់លោកស្រី អ៊ុងសាន ស៊ូជី ។ លោកស្រី ស៊ូជី ព្យាយាម កាត់បន្ថយការជាប់ពន្ធនាគាររយៈពេល៣៣ឆ្នាំ។

 
លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសពីការញុះញង់ និងការក្លែងបន្លំការបោះឆ្នោត និង​រួម​ទាំង​អំពើពុករលួយចាប់តាំងពី​ក្រុមយោធាបានចាប់ខ្លួន​លោក​ស្រីអំឡុងរដ្ឋប្រហារខែកុម្ភៈ ឆ្នាំ​២០២១ ប្រឆាំងនឹងរដ្ឋាភិបាលជាប់ឆ្នោតរបស់លោក។ លោកស្រីកំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ​ក្នុង​ទីក្រុង​ណៃពិដោ។
 
របបយោធា​ក៏បាន​ដាក់​បញ្ជា​ឱ្យមេធាវី​របស់​លោកស្រី​ឈប់​និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​អង្គការ​បរទេស​អំពី​ករណី​នេះ ហើយមេធាវីរូបនោះ​មិន​អាច​ជួប​លោកស្រីបានឡើយចាប់តាំងពីថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ២០២២ មកម្ល៉េះ។​
 
ក្នុងការបើកសវនាការលើកដំបូងរបសតុលាការកំពូលលើបណ្ដឹងសារទុក្ខនាថ្ងៃទី៥​​ ខែកក្កដា តំណាង របស់លោកស្រី ស៊ូជី បានវែកញែកអំពីការផ្តន្ទាទោសលោកស្រីពីបទរំលោភច្បាប់សម្ងាត់រដ្ឋ និង​ការក្លែងបន្លំការបោះឆ្នោត ហើយបានស្នើឱ្យមានការកាត់បន្ថយឆ្នាំជាប់ទោសផងដែរ។ លោកស្រី ស៊ូជី មិនមានវត្តមាននៅទីនោះឡើយ។
 
តុលាការកំពូលមីយ៉ាន់ម៉ា​ត្រូវ​បាន​រំពឹង​ថា​នឹង​ចំណាយ​ពេល​ដល់​ទៅ​ពីរ​ខែ​ដើម្បី​ចេញ​សេចក្តី​សម្រេច​របស់​ខ្លួន។
ក្រោយរដ្ឋប្រហារឆ្នាំ២០២១ មីយ៉ាន់ម៉ាធ្លាក់ចូលទៅក្នុងភាពវឹកវរផ្នែកនយោបាយ និងសង្គមដោយ​របប​យោធារងការថ្កោលទោសជាសាកលចំពោះការបង្រ្កាបយ៉ាងហិង្សា។ តុលាការកំពូល​នឹងបើកសវនា​ការ​លើបណ្តឹងឧទ្ធរណ៍របស់លោកស្រីស៊ូជីជុំវុញការផ្តន្ទាទោសពីបទប្រើប្រាស់ថវិការដ្ឋ​មិន​ត្រឹម​ត្រូវ និង​ការ​រំលោភច្បាប់ពាណិជ្ជកម្ម និងទូរគមនាគមន៍ក្នុងរយៈពេលពីរសប្តាហ៍​ខាងមុខ៕

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com