ជាតិ
អាជ្ញាធរកម្ពុជា ចាប់បានទារស់ ៦ពាន់ក្បាលទៀត នាំចូលគ្មានច្បាប់ពីវៀតណាម
06, Jul 2023 , 12:29 pm        
រូបភាព
រូបភាព៖ លោក ហ៊ុន សារ៉ាត់
រូបភាព៖ លោក ហ៊ុន សារ៉ាត់
ភ្នំពេញ៖ ដើមខែកក្កដានេះ អាជ្ញាធរកម្ពុជាបង្រ្កាបបានសត្វទារស់២ករណី ក្នុងចំនួន៦ពាន់ក្បាល ដែលដឹកតាមឡានចេញពីប្រទេសវៀតណាម ចូលមកកម្ពុជាដោយគ្មានច្បាប់អនុញ្ញាត។

នាព្រឹកថ្ងៃទី ៦ កក្កដានេះ​ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វនិ ងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តព្រៃវែង ចុះឃាត់រថយន្តដឹកសត្វទារស់បានចំនួន២ករណី ដែលលួចនាំចូលពីវៀតណាមមកកម្ពុជាតាមច្រកខេត្តព្រៃវែង ដោយគ្មានច្បាប់។ នេះ​បើតាមការបញ្ជាក់រ​បស់លោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ  និងផលិតកម្មសត្វ។​
  


ករណីទី១ មន្រ្តីជំនាញឃាត់បានរថយន្តមួយគ្រឿងម៉ាក HYUNDAI ជាប្រភេទរថយន្តដឹកទំនិញចំណុះ ២តោនកន្លះ ដឹកសត្វទារស់ចំនួន ៣ពាន់ក្បាលចេញពីវៀតណាម ចូលមកកម្ពុជាតាមច្រកបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រែវែង។ រថយន្តនេះ ដឹកសត្វទាដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ និង​មាន​បំណង​ទៅលក់ចែកចាយនៅខេត្តបន្ទាយមានជ័យ។​
 
ដូចករណីទី១ដែរ អាជ្ញាធរបន្តចាប់បានរថយន្តមួយគ្រឿងទៀត ម៉ាក HYUNDAI ចំណុះ ២តោនកន្លះ ដឹកទារស់ចំនួន ៣ពាន់ក្បាលពីវៀតណាម ចូលមកកម្ពុជាតាមច្រករបៀង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយនៅខេត្តកណ្ដាល។ វត្ថុតាងនៃបទល្មើសទាំងនោះ ត្រូវបានយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
 
 
 

Tag:
 កសិកម្ម
  បទល្មើសចលនាសត្វ
  អគ្គនាយកដ្ឋានសុខភាពសត្វ
© រក្សាសិទ្ធិដោយ thmeythmey.com