អន្តរជាតិ
ហ្វីលីពីនចោទថា ឆ្មាំចិនបំពានកប៉ាល់ខ្លួនជាថ្មីនៅសមុទ្រចិនខាងត្បូង
06, Jul 2023 , 3:30 pm        
រូបភាព
កងឆ្មាំសមុទ្រហ្វីលីពីន បានចោទប្រកាន់ឆ្មាំឆ្នេរសមុទ្ររបស់ចិនពីការយាយី ការរារាំង និងបង្កគ្រោះថ្នាក់ដាក់នាវារបស់ខ្លួននៅសមុទ្រចិនខាងត្បូង ទីដែលកប៉ាល់ហ្វីលីពីន និងចិនតែងតែប៉ះទង្គិចគ្នាជាច្រើនដង។

អ្នកនាំពាក្យឆ្មាំឆ្នេរសមុទ្រហ្វីលីពីនលោក Jay Tarriela អះអាងថា នាវាឆ្មាំសមុទ្រហ្វីលីពីនត្រូវបាននាវាឆ្មាំឆ្នេរសមុទ្រចិនដែលមានទំហំធំជាង យាយី រារាំង និងបង្កគ្រោះថ្នាក់ ខណៈនាវាឆ្មាំសមុទ្រហ្វីលីពីនកំពុងជួយប្រតិបត្តិការកងទ័ពជើងទឹកកាលពីចុងខែមិថុនាកន្លងទៅ។ 
 
បើតាមលោក Jay Tarriela ការប៉ះទង្គិចនេះ បានកើតឡើងនៅជិតតំបន់ Second Thomas Shoal ដែលជាតំបន់ប៉ប្រះទឹកហ្វីលីពីនទាមទារនៅក្រោមអធិបតេយ្យភាពរបស់ខ្លួន តាមរយៈការឈរជើងកងទ័ពមួយចំនួនរបស់ខ្លួនលើនាវាអាម៉េរិកតាំងពីសម័យសង្គ្រាមលោកលើកទី ២។ អ្នកនាំពាក្យដដែលក៏បានបន្ថែមថា នាវារបស់ហ្វីលីពីនបានបន្ថយល្បឿនដើម្បីបញ្ជៀសការប៉ះទង្គិច។ 
 
ប៉ុន្តែលោក Jay Tarriela មិនបានបញ្ជាក់លម្អិតពីប្រតិបត្តិការ​កងទ័ព​ជើង​ទឹកនេះឡើយ។ កន្លងមក យោធាហ្វីលីពីន បានធ្វើបេសកកម្ម​ជើង​ទឹកក្នុងការផ្គត់ផ្គង់ជាទៀងទាត់សម្រាប់កងទ័ពនៅលើកប៉ាល់អាម៉េរិក Sierra Madre។ បេសកកម្មនេះតែងត្រូវបានចិនយាយី ដូចជាឧបទ្ទវហេតុកាលពីខែកុម្ភៈដែលចិនបានបាញ់ឡាស៊ែរកម្រិតធ្ងន់លើនាវារបស់ហ្វីលីពីនជាដើម។ 
 
បើតាមលោក Tarriela តំបន់ Second Thomas Shoal​ មានទីតាំងនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន ខណៈវត្តមានចិនក្នុងតំបន់នេះបានបង្កការការព្រួយបារម្ភកាន់តែខ្លាំងដល់ហ្វីលីពីនក្នុងដែនសមុទ្រចិនខាងត្បូង។ 
 
ចិនទាមទារអធិបតេយ្យភាពលើស្ទើរតែទាំងស្រុងនៃសមុទ្រចិនខាងត្បូង តាមរយៈផែនទីខ្សែបន្ទាត់ប្រាំបួន (nine-dash line) របស់ខ្លួនដែលរាប់បញ្ចូលទាំងតំបន់សេដ្ឋកិច្ចផ្តាច់មុខទាមទារដោយវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងឥណ្ឌូណេស៊ីផងដែរ៕
 

Tag:
 ហ្វីលីពីន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com