អន្តរជាតិ
លោក ស៊ី ជំរុញឱ្យយោធាធ្វើផែនការសង្គ្រាមនិងប្រយុទ្ធឱ្យស៊ីជម្រៅជាងមុនដើម្បីបង្កើនឱកាសឈ្នះ
07, Jul 2023 , 10:39 am        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង បានជំរុញឱ្យយោធាចិនធ្វើផែនការសង្គ្រាម និងប្រយុទ្ធស៊ីជម្រៅជាងមុន ដើម្បីបង្កើនជ័យជម្នះក្នុងការប្រយុទ្ធជាក់ស្ដែង។ លោក ស៊ី ក៏បន្តណែនាំកងទ័ពរំដោះប្រជាជន ឱ្យ​ការ​ពារ​អធិបតេយ្យភាព និងទឹកដីរបស់ចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន​ Xinhua។​



ថ្លែងទៅ​កាន់​កង​ទ័ព​ពេល​កំពុង​ធ្វើ​ដំណើរ​ពិនិត្យ​មើល​ទីបញ្ជាការ​យោធាភូមិភាគ​ខាង​កើត លោក ស៊ី ជិនភីង លើកឡើងថា ពិភពលោកបានឈានចូលក្នុងពេលមួយ នៃភាពចលាចល និងការផ្លាស់ប្តូរ ហើយសន្តិសុខរបស់ចិនកាន់តែមិនស្ថិតស្ថិរ និងមិនប្រកដប្រាជា។ ត្រង់នេះលោក ស៊ី ទំនង​ជា​សំដៅ​លើបញ្ហាកោះតៃវ៉ាន់។
 
បញ្ជាការយោធាភូមិភាគខាងកើត ដែលមានទីស្នាក់ការនៅខេត្តជាំងស៊ូទទួលខុសត្រូវ ចំពោះសន្តិសុខ​របស់ចិនភាគខាងកើត ដែលគ្របដណ្ដប់សមុទ្រចិនខាងកើត និងច្រកសមុទ្រតៃវ៉ាន់។ ទីបញ្ជាការនេះ ជាសមរភូមិមុខក្នុងករណីមានសង្រ្គាមជាមួយតៃវ៉ាន់។ «យើងត្រូវបន្តគិតគូរ និងដោះស្រាយបញ្ហាយោធាតាមទស្សនៈនយោបាយ ហ៊ានប្រយុទ្ធ ពូកែប្រយុទ្ធ និងតាំងចិត្តការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍ ជាតិរបស់យើង»។ លោក ស៊ី សង្កត់ធ្ងន់បែបនេះ។
 
ការអំពាវនាវរបស់ លោក ស៊ី ឱ្យបង្កើនការត្រៀមខ្លួនប្រយុទ្ធ បានធ្វើឡើងខណៈដែលរដ្ឋមន្ត្រី​រតនាគារ​អាម៉េរិក លោកស្រី Janet Yellen បានទៅដល់ទីក្រុងប៉េកាំង ក្នុងគោលបំណង​បន្ធូរ​បន្ថយ​ភាពតានតឹង​ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។ យោងតាមមន្ត្រីអាម៉េរិកម្នាក់ លោកស្រី Yellen លើកឡើងពីការអនុវត្តអយុត្តិធម៌ ដោយចិនមានវិធានការដាក់ទណ្ឌកម្មថ្មីៗ ប្រឆាំងនឹងក្រុមហ៊ុនអាម៉េរិក និង​ឧបសគ្គក្នុងការចូលទៅកាន់ទីផ្សារចិន។
 
កាលពីខែកុម្ភៈ លោក ស៊ី ក៏បានត្រួតពិនិត្យបញ្ជាការភូមិភាគខាងត្បូង នៅខេត្តគ័ងតុង ដែលការ​ទទួល​ខុសត្រូវសមុទ្រចិនខាងត្បូង។ លោកបានសង្កត់ធ្ងន់ដូចគ្នា អំពី​តម្រូវការក្នុង​ការ​ពង្រឹង​ការ​ហ្វឹកហ្វឺន និងការរៀបចំយោធាឱ្យស៊ីជម្រៅ៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com