ជាតិ
អភិបាលខេត្តកំពង់ស្ពឺ ណែនាំពលរដ្ឋតាមដានអាកាសធាតុ ដើម្បីត្រៀមទប់ទល់ទឹកជំនន់
07, Jul 2023 , 4:59 pm        
រូបភាព
លោក វ៉ី សំណាង ចុះពិនិត្យមើលស្ថានភាពទឹកកំពុងជន់លិចស្រែ និងដាច់ផ្លូវតាមប្រឡាយទឹក ស្ថិតនៅឃុំរលាំងគ្រើល និងឃុំធម្មតាអ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៣។ រូបភាព៖ ហ្វេសប៊ុករបស់លោក វ៉ី សំណាង
លោក វ៉ី សំណាង ចុះពិនិត្យមើលស្ថានភាពទឹកកំពុងជន់លិចស្រែ និងដាច់ផ្លូវតាមប្រឡាយទឹក ស្ថិតនៅឃុំរលាំងគ្រើល និងឃុំធម្មតាអ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២៣។ រូបភាព៖ ហ្វេសប៊ុករបស់លោក វ៉ី សំណាង
ភ្នំពេញ៖ ប៉ុន្មានសប្ដាហ៍មកនេះ កម្ពុជារងឥទ្ធិពលទឹកភ្លៀងខ្លាំង ជាពិសេសភូមិសាស្រ្តក្រុងភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ការណ៍នេះបានធ្វើឱ្យជន់លិចតំបន់មួយចំនួន ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ផ្ទះសំបែង និងផលដំណាំប្រជាពលរដ្ឋ។ បើតាមការព្យាករ​របស់​ក្រសួង​ធនធានទឹក ករណីភ្លៀងធ្លាក់ច្រើនបែបនេះ បណ្ដាលមកពីឥទ្ធិពលជ្រលងសម្ពាធទាប គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ។

ជុំវិញបញ្ហានេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានណែនាំដល់ពលរដ្ឋ ជាពិសេសកសិករទូទាំងខេត្តឱ្យតាមដានការប្រែប្រួលអាកាសធាតុជាប្រចាំ ដើម្បីត្រៀមទប់ទល់គ្រោះទឹកជំនន់ និងបញ្ហារាំងស្ងួត ដែលមិនមានភាពទៀងទាត់។
 
លោក ប្រាប់សារព័ត៌មាន Thmey Thmey 25 នៅថ្ងៃទី៧ កក្កដានេះថា បច្ចុប្បន្នកម្ពុជាមានភ្លៀងធ្លាក់ច្រើន ជាពិសេសក្នុងភូមិសាស្រ្តភ្នំពេញ និងកំពង់ស្ពឺ។ ការណ៍នេះ បានបណ្ដាលឱ្យមា​នទឹកជន់លិចផ្ទះសំបែង និងស្រែចម្ការមួយចំនួនរបស់ពលរដ្ឋ។ អភិបាលខេត្ត​កំពង់ស្ពឺ បន្តថា មូលហេតុដែលនាំឱ្យកើតទឹកជំនន់ដោយសារតែការរីកចម្រើននៃទីក្រុង ក៏ដូចជាការចាក់សាប ដែលធ្វើឱ្យទឹកមិនសូវជ្រាបបានលឿន។
 
ស្ថានភាពបែបនេះ ប្រសិនបើគ្មានការតាមដានការប្រែប្រួលអាកាសធាតុ ឬជំនន់ទឹកភ្លៀងនោះទេ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋ និងផលដំណាំរបស់កសិករ ព្រោះថាភ្លៀងមិនទៀងទាត់ ជួនមានច្រើន ឬតិច។
 
លោក វ៉ី សំណាង បានអំពាវនាវឱ្យពលរដ្ឋ​ប្រញាប់រាយការណ៍មកកាន់អាជ្ញាធរដែលនៅជិតបំផុត ក្នុងករណីជន់លិចដំណាំ ឬលំនៅដ្ឋាន។ លោក មិនលើកទឹកចិត្តឱ្យមានការបង្ហោះតាមហ្វេសប៊ុកនោះទេ ព្រោះវាអាចបង្កភាពយឺតដល់ការជួយសង្រ្គោះ។
 
ដោយឡែក ជាការត្រៀមទុកសម្រាប់រដូវវស្សានេះ អាជ្ញាធរខេត្តកំពង់ស្ពឺ បានត្រៀមកម្លាំង និងកំណត់ទីទួលសុវត្ថិភាព ដើម្បីជម្លៀសពលរដ្ឋ និងជួយសង្រ្គោះស្រូវ ឬដំណាំផ្សេងៗ ក្នុងករណីមានការជន់លិចកើតឡើងនៅពេលណាមួយ។
 
«យើងបានដឹងគ្រប់គ្នាហើយ មុនថ្ងៃលិចនៅភ្នំពេញ ឃើញមានលិចនៅជប៉ុនដែរ ដោយជម្លៀសមនុស្សអស់៥ទៅ៦ម៉ឺននាក់។ ដោយសារការរីកចម្រើននៃទីក្រុង ដូចជាការចាក់សាបអីហ្នឹង វាជាបញ្ហាធ្វើឱ្យទឹកជ្រាបអត់មានលឿន។ ហើយនៅកំពង់ស្ពឺខ្ញុំ មានផ្ទៃរងទឹកភ្លៀងធំ វាក៏អាចមានការជន់លិចដូចភ្នំពេញដែរ ប្រសិនបើយើងមិនបានតាមដានការប្រែប្រួលអាកាសធាតុ ឬជំនន់ទឹកភ្លៀង វាអាចធ្វើឱ្យបងប្អូនមានបញ្ហា​ប្រឈម»។ នេះជាការ​លើក​ឡើង​របស់លោក វ៉ី សំណាង។
 
ខេត្តកំពង់ស្ពឺ មានផែនការដាំដំណាំស្រូវវស្សាមានចំនួន ១១៧.៦៥៧ហិកតា។ គិតមកទល់ពេលនេះ ការដាំដុះត្រូវបានអនុវត្ត៣៥ភាគរយហើយ ។ ដោយឡែកដំណាំរួមផ្សំធ្វើបាន៦៧៥ហិកតា៕ 
 
 

Tag:
 កសិកម្ម
  ​វ៉ី សំ​ណា​ង
  អាកាសធាតុ
  គ្រោះរាំងស្ងួត
  ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com