អន្តរជាតិ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅប៉េកាំង រដ្ឋមន្រ្តីរតនាគារអាម៉េរិករិះគន់ការគាបសង្កត់លើក្រុមហ៊ុនអាម៉េរិក និងស្នើឱ្យកែទម្រង់​ទីផ្សារ
08, Jul 2023 , 8:29 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិកលោកស្រី Janet Yellen នាថ្ងៃទី៧ ខែកក្កដា បានអំពាវនាវឱ្យមានកំណែទម្រង់ទីផ្សារនៅចិន ខណៈបានរិះគន់ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់​ពិភពលោក​ចំពោះសកម្មភាពដ៏តឹងតែងនាពេលថ្មីៗនេះប្រឆាំងនឹងក្រុមហ៊ុនអាម៉េរិក។

លោកស្រី Janet Yellen បានទៅដល់ទីក្រុងប៉េកាំងនាថ្ងៃទី៦ ខែកក្កដាក្នុងដំណើរទស្សនកិច្ចដែលមានគោលដៅជួសជុលទំនាក់ទំនងប្រេះស្រាំរវាងអាម៉េរិក និងចិន។ ប៉ុន្តែទៅដល់ចិនបានមិនប៉ុន្មាន លោកស្រី Yellen ក៏រិះគន់ចិនចំពោះការរឹតបន្តឹងក្រុមហ៊ុនអាម៉េរិកទៅវិញក្នុងអ្វីដែលលោកស្រីហៅថា ការអនុវត្តសេដ្ឋកិច្ចមិនយុត្តិធម៌។
 
«យើងស្វែងរកការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចដែលមានសុខភាពល្អដែលមិនមែនជាអ្នកឈ្នះទទួលយកទាំងអស់នោះទេ ប៉ុន្តែជាមួយនឹងសំណុំច្បាប់ត្រឹមត្រូវ អាចផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ ក្នុងរយៈពេលមួយ»។ លោកស្រី Yellen ប្រាប់នាយករដ្ឋមន្ត្រីចិន លី ឈាំង នៅក្នុងជំនួបថ្ងៃទី៧ ខែកក្កដា។ លោកស្រីបញ្ជាក់ថា​ ភាគីទាំងពីរបានពិភាក្សាគ្នាយ៉ាងស្មោះត្រង់ និងប្រកបដោយការស្ថាបនា។
 
លោកស្រី Yellen សង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោកស្រីនឹងជំរុញឱ្យមានការប្រាស្រ័យទាក់​ទង​គ្នាជាទៀងទាត់រវាងគូប្រជែងទាំងពីរ។ លោកស្រីបញ្ជាក់ថា សកម្មភាពគោលដៅណាមួយរបស់​វ៉ាស៊ីនតោនដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន មិនគួរធ្វើឱ្យខូចទំនាក់ទំនងកាន់តែធំនោះទេ។
 
ក្នុងសេចក្តីថ្លែងការណ៍ដោយឡែក លោក លី ក៏អំពាវនាវឱ្យមានការពង្រឹងទំនាក់ទំនង ការ​ឯក​ភាព​គ្នា​លើបញ្ហាសេដ្ឋកិច្ច និងការផ្លាស់ប្តូរស៊ីជម្រៅ និងជាក់ស្តែងដោយស្មោះត្រង់​ដើម្បី​បញ្ចូលស្ថិរភាព និង​ថាមពលវិជ្ជមានទៅក្នុងទំនាក់ទំនងសេដ្ឋកិច្ចចិន-អាម៉េរិក ។ សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា​ ចិន​សង្ឃឹមអាម៉េរិកនឹងប្រកាន់អាកប្បកិរិយាសមហេតុសមផល និងជាក់ស្តែង និងជំរុញទំនាក់ទំនងចិន-អាម៉េរិកត្រលប់ទៅរកភាពប្រសើរក្នុងពេលឆាប់ៗនេះ។
 
យ៉ាងណាមិញ ភាគីទាំងពីរមិនបាននិយាយអំពីការត្រួតពិនិត្យការនាំចេញសារធាតុរ៉ែដែលទាក់ទងនឹង បន្ទះឈីបនាពេលថ្មីៗនេះទេ។ លោកស្រី Yellen ត្រូវជួបជាមួយឧបនាយករដ្ឋមន្ត្រី ហឺ លីហ្វឹង នៅថ្ងៃទី ៨ ខែកក្កដាផងដែរ៕
 
.
 

© រក្សាសិទ្ធិដោយ thmeythmey.com