ជាតិ
ការរកឃើញស្ថានីយស្លដែកក្នុងតំបន់អង្គរ ភស្ដុតាងសំខាន់បញ្ជាក់ពីភាពរុងរឿងនៅសម័យនោះ
10, Jul 2023 , 7:59 am        
រូបភាព
 អ្នកស្រាវជ្រាវអន្ដរជាតិកំពុងប្រើម៉ាស៊ីនស្កេនលើដីនៅភូមិស្រែចង្ហូត ស្វែងរកទីតាំងឡស្លដែកបុរាណ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
អ្នកស្រាវជ្រាវអន្ដរជាតិកំពុងប្រើម៉ាស៊ីនស្កេនលើដីនៅភូមិស្រែចង្ហូត ស្វែងរកទីតាំងឡស្លដែកបុរាណ។ រូបភាពពីអាជ្ញាធរជាតិអប្សរា
សៀមរាប៖ ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានសហការជាមួយសាកលវិទ្យាល័យពីសហរដ្ឋអាមេរិក និងអូស្រ្ដាលី ប្រើប្រាស់ម៉ាស៊ីនស្ទង់ឫស្កេនលើដី ដែលជាម៉ាស៊ីន Lidar ដើម្បីរកទីតាំងឡស្លដែក ដែលអ្នកស្រាវជ្រាវជឿជាក់ថាមាននៅតំបន់អង្គរ។ ស្ថិតនៅតំបន់ក្បែរភ្នំបូក ស្ថានីយនេះជាភស្ដុតាង​កាន់តែរឹងមាំ​ដែលបញ្ជាក់ពីភាពរុងរឿង និងថ្កុំថ្កើងនាសម័យអង្គរ។

គម្រោងស្រាវជ្រាវជាលក្ខណៈអន្ដរជាតិមួយ កំពុងបន្តស្វែងរកទីតាំងពិតប្រាកដនៃឡស្លដែក ស្ថិតនៅភូមិ ស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ ទីតាំងដែលកំពុងស្រាវជ្រាវនេះ ជាដីទួលមួយដែលអ្នកភូមិឱ្យ ឈ្មោះថា គោកអាចម៍ដែក ឬគោកដើមត្នោត។ អ្នកភូមិតែងប្រទះឃើញអាចម៍ដែកជាច្រើននៅទីតាំងនោះ មានតាមវាលស្រែ និងបានយកទៅប្រើប្រាស់សម្រាប់ព្យាបាលជំងឺអកលឿងផង។
 
លោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា មានភស្ដុតាងស្ទើរតែជាក់លាក់ ដែលបញ្ជាក់ថា ជាឡស្លដែក។ លោកពន្យល់ថា៖« ទីនេះជាស្ថានីយថ្មី ដែល​អ្នកស្រាវជ្រាវ​ទើបប្រទះឃើញ មានភស្ដុតាងអាចជិត១០០ភាគរយ ដែលថាជាកន្លែងឡស្លដែក។ ភស្ដុតាងបុរាណវិទ្យា​ដែលឃើញមាន​អាចម៍ដែក បំណែកដីដុតជើងក្រានស្លដែក»។
 

សកម្មភាពស្កេនរកឡស្លដែកនៅភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ រូបភាពពីអាជ្ញាធរជាតិអប្សរា

គោកអាចម៍ដែក ជាទីទួលគ្មានមនុស្សរស់នៅ និងជាទីតាំងឡស្លដែកទី៣ដែលអ្នកស្រាវជ្រាវរកឃើញ នៅក្នុងតំបន់អង្គរ ក្នុងនោះមានទី១ស្ថានីយនៅក្បែរសាលាក្រវ៉ាន់ (ខាងជើងភ្នំបូក) ស្ថិតក្នុងភូមិរំចេក ទី២ស្ថានីយនៅគោកអាចម៍ដែកក្បែរភ្នំបូក ស្ថិតនៅភូមិស្រែចង្ហូត និងទី៣ស្ថានីយ ត្រពាំងឫស្សី ស្ថិតនៅខាងត្បូងភ្នំបូក តាមបណ្ដោយផ្លូវជាតិលេខ ៦៧។ ទីតាំងទាំងនោះ ស្ថិតនៅស្រុកបន្ទាយស្រី។​នេះជាការលើកឡើងរបស់លោក អ៊ឹម សុខរិទ្ធី។ 
 
អ្នកស្រាវជ្រាវរូបនេះបន្ថែមថា កន្លងមក គេប្រទះឃើញឡស្លដែកនៅភាគខាងកើត ដែលឆ្ងាយពីតំបន់អង្គរ ដូចជានៅស្ថានីយស្លដែកភ្នំដែក ខេត្តព្រះវិហារ ស្ថានីយស្លដែកនៅតំបន់ខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ស្ថានីយភូមិគោលនៅស្រុកអង្គរជុំ ខេត្តសៀមរាបជាដើម។ 
 
ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី ពន្យល់ទៀតថា ការរកឃើញឡស្លដែកនៅតំបន់អង្គរមានសារសំខាន់ណាស់ ដែលបង្ហាញពីភាពរុងរឿង ភាពរីកចម្រើនលើឧស្សាហកម្មលោហៈធាតុនាសម័យនោះ។ រាជធានីអង្គរមានប្រជាជនរស់នៅ​ជិត១លាន​នាក់ មានផ្ទៃក្រឡាប្រហែល៣ពាន់គីឡូម៉ែត្រក្រឡា មានហេដ្ឋារចនាសម្ពន្ធខ្វាត់ខ្វែង មានប្រាសាទ ប្រព័ន្ធធារាសាស្រ្តច្រើន ដូច្នេះលោហៈធាតុ ឬដែក ពិតជាមានតម្រូវការច្រើនសម្រាប់ប្រើប្រាស់។ 
 


សកម្មភាពស្កេនរកឡស្លដែកនៅភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី។ រូបភាពពីអាជ្ញាធរជាតិអប្សរា

លោក សុខរិទ្ធី ពន្យល់បន្ថែមថា៖« យើងយកដែកមកប្រើប្រាស់ប្រចាំថ្ងៃ កសាង ក៏វាជារឿង​សំខាន់​ដើម្បីឱ្យយល់ពីការរស់នៅ ការប្រើប្រាស់នៃលោហៈដែកសម័យបុរាណ។ ជាទិន្នន័យសំខាន់ ដើម្បីផ្តល់​ជាព័ត៌មាន ភស្ដុតាងឱ្យពិចារណាដឹងអំពីការស់នៅ ការប្រើប្រាស់ផ្គត់ផ្គង់ប្រចាំថ្ងៃរបស់មនុស្ស​សម័យអង្គរ ដែលសម្ភារធ្វើពីលោកហៈមិនអាចខ្វះបាន យកប្រើក្នុងគ្រួសារ ធ្វើប្រាសាទ កសិកម្ម លើកផ្លូវស្រែចម្ការ អាវុធ»។
 
តាមការយល់ឃើញរបស់លោក សុខរិទ្ធី ឧស្សាហកម្មដែក មានសារសំខាន់ធំ និងជាកត្តាមួយ ក្នុងចំណោមកត្តាជាច្រើនទៀត ជួយជំរុញឱ្យអារ្យធម៌សម័យអង្គរមានភាពថ្កុំថ្កើង។
 
ដោយសារមើលឃើញពីសារសំខាន់នៃស្លាកស្នាមឡស្លដែក និងចង់បញ្ជាក់ពីទីតាំងពិតប្រាកដ ដើម្បីងាយស្រួលសិក្សាបន្ត ទើបនៅចុងខែ មិថុនា អាជ្ញាធរជាតិអប្សរា បានសហការជាមួយ​សាកលវិទ្យាល័យហាវៃ សហរដ្ឋអាមេរិក និងសាកលវិទ្យាល័យ Flinders ប្រទេសអូស្រ្ដាលី ប្រើប្រាស់ម៉ាស៊ីនស្កេនដែលមានឈ្មោះថា Magnetometer ដើម្បីរកសញ្ញាណ ឡស្លដែកនៅ​គោកអាចម៍ដែក។ 
 
បណ្ឌិត Jarrad komlessar អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ Flindera ប្រទេសអូស្រា្ដលី បានឱ្យដឹងថា ម៉ាស៊ីនខាងលើជាប្រភេទ Lidar លើដី ដែលកន្លងមកធ្លាប់ឃើញម៉ាស៊ីនដូចគ្នានេះ បើហោះពីលើ​អាកាស​ប៉ុណ្ណោះ។ ការប្រើម៉ាស៊ីននេះ ដើម្បីស្កេនរករចនាសម្ពន្ធ ឬកន្លែងបុរាណដ្ឋាននានា មុននឹងធ្វើកំណាយ ដើម្បីបានដឹងទីតាំងជាក់លាក់ ជៀសវាងខុសគោលដៅ ឬខុសបំណងដែលចង់បានពីកំណាយស្រាវជ្រាវ​ទាំងនោះ។ 
 
អ្នកស្រាវជ្រាវបរទេសរូបនេះបញ្ជាក់ទៀតថា ការប្រើម៉ាស៊ីននេះជាដំណាក់កាលដំបូង ដើម្បីស្វែងរក​ទីតាំងឡ ហើយដំណាក់កាលបន្ទាប់ គឺការធ្វើកំណាយដើម្បីបញ្ជាក់បន្ថែម។ បច្ចុប្បន្ន ក្រុមអ្នកស្រាវជ្រាវ កំពុងស្វិតស្វាញប្រើឧបករណ៍ទំនើបនេះដើម្បីស្វែងរកទីតាំងពិតប្រាកដនៃឡ និងដើម្បីឈានរកការ ធ្វើកំណាយក្នុងដីបន្ថែម។
  
លោក អ៊ឹម សុខរិទ្ធី បញ្ជាក់ថា ទីតាំងគោកអាចម៍ដែកនេះ មិនមែនជាទីតាំងឧស្សាហកម្មលោហៈធំទេ តែអាចជារោងជាងសម្រាប់បម្រើដល់សហគមន៍ក្នុងតំបន់ភ្នំបូក និងតំបន់ជុំវិញប៉ុណ្ណោះ។ ហើយការ ប្រើឧបករណ៍ទំនើបស្រាវជ្រាវនេះ នឹងធ្វើឱ្យការស្រាវជ្រាវចំណេញពេលច្រើន ដោយមិនចាំបាច់ស្មាន ដូចពេលមុន។ លោក សុខរិទ្ធី ពន្យល់ថា៖« វាមានទិន្នន័យពីរលកសញ្ញាអាចរត់ក្នុងដី និងត្រឡប់មកវិញ កាលណាប៉ះរបស់រឹងដែលមានកម្ដៅ ដីដែលគេដុតមានកម្ដៅ រលកសញ្ញាម៉ាស៊ីនរត់កាត់របស់ទាំងនោះ អាចឱ្យសញ្ញាមកថាកន្លែងនេះមានរបស់នេះនោះបាន។ ដូច្នេះតាមរលកសញ្ញាអាចអោយដឹងអំពីសំណល់ នៃបំណែកជើងក្រានឬតួជើងក្រាន ដែលកប់ក្នុងដី ហើយវាផ្តល់នូវអាទិភាពព័ត៌មានពិតប្រាកដមួយ ឱ្យអ្នកធ្វើកំណាយស្រាវជ្រាវសិក្សានៅកន្លែងហ្នឹងមានភាពសុក្រិត ដោយមិនបាច់ស្មាន»។
 
បើមានស្ថានីយស្លដែក តើតំបន់ខេត្តសៀមរាបពិតជាមានរ៉ែដែកដែរ​ឬទេ? នេះជាសំណួរអ្នកសារព័ត៌មាន​សួរទៅកាន់ លោក សុខរិទ្ធី។ អ្នកស្រាវជ្រាវរូបនេះឆ្លើយថា ការសិក្សាកន្លងមក ពុំមានទេ។ រ៉ែដែកដែលគេយកប្រើប្រាស់ក្នុងរាជធានីអង្គរ អាចយកមកពីខេត្តជុំវិញ មានខេត្តព្រះវិហារ និងខេត្ត​ឧត្តរមានជ័យ។ 
 
ចំពោះអ្នកស្រាវជ្រាវ ការរកឃើញស្ថានីយស្លដែកថ្មីនេះ ប្រៀបបានរង្វាន់ធំ។ រង្វាន់ធំ ព្រោះវា ជាតឹកតាង បន្ថែម ដើម្បីបញ្ចូលក្នុងការសិក្សាប្រវត្តិសាស្រ្ត និងអារ្យធម៌អង្គរ។ «ការរកឃើញនេះ បានផ្តល់ទិន្នន័យ​បន្ថែមទៅក្នុង​ប្រវត្តិសាស្តអង្គរទាក់ទងនឹងឧស្សាហកម្មដែកដែលយើងមានដំណឹង ព័ត៌មាន ខ្លះៗ​តែមិនទាន់​ច្រើន ដូចផ្នែកស្ថាបត្យកម្ម សាសនា។ នេះជាការរកឃើញថ្មី សម្រាប់បន្ថែមលើការយល់ដឹង​ពីអង្គរ ក្នុងក្របខណ្ឌ​ឧស្សាហកម្ម»។ នេះជាការលើកឡើងរបស់លោក សុខរិទ្ធី។
 
មិនត្រឹមជាកន្លែងស្រាវជ្រាវលើឧស្សាហកម្មលោហៈដែកប៉ុណ្ណោះទេ អ្នកស្រាវជ្រាវរំពឹងថា គោកអាចម៍ដែក​ នៅក្បែរភ្នំបូកនេះ នឹងក្លាយជាគោលដៅ ទសចរណ៍ថ្មីមួយទៀតសម្រាប់ទេសចរ នាពេលអនាគត។ ទេសចរអាចស្វែងយល់ពីទំនៀមទម្លាប់ការរស់នៅ ពិសេសឡស្លដែកបុរាណ ដែលនៅមានស្លាកស្នាមច្រើន ដែលបន្សល់ទុកតាំងពីបុរាណមក៕
 
 
 
 
 

Tag:
 ស្ថានីយស្លដែក
  តំបន់អង្គរ
  អ៊ឹម សុខរិទ្ធី
© រក្សាសិទ្ធិដោយ thmeythmey.com