អន្តរជាតិ
មុនលក់អាវុធទៅប្រទេសដទៃ អាម៉េរិកឆ្លងកាត់នីតិវិធីអ្វីខ្លះ?
10, Jul 2023 , 9:49 am        
រូបភាព
ដោយ៖ ងួនសៅ ពុទ្ធិឫទ្ធិ
អាម៉េរិក ជាប្រទេសនាំចេញអាវុធធំមួយលើពិភពលោក។ ការសម្រេចចិត្តឈានដល់ការនាំចេញនេះ មិនមែនជារឿងងាយស្រួលឡើយ។ មុនលក់អាវុធទៅបរទេស អាម៉េរិកមាននីតិវិធីអ្វីខ្លះ? ឆ្លងកាត់ស្ថាប័នណាខ្លះ?

យោងទៅតាមក្រសួងការបរទេសអាមេរិក ការលក់អាវុធបរទេសរបស់ប្រទេសមហាអំណាចមួយនេះមាន២ប្រភេទគឺការលក់យោធាបរទេស (Foreign Military Sales) និងការលក់ពាណិជ្ជកម្មផ្ទាល់ (Direct Commercial Sales)។ 
 
ចំពោះការលក់យោធាបរទេស ជាការនាំចេញឧបករណ៍ការពារជាតិទៅឱ្យសម្ព័ន្ធមិត្តបរទេស និងដៃគូ ដែលតម្រូវឱ្យសម្ព័ន្ធមិត្តបរទេស ឬដៃគូនោះទាក់ទងទិញតាមរយៈមន្រ្តីក្រសួងការពារជាតិនៃស្ថានទូតអាមេរិកដែលស្ថិតក្នុងប្រទេសរបស់ខ្លួន។ 
 
របៀបនៃការទិញគឺតម្រូវឱ្យដៃគូនោះដាក់លិខិតស្នើសុំផ្លូវការ (Letter of Request) ដែលរួមបញ្ចូលសមត្ថភាពយោធាដែលចង់បាន និងការប៉ាន់ប្រមាណថ្លៃចំណាយ រួចត្រូវរង់ចាំការយល់ព្រមពីរដ្ឋាភិបាលអាមេរិកតាមរយៈក្រសួងការបរទេស បន្ទាប់ពីពិនិត្យ និងបញ្ជូនដំណឹងអំពីលិខិតស្នើសុំផ្លូវការឱ្យសភាអាមេរិករួច។ 
 
បន្ទាប់ពីលិខិតត្រូវបានអនុម័ត ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (Defense Security Cooperation Agency) នៃក្រសួងការពារជាតិចេញលិខិតផ្តល់ជូននិងការទទួលយក (Letter of Offer and Acceptance) ដែលបញ្ជាក់ពីឧបករណ៍ ការបណ្ដុះបណ្ដាល និងការគាំទ្រដែលត្រូវបានផ្តល់ជូនដល់អ្នកទិញ។ 
 
គិតត្រឹមពាក់កណ្ដាលឆ្នាំ២០២២ ប្រទេសទាំង៥ដែលបានទទួលការផ្ដល់ជូនពីការលក់យោធាបរទេស(FMS)ច្រើនជាងគេរួមមានឥណ្ឌូណេស៊ី ប៉ូឡូញ អេហ្ស៊ីប ហ្ស៊កដានី និងប៊ុលហ្គារី។ ដោយក្នុងនោះ ឥណ្ឌូណេស៊ីឈរលេខរៀងទី១ដែលបានទិញអស់ចំនួន១៣,៩ ពាន់លានដុល្លារ។
 
ចំណែកឯការលក់ពាណិជ្ជកម្មផ្ទាល់ ជាការនាំចេញបែបចរចាជាលក្ខណៈឯកជនរវាងរដ្ឋាភិបាល ឬក្រុមហ៊ុនបរទេស ជាមួយនឹងក្រុមហ៊ុនឬបុគ្គលណាមួយរបស់អាមេរិកដែលពាក់ព័ន្ធនឹងឧបករណ៏ការពារជាតិ។
 
ក្រោមបទប្បញ្ញត្តិស្តីពីចរាចរណ៍អាវុធអន្តរជាតិ (International Traffic in Arms Regulations) ក្រុមហ៊ុន ឬបុគ្គលណាមួយរបស់អាមេរិកពាក់ព័ន្ធនឹងឧបករណ៏ការពារជាតិដែលបានកំណត់នៅក្នុងបញ្ជីអាវុធរបស់សហរដ្ឋអាមេរិក (The US Munitions Lists) តម្រូវឱ្យចុះឈ្មោះជាមួយទីចាត់ការគ្រប់គ្រងពាណិជ្ជកម្មការពារជាតិ (Directorate of Defense Trade Controls) នៃការិយាល័យនយោបាយ-កិច្ចការយោធា (the Bureau of Political-Military Affairs) ដើម្បីទទួលបានអាជ្ញាប័ណ្ណ ឬការយល់ព្រមផ្សេងៗទៀតមុន នឹងនាំចេញនូវឧបករណ៏ឬសេវាកម្មការពារជាតិទៅកាន់រដ្ឋាភិបាល ឬក្រុមហ៊ុនបរទេស។ 
 
ជាមួយគ្នានេះដែរ មុននឹងទទួលបានអាជ្ញាប័ណ្ណនាំចេញ ការត្រួតពិនិត្យពីរដ្ឋាភិបាលអាមេរិក និងការបញ្ជូនដំណឹងទៅសភាអាមេរិក ក៏ជាការតម្រូវដែរ។ អាជ្ញាប័ណ្ណមួយនេះមានសុពលភាពរហូតដល់៤ឆ្នាំ ហើយអាចបន្ត ឬកែប្រែតាមតម្រូវការ។ 
 
នៅក្នុងឆ្នាំ២០២១ ក្រុមហ៊ុនដែលធ្វើកិច្ចសន្យាក្នុងការផ្ដល់ឧបករណ៏ការពារជាតិទៅកាន់រដ្ឋាភិបាល ឬក្រុមហ៊ុនបរទេសរបស់អាមេរិកធំៗទាំង៣ រួមមាន Lockheed Martin, Boeing និង Raytheon Technologies។ 
 
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលអាមេរិកបានគ្រប់គ្រងប្រមាណ ៥៥ ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់ការលក់នៅក្នុងយោធាបរទេស ហើយនាយកដ្ឋានគ្រប់គ្រងពាណិជ្ជកម្មការពារជាតិនៃការិយាល័យនយោបាយ-កិច្ចការយោធារបស់អាមេរិកបានផ្តល់ការអនុម័តបទប្បញ្ញត្តិប្រមាណ ១១៥ ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់ការលក់ពាណិជ្ជកម្មផ្ទាល់។ 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 
 

Tag:
 អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com