កីឡាជាតិ
ជាតិ
កីឡាការិនី ស្រួង ភាវី ឈ្នះពាន PBA-LPBA Championship នៅកូរ៉េខាងត្បូង
10, Jul 2023 , 4:40 pm        
រូបភាព
កីឡាការិនី ស្រួង ភាវី លើកពានរង្វាន់ រូបពីហ្វេសប៊ុក ស្រួង ភាវី
កីឡាការិនី ស្រួង ភាវី លើកពានរង្វាន់ រូបពីហ្វេសប៊ុក ស្រួង ភាវី
កីឡាការិនី ស្រួង ភាវី ឈ្នះជើងឯកកីឡាប៊ីយ៉ាការ៉ុមកម្មវិធី SILKROAD&ANSAN PBA-LPBA Championship ក្រោយឈ្នះកីឡាការិនីកូរ៉េខាងត្បូង Hyun-ji YONG នៅវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី៩ ខែកក្កដា នៅទីក្រុង ANSAN កូរ៉េខាងត្បូង។ ម្ចាស់មេដាយមាសស៊ីហ្គេមលើកទី៣២រូបនេះ បង្ហាញមោទកភាពដែលអាចប្រជែងពានបន្តបន្ទាប់ក្នុងនាមកីឡាការិនីកម្ពុជា។



យោងទៅលើសារបង្ហោះរបស់អ្នកនាង ស្រួង ភាវី លើហ្វេសប៊ុក កីឡាការិនីរូបនេះ  បានបង្ហាញពីភាពសប្បាយរីករាយរួមជាមួយ មោទកភាព បន្ទាប់ពីរូបអ្នកនាង បានយកឈ្នះ លើកីឡាការិនី Hyun-ji YONG នៅវគ្គផ្ដាច់ព្រ័ត្រ។ កីឡាការិនីវ័យ ៣៤ឆ្នាំរូបនេះ បានបង្ហោះសារដូច្នេះថា៖«ភារីទទួល​ជ័យជម្នះ​ និង​យកភាពមោទកភាពជូនប្រជាជនកម្ពុជាលើទឹកដីកូរ៉េ​ម្ដង​ទៀត​ហើយ​។ បើយើង ខ្លាំង​ធ្វើ​ឲ្យ​កម្ពុជាខ្លាំង។ បើយើង ខ្លាំងប្រជាជនយើងក៏ខ្លាំង​។​​ បើយើង ជាមនុស្សអស្ចារ្យ យើង ក៏ធ្វើ​ឱ្យ​កម្ពុជាអស្ចារ្យ។ យើងនឹងជានិមិត្តរូបដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា។»។
  
កីឡាការិនី ស្រួង ភាវី ក្នុងពេលប្រកួតស៊ីហ្គេម នៅកម្ពុជា
គួរបញ្ជាក់ថា កីឡាការិនី ស្រួង ភាវី គឺជាស្ដ្រីកម្ពុជាតែម្នាក់ ដែលបានលេងក្នុងវិស័យកីឡាប៊ីយ៉ាការ៉ុម និងបានលើកមុខមាត់ប្រទេសកម្ពុជា។ បច្ចុប្បន្ន កីឡាការិនីរូបនេះ ឈរនៅចំណាត់ថ្នាក់លេខ១ នៅប្រទេសកូរ៉េខាងត្បូង និងលេខ២ នៅលើពិភពលោក លើវិញ្ញាសាកីឡាប៊ីយ៉ាការ៉ុម។ អំឡុង ខែឧសភា ឆ្នាំ២០២៣ កីឡាការិនីកម្ពុជារូប​នេះ ក៏បានដណ្ដើមបានមេដាយមាស លើវិញ្ញាសាប៊ីយ៉ាការ៉ុម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ផងដែរ៕

កីឡាការិនី ស្រួង ភាវី ក្នុងពេលប្រកួតស៊ីហ្គេម នៅកម្ពុជា រូបពីហ្វេសប៊ុក ស្រួង ភាវី


Tag:
 ប៊ីយ៉ាការ៉ុម
  ស្រួង ភាវី
  PBA-LPBA Championship
© រក្សាសិទ្ធិដោយ thmeythmey.com