ជាតិ
សហគមន៍មៀនប៉ៃលិន រំពឹងថាតម្លៃ និងទិន្នផលកើនឡើងខ្ពស់ជាងឆ្នាំមុន
11, Jul 2023 , 8:59 am        
រូបភាព
រូបភាព៖ សហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន
រូបភាព៖ សហគមន៍កសិកម្មផលិតផលមៀនប៉ៃលិន
ភ្នំពេញ៖ លោក សារ ចំរើន ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន រំពឹងថា  មៀនប៉ៃលិន នឹងទទួលបានតម្លៃ និងទិន្នផលខ្ពស់ជាងឆ្នាំមុន។ ការរំពឹងបែបនេះ ក៏ព្រោះតែចិនដែលជាទីផ្សារធំរបស់កម្ពុជា​ បានកក់មៀនបៃលិនខ្មែរបណ្ដើរៗហើយ។



ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន លោក សារ ចំរើន បានឱ្យដឹងថា រយៈពេល៦ខែឆ្នាំ២០២៣នេះ ការនាំចេញផ្លែមៀនប៉ៃលិនរបស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងនោះតម្លៃក៏ល្អផងដែរ។ មៀនប៉ៃលិនមួយចំនួនធំ ត្រូវបានផ្គត់ផ្គង់ទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ ហើយមួយចំណែកត្រូវចាក់បញ្ចូលទីផ្សារក្នុងស្រុក។ 
  
លោក សារ ចំរើន ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិន។ រូបភាព៖ តេឡេក្រាម របស់លោក 

គិតត្រឹមពាក់កណ្ដាលឆ្នាំនេះ មៀនប៉ៃលិន ទទួលបានតម្លៃ៤ ៣០០រៀល ក្នុងមួយគីឡូក្រាម។ នេះគឺជាតម្លៃដ៏ល្អបំផុតមួយ ដែលកំពុងជំរុញឱ្យកសិករត្រឡប់មកធ្វើដាំមៀនវិញ បន្ទាប់ពីពួកគេ រងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ និងការបាត់បង់ទីផ្សារពីប្រទេសថៃ។ 
 
លោក សារ ចំរើន ប្រាប់ដូច្នេះថា៖ «រាល់ថ្ងៃយើងផ្គត់ផ្គង់ទៅកាន់ទីផ្សារចិនត្រង់តែម្ដង។ ទីផ្សារខ្មែរយើងក៏មានខ្លះដែរ គ្រាន់តែថា ការហូបចុករបស់ខ្មែរយើងមានចំនួនតិច។ ឥឡូវ បានតម្លៃល្អជាងមុន​ ព្រោះថាបើយើង លក់បានត្រឹមតែ៣ពាន់រៀល ក៏យើងមានប្រាក់ចំណេញក្នុងដៃរួចស្រេចដែរ»។  
 
មៀនប៉ៃលិន នឹងចាប់ផ្ដើមប្រមូលផលនៅខែសីហាខាងមុខនេះ។ ទន្ទឹមនឹងនេះ ភាគីចិនបានដាក់តម្លៃឱ្យកសិករជាមុន ដោយចាប់ពីខែសីហា ដល់ខែធ្នូ មៀនប៉ៃលិនបានតម្លៃ ៣៦០០រៀល ក្នុង១គីឡូក្រាម។ ខែមករា ដល់កុម្ភៈ តម្លៃ៤០០រៀល ក្នុង១គីឡូក្រាម, ខីមិនា ដល់ឧសភា តម្លៃ៤៥០០រៀល ក្នុង១គីឡូក្រាម។ 
 
ដោយឡែក ទិន្នផលវិញ ក៏ត្រូវបានលោក សារ ចំរើន រំពឹងថានឹងកើនឡើងផងដែរ ទោះបីជាមិនសូវមានភ្លៀង សម្រួលដល់ការស្រោចស្រពក៏ដោយ។ ការប៉ាន់ប្រមាណកើនឡើងរបស់លោកនៅពេលនេះ ដោយសារតែកសិករដែលធ្លាប់បោះបង់ដំណាំមៀនចោល បានត្រឡប់មកថែទាំឡើងវិញ។ 
 
ប្រធានក្រុមប្រឹក្សាសហគមន៍មៀនប៉ៃលិនរូបនេះ បន្ថែមដូច្នេះថា៖ «ឆ្នាំនេះរាំងច្រើន អ៊ីចឹង! ខ្ញុំមិនដឹងគេប្រមូលផលបែបម៉េចទេ។ រឿងហ្នឹងពិបាកបន្តិច។ តែតាមខ្ញុំវិភាគមើលទៅ ខ្ញុំគិតឆ្នាំកើនឡើងជាងឆ្នាំមុន ដោយសារបងប្អូនយើងខ្លះដែលធ្លាប់ខាតក្នុងជំនាន់កូវីដ គាត់ងាកមកធ្វើវិញច្រើននៅឆ្នាំនេះ»។  
 
យោងតាមរបាយការណ៍របស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងឆមាសទី១ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលចំនួន ៣៩០១ ២១៣តោន ទៅកាន់ទិសដៅ ៦៧ប្រទេស ដោយមានការថយចុះ២២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។ ជាមួយគ្នានេះ ការនាំចេញមៀនប៉ៃលិនស្រស់សម្រេចបាន ៦៧២៥តោន កើនឡើងជាង៣ពាន់ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២។ 
 
ចំណែក នៅឆ្នាំ២០២២ កម្ពុជាបាននាំមៀនប៉ៃលិន ទៅទីផ្សារអន្តរជាតិចំនួន ៣ ១៥៥តោន ក្នុងនោះចិនចំនួន២ ៩៤២,៥១តោន វៀតណាមចំនួន២១២,៦៤តោន និងហុងកុង ០,០៣តោន។ ទិន្ន័យរបស់ក្រសួងកសិកម្ម ចេញឆ្នាំ២០២១ កម្ពុជាមានផ្ទៃដីដាំដុះមៀនសរុប ១២ ៨៣៧ហិកតា និងផ្ទៃដីប្រមូលផលមានចំនួន ១០ ៥៦៥ហិកតា ដែលជាមធ្យមអាចប្រមូលផលបាន ១៣១ ៤៩៨តោន ក្នុងមួយឆ្នាំ៕
 

Tag:
 កសិកម្ម
  មៀនបៃលិន
  សារ ចំរើន
© រក្សាសិទ្ធិដោយ thmeythmey.com