ជាតិ
ក្រសួងធនធានទឹក ប្រាប់ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈភ្លៀងបន្តធ្លាក់មួយសប្ដាហ៍ទៀត
12, Jul 2023 , 7:59 am        
រូបភាព
ភ្នំពេញ៖ កម្ពុជា នឹងបន្តធ្លាក់ភ្លៀងដែលលាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់មួយសប្ដាហ៍ទៀតចាប់ពីថ្ងៃទី១២ដល់១៨ខែកក្កដា ដោយសារឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបចិន និងមហាសមុទ្រប៉ាស៊ីហ្វិក។ ករណីនេះ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្ន។



តាមការព្យាកររបស់ក្រសួងធនធានទឹក ចាប់ពីថ្ងៃទី១២ ដល់១៤ ខែកក្កដានេះ កម្ពុជាបន្តទទួលរងឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបចិន។ បន្ទាប់នៅថ្ងៃទី ១៥ខែកក្កដា កម្ពុជារងឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបថ្មីដែលកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក (ខាងកើតប្រទេសហ្វីលីពីន), សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី។ 
 
លក្ខណៈបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាល និងខ្ពង់រាប មានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅបង្គួរលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ចំណែក តំបន់មាត់សមុទ្រ មានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។​ 
 
ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់សាធារណជនបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតឡើងជាយថាហេតុ៕ 
 

Tag:
 ក្រសួងធនធានទឹក
  អាកាសធាតុ
  ភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com