ជាតិ
ពលរដ្ឋជាង២០០គ្រួសារនៅកោះកុង ប្ដូរពីរបរកាប់ឈើ និងបាញ់សត្វ មកធ្វើកសិកម្មវិញ
12, Jul 2023 , 9:59 pm        
រូបភាព
កោះកុង៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានរៀបចំឱ្យមានការបង្កើតជាភូមិកសិកម្មមួយឈ្មោះ «សុវណ្ណាបៃតង» នៅឃុំជីផាត។ ពលរដ្ឋចំនួន២៥០គ្រួសារនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បានឈប់កាប់ទន្រ្ទានព្រៃឈើ និងបរបាញ់សត្វ ហើយងាកមកដាំបន្លែ និងដំណាំវិញ ក្រោយទទួលបានការបណ្ដុះបណ្ដាលពីគម្រោងនេះ។

 
មុនបង្កើតបានភូមិ«សុវណ្ណាបៃតង» ពលរដ្ឋទាំង២៥០គ្រួសារនោះ សុទ្ធសឹងតែជាអ្នកកាប់ឈើធ្វើចម្ការពនេចរ និងបរបាញ់សត្វ ដើម្បីបានចំណូល។ ពួកគេ មិនមែនកន្លែងស្នាក់នៅពិតប្រាកដនោះទេ ដោយភាគច្រើនរស់នៅតាមដងស្ទឹង អូរ និងជ្រលងភ្នំ ក្នុងភូមិសាស្រ្តអភិរក្សធនធានធម្មជាតិ ខេត្តកោះកុង។ 

ភូមិសម្បូរទៅដោយភោគផលកសិកម្មមួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៤ ដោយអង្គការសម្ព័ន្ធសត្វព្រៃ។ លោក អាត់ ណុច ប្រធានសហគមន៍កសិកម្មសុវណ្ណាបៃតង បានឱ្យដឹងថា  ក្រុមពលរដ្ឋដែលអាស្រ័យព្រៃឈើឱ្យមករស់នៅជាបណ្ដុំ និងផ្ដល់ជម្រើសរបរកសិកម្មថ្មីដល់ពួកគេ។ ប៉ុន្តែ គម្រោងនេះ តម្រូវឱ្យពួកគេឈប់កាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វតទៅទៀត។ 
 

  
«គាត់ឈប់ហើយ! គាត់ផ្ដាច់ហើយ! តាំងពីគាត់មករស់នៅក្នុងសហគមន៍មក គឺគាត់ឈប់បរបាញ់សត្វ ឈប់កាប់ព្រៃឈើដើម្បីធ្វើចម្ការពនេចរ ឈប់ដាក់អន្ទាក់ អ៊ីចឹង! អ្វីដែលច្បាប់ហាមឃាតហ្នឹង ពួកគាត់ឈប់ទាំងអស់ ហើយបង្វែមកធ្វើមុខរបរកសិករអចិន្រ្តៃវិញ»។ 
 
អង្គការសម្ព័ន្ធសត្វព្រៃ បានផ្ដល់ដីស្របច្បាប់១.៥ហិកតាក្នុងមួយគ្រួសារ ព្រមទាំងជួយបណ្ដុះបណ្ដាលបច្ចេកទេសដាំដុះ, ចិញ្ចឹមសត្វ, រកទីផ្សា, ផ្ដល់ពូជ, ជី, សម្ភារៈកសិកម្ម និងរៀបចំប្រព័ន្ធទឹកស្រោចស្រព ដោយមិនគិតពីប្រាក់ចំណេញ។ 
 
ក្រោយផ្លាស់មករស់នៅក្នុងភូមិសុវណ្ណាបៃតង រយៈ១៨ឆ្នាំ លោក អាត់ ណុច មើលឃើញថា កម្រិតជីវភាព និងការយល់ដឹងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានហាក់ប្រសើរឡើង។ ដោយឡែក ការកាប់ទន្រ្ទានព្រៃឈើ និងបរបាញ់សត្វ ក៏ត្រូវបានបញ្ឈប់ព្រមគ្នាផងដែរ។ 
 
លោក អាត់ ណុច ប្រាប់ដូច្នេះ៖«ជីវភាពពួកគាត់ខុសគ្នាឆ្ងាយ ព្រោះពីមុនមក គាត់រកមួយថ្ងៃហូបមួយថ្ងៃ។ ណាមួយ ដីនៅតំបន់ព្រៃភ្នំហ្នឹង មិនមែនជាកម្មសិទ្ធរបស់គាត់ទៀត។ គាត់ទន្រ្ទានដីរដ្ឋដើម្បីធ្វើចម្ការពនេចរ។ អ៊ីចឹង! គាត់មកទីនេះ (ភូមិសុវណ្ណាបៃតង) គាត់បានដី ហើយបានបញ្ចូនកូនទៅរៀនទៀត»។ 
 
លោក អាត់ ណុច ប្រធានសហគមន៍កសិកម្មសុវណ្ណាបៃតង។ រូបភាព៖ ឈុំ ចន្ថា

ពីអតីតកាល លោក អាត់ ណុច ក៏ជាមនុស្សម្នាក់ក្នុងចំណោមច្រើននាក់ទៀត ដែលបានរកស៊ីកាប់ឈើ និងបរបាញ់សត្វដែរ។ ប៉ុន្តែ ក្រោយទទួលបានការអប់រំ និងបណ្ដោះបណ្ដាលជាច្រើនពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានធ្វើឱ្យលោកបោះបង់ការងារទាំងនេះចោល ហើយងាកមកចូលរួមការងារធនធានធម្មជាតិវិញ រហូតត្រូវបានគេចាត់ទុកជាប្រធានសហគន៍ដូចសព្វថ្ងៃ។ 
 
លោក អាត់ ណុច ប្រាប់ដូច្នេះ៖«តាំងពីដើមមក អ្នកនៅជីផាតនេះ ដូចជនជាតិដើមភាគតិច អ៊ីចឹង។ ពួកយើងតែងតែធ្វើចម្ការពនេចរ រកម្ហូបពីព្រៃ ជាដើម។ ដោយសារយើងបានសិក្សា និងយល់ច្រើនពីផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ ជាពិសេសបាត់បង់ខ្យល់អ៊ុកស៊ីសែនហ្នឹងតែម្ដង អ៊ីចឹង! យើងកែប្រែ»។ 
 
អតីអ្នកកាប់ព្រៃម្នាក់ទៀត គឺអ្នកស្រី ហាន់ គុនណាន បានឱ្យដឹងថា ក្រុមគ្រួសារអ្នកស្រី បានមករស់នៅភូមិសុវណ្ណាបៃតងជាង១០ឆ្នាំហើយ ដោយពឹងផ្អែកលើការងារកសិកម្ម។ ការផ្លាស់ប្ដូរមករស់នៅលើដីថ្មី អ្នកស្រី មានជីវភាពប្រសើរជាងមុន ដោយសារទទួលបានការគាំទ្រ និងបណ្ដុះបណ្ដាលជាច្រើន ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ។ 
 
អ្នកស្រី ហាន់ គុនណាន អតីតអ្នកកាប់ឈើ​ ដែលងាកមកធ្វើកសិកម្មវិញ។ រូបភាព៖ ឈុំ ចន្ថា 

ក្នុងមួយថ្ងៃ អ្នកស្រី គុនណាន អាចរកចំណូលបានពីរម៉ឺនរៀល ពីការលក់បន្លែ។ របរនេះ ងាយស្រួល និងបានប្រាក់ចំណូលច្រើនជាង ការកាប់ឈើដើម្បីធ្វើចម្ការពនេចរ។ ពលរដ្ឋរូបនេះ សោកស្ដាយជុំវិញសកម្មភាពកាប់បំផ្លាញធនធានធម្មជាតិកន្លងទៅ ដោយសារតែរូបគាត់ខ្វះការយល់ដឹងពីសារៈសំខាន់របស់ព្រៃឈើ។ 
 
អ្នកស្រី គុនណាន ប្រាប់ដូច្នេះ៖«ពីមុនខ្ញុំនៅខាងឃុំអណ្ដូងទឹក ហើយក៏ជាអ្នកកាប់ព្រៃដែរ។ ប៉ុន្តែ ឥឡូវខ្ញុំអត់ធ្វើទៀតទេ ព្រោះមានមុខរបរដាំបន្លែហើយ។ ឥឡូវនេះ ខ្ញុំយល់ដឹងពីផលប៉ះពាល់នៃការកាប់បំផ្លាញព្រៃតិចតួចដែរ។ អ៊ីចឹង! បើយើងរក្សាព្រៃឈើទុកទៅ វាផ្ដល់ប្រយោជន៍ដល់កូនយើងនៅថ្ងៃអនាគត់ដែរ»។ 
 
សូមជម្រាបថា ភូមិសុវណ្ណាបៃតង មានផ្ទៃដីជាង៣ពាន់ហិកតា និងប្រើប្រាស់អស់ជាង៩០០ហិកតា សម្រាប់លំនៅដ្ឋាន ដាំបន្លែចម្រុះ និងដាំដំណាំហូបផ្លែដូចជា ទុរេន និងសាវម៉ៅ ជាដើម៕ 
 

Tag:
 កសិកម្ម
 ការកាប់បំផ្លាញព្រៃឈើ
 បរបាញ់សត្វ
 សហគមន៍កសិកម្មសុវណ្ណាបៃតង
© រក្សាសិទ្ធិដោយ thmeythmey.com