អន្តរជាតិ
EU រំពឹង​​ដក​ការ​ហាមឃាត់​ការ​នាំ​ចូល​អាហារ​ពី​ជប៉ុន
14, Jul 2023 , 12:59 pm        
រូបភាព
សហភាពអឺរ៉ុប (EU) ត្រូវរំពឹងប្រកាសដកការរឹតបន្តឹងលើការនាំចូលអាហាររបស់​ជប៉ុ​ន​ដែល​បាន​ដាក់​បន្ទាប់ពីឧបទ្ទវហេតុនៅរោងចក្រថាមពលនុយក្លេអ៊ែរនៅទីក្រុង Fukushima ឆ្នាំ២០១១ ។

 
បើតាមមន្ត្រីជប៉ុន ការប្រកាសដកការហាមឃាត់នឹងមាននៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលរវាង​ប្រធាន​ក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និងនាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ។
 
«វានឹង​ជា​សញ្ញា​ដ៏​អស្ចារ្យ​នៃ​សាមគ្គីភាព​ពី​ខាង​សហភាព​អឺរ៉ុប»។ លេខាធិការសារព័ត៌មានក្រសួង​ការបរទេសជប៉ុនលោកស្រី Hikariko Ono បានប្រាប់អ្នកសារព័ត៌មានមួយក្រុមនៅមុន កិច្ចប្រជុំ​កំពូល​បែបនេះ។
 
EU បានដាក់ការរឹតបន្តឹងចាប់តាំងពីការរញ្ជួយដី និងរលកយក្សស៊ូណាមិដែលបានបំផ្លាញរោងចក្រ​នុយក្លេអ៊ែរ Fukushima Dai-ichi នៅលើឆ្នេរសមុទ្រភាគខាងកើតរបស់ជប៉ុន។ ការដឹកជញ្ជូន​ម្ហូប​អាហារមួយចំនួនអាចចូលទៅក្នុង EU បានតែត្រូវមានវិញ្ញាបនបត្រដែលបង្ហាញថា អាហារទាំងនោះ​មិនលើសពីកម្រិតអតិបរិមានៃអ៊ីសូតូបវិទ្យុសកម្ម។
 
វិធានការរបស់ប្លុកអឺរ៉ុបបានអនុវត្តចំពោះផ្សិតព្រៃ ត្រី និងផលិតផលនេសាទមួយចំនួនពីហ្វូគូស៊ីម៉ា និង ខេត្តប្រាំបួនផ្សេងទៀត ហើយទំពាំងខេត្ត Miyagi ក៏ត្រូវបានរួមបញ្ចូលផងដែរ។ 
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ​ ប្រទេសជិតខាងជប៉ុនដូចជាចិនបានប្រកាសរឹតបន្តឹងការ​ត្រួត​ពិនិត្យ​លើ​ម្ហូបអាហារពីជប៉ុន និង​ការ​នាំចូលរបស់ជប៉ុនមួយចំនួន ខណៈកូរ៉េខាងត្បូងវិញ​ក៏​បន្ត​បម្រាម​លើ​ការ​នាំ​ចូលអាហារ និង​អាហារ​សមុទ្រពីតំបន់ Fukushima ដែរ ដោយសារតែផែនការបញ្ចេញទឹក​ដែល​ធ្វើ​ប្រព្រឹត្តកម្មរួចរាល់ពីរោងចក្រនៅ Fukushima ទៅសមុទ្រ៕
 

Tag:
 អឺរ៉ុប
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com