ជាតិ
ព័ត៍មានសុខភាព
សុខភាព
មណ្ឌលសុខភាពចំនួន៤៨ នៅកំពង់ធំ កំពុងផ្តល់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្រ្តី​មាន​ផ្ទៃ​ពោះ ​
14, Jul 2023 , 2:39 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ អង្គការ Helen Keller ប្រចាំកម្ពុជា កំពុងសហការជាមួយក្រសួងសុខាភិបាល លើការផ្តល់​បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដល់ស្រ្តីមានផ្ទៃពោះ ឬថ្នាំ MMS (Multiple Micronutrient Supplement for pregnant women)  នៅមណ្ឌលសុខភាពចំនួន៤៨ ក្នុងខេត្តកំពង់ធំ។

 
​លោក ហ៊ូ ក្រើន នាយកអង្គការ Helen Keller ប្រចាំកម្ពុជា បានលើកឡើង​​ថា MMS ជាថ្នាំ​គ្រាប់មីក្រូសារជាតិចម្រុះ ដែលផ្ដល់​សារធាតុចិញ្ចឹមជាច្រើន ​ទៅ​ទារក ​និង​ម្ដាយ​រហូតដល់ ១៥មុខ និងជួយមិនឱ្យមានបញ្ហាទារកស្លាប់ក្នុងផ្ទៃ ទារក​កើត​មិនគ្រប់​គីឡូ ទារក​ក្នុងផ្ទៃ​មិនឡើងទម្ងន់ និងទារកកើតមិនគ្រប់ខែជាដើម។​ លោក ហ៊ូ ក្រើន បញ្ជាក់បែបនេះ ក្នុងទស្សន​កិច្ច​ស្វែងយល់ គម្រោងការផ្តល់បន្ថែមគ្រាប់ថ្នាំមីក្រូសារជាតិចម្រុះដ​ល់ស្រ្តីមាន​ផ្ទៃពោះ នៅ​មណ្ឌល​សុខភាពជ័យ ដែលស្ថិតក្នុងភូមិល្វា ឃុំល្វា ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាពេល​​កន្លង​ទៅ។
 


បើតាម លោក ហ៊ូ ក្រើន ការសិក្សាបានរកឃើញថា អត្រាស្លាប់របស់ស្រ្តីមានផ្ទៃពោះ​ត្រូវ​បាន​​កាត់បន្ថយ ហើយជួយកាត់បន្ថយ​និងការពារស្រ្តីមានផ្ទៃពោះ​ដែលមានបញ្ហាស្លេក​ស្លាំង​​​​ស្រាប់ ពីហានិភ័យសម្រាលកូនមុនពេលគ្រប់ខែ សម្រាលកូនមិនគ្រប់គីឡូ និងបញ្ហា​មិន​ឡើងទម្ងន់របស់ម្តាយក្នុងអំឡុងពេលមានផ្ទៃពោះ។«ក្រសួងសុខាភិបាល និងអង្គការ Helen Keller កំពុង​សិក្សា​​​​លើថ្នាំ MMS  មិនទាន់អនុញ្ញាតចែកចាយទូទាំងប្រទេសទេ។ គ្រាន់តែសិក្សា​ ​នៅ​មណ្ឌលសុខភាព៤៨ ក្នុងខេត្តកំពង់ធំ។ ស្រ្តីមានផ្ទៃពោះ លេបថ្នាំនេះ ១​គ្រាប់​ក្នុង១ថ្ងៃ។ តាម​បទ​ពិសោធន៍របស់ស្រ្តីមានផ្ទៃពោះ ដែលបានលេបថ្នាំនេះ មិនមាន​អា​ការ​អ្វី​កើតឡើង​ទេ ពោល​​គឺស្រួលជាងថ្នាំជាតិដែក»។

​ថ្នាំ MMS នេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅមណ្ឌលសុខភាពជ័យ នៃ​ភូមិ​ល្វា ឃុំល្វា ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ តាំងពីដើមខែមីនា ឆ្នាំ២០២៣មក។ អ្នកនាង សុន ផានី ពេទ្យឆ្មបនៅមណ្ឌលសុខភាពជ័យ បានលើកឡើងពីអត្ថប្រយោជន៍របស់​ថ្នាំ​មី​ក្រូ​សារធាតុចម្រុះថា វាជួយកាត់បន្ថយភាពស្លេកស្លាំង ខ្វាក់មាន់ និងរោគ​សញ្ញា​ផ្សេងៗទៀត ដែល​កើតឡើងដោយសារកង្វះវីតាមីន និងសារធាតុរ៉ែ។ ថ្នាំនេះ ក៏​​ល្អជាងថ្នាំជាតិដែក ព្រោះវាមានសារធាតុចិញ្ចឹម​រហូតដល់ ១៥មុខ។


យ៉ាងណាក៏ដោយ ថ្នាំនេះក៏មានចំណុចល្អ និងមិនសូវល្អខ្លះដែរ។ «ថ្នាំ​MMS ធ្វើឱ្យស្រ្តីខ្លះ​គាត់​​ពិបាកហូប ដោយក្លិនរបស់វា។ ហូបទៅមានអាការធ្វើទុក្ខ​ក្នុង​ខ្លួនតិច​តួច តែវា​ក៏បាន​ជួយ​​ឱ្យស្រ្តីបាត់ចាញ់កូន និងមានសារធាតុចិញ្ចឹមច្រើន»។ ពេទ្យឆ្មប សុន ផានី បញ្ជាក់​ដូច្នេះ​​។​​

ដោយសារតែថ្នាំនេះ ស្ថិតក្នុងដំណាក់កាលសិក្សា ស្ត្រីមានផ្ទៃពោះដែលអាចប្រើប្រាស់​ថ្នាំ​នេះ ក៏ត្រូវបានកំណត់លក្ខខណ្ឌមួយចំនួន ដើម្បីជួយដល់ដំណើរការនៃការសាកល្បង​នេះ​ដែរ​។ បើតាមអ្នកគ្រូពេទ្យ សុន ផានី ស្ត្រីដែលអាចប្រើ​ថ្នាំនេះ ​ត្រូវមានអាយុ ពី១៨ឆ្នាំ ដល់៤៥ឆ្នាំ និងមានផ្ទៃពោះមិនឱ្យលើស១៤សប្ដាហ៍ ព្រមទាំង​មានសុខភាពល្អ​អំឡុង​ពេលពពោះ។ ស្ត្រីទាំងនោះ ក៏គ្មានគម្រោង​ប្ដូរទីលំនៅរយៈពេល៦ខែបន្ទាប់ ចេញពី​ខេត្ត​កំពង់​ធំ​​​ដែល​ជាតំបន់គោលដៅ​។ ពួកគេ មិនមែនជាអ្នកដែល​កំពុង​សាកល្បង​អាហារូបត្ថម្ភថ្មី​របស់រដ្ឋាភិបាល ​ដែលពុំទាន់មាន​ការតាមដាន និងថែទាំ ហើយ​ក៏​ត្រូវ​ផ្តល់​ទិន្នន័យ​ពាក់ព័ន្ធនានា និងទទួលការតាមដាន​សុខភាព​ជារៀងរាល់​ខែដែរ​​។ ​
 
អ្នកស្រី ឈុំ សម្បត្តិ ជាស្ត្រីមានផ្ទៃពោះម្នាក់ ដែលកំពុងប្រើប្រាស់ថ្នាំ MMS នេះ។ រស់នៅភូមិបោះវែង ឃុំសាលាសៅ ស្រុកប្រាសាទ​បល្ហ័ង្គ ខេត្តកំពង់ធំ អ្នកស្រី ឈុំ សម្បត្តិ ដែលកំពុងមានទម្ងន់៧ខែ លើកឡើងថា ថ្នាំMMS ជួយជំនួយកម្លាំង ជំនួយគ្រាប់ឈាម និងជួយបន្ថយការចាញ់កូន។ ​ថ្នាំនេះ ក៏មិនបានធ្វើឱ្យស្ត្រីរូបនេះ មានអាការធ្វើទុក្ខអ្វីដែរ។
 


អ្នកស្រី ឈុំ សម្បត្តិ អះអាងថា ខ្លួនប្រើប្រាស់ថ្នាំMMSនេះ ក៏ផ្អែកលើយោបល់ពីគ្រូពេទ្យ​នៅមណ្ឌលសុខភាពដែលខ្លួនទៅទទួលសេវាដែរ ខណៈដែលកាលពីអ្នកស្រី មានកូនទី១ នោះ គឺអ្នកស្រីបានប្រើប្រាស់ថ្នាំ​ជាតិ​ដែក។ ស្ត្រីរូបនេះ បន្ថែមការប្រៀបធៀបរបស់ខ្លួន រវាងការប្រើប្រាស់ថ្នាំជាតិដែក និងថ្នាំ MMS អំឡុងពេលពពោះ យ៉ាងដូច្នេះថា៖«​ថ្នាំ​ជាតិ​ដែក ជួយ​ជំនួយ​ដល់​គភ៌ក្នុងផ្ទៃដែរ គ្រាន់តែគ្រាប់ឈាមក្រហមខ្សោយ។ ខ្ញុំទៅពិនិត្យ​បាន​តែ ៨-៩ទេ។ ពេលខ្ញុំប្រើ​ថ្នាំ MMS គ្រាប់ឈាមក្រហមខ្ញុំ បានគ្រប់១០-១១។ ថ្នាំរក្សាគភ៌ MMS ​ជំនួយមិនឱ្យខ្ញុំអស់កម្លាំង។ បើថ្នាំជាតិដែកលេបហើយអស់កម្លាំងចង់តែគេង។ ថ្នាំជាតិដែកពេលលេបនៅមានក្លិនឆ្អាប តែថ្នាំរក្សាគភ៌ MMS ស្រួលហូបមិនសូវ​មានក្លិន​នោះ​ទេ»។ ​
 
​ជុំវិញការសាកល្បងថ្នាំ MMS ជំនួសថ្នាំជាតិដែក សម្រាប់ស្ត្រីមានផ្ទៃពោះនេះ  សារព័ត៌មាន​ថ្មីៗ ​មិនអាចសុំការអធិប្បាយបន្ថែមពី អ្នកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យក្រសួងសុខា​ភិបាល​បានទេ ដោយទូរសព្ទចូលតែមិនមានការឆ្លើយតប៕
 

Tag:
 ថ្នាំMMS
  មណ្ឌលសុខភាព
  ស្ត្រីមានផ្ទៃពោះ
  ថ្នាំជាតិដែក
© រក្សាសិទ្ធិដោយ thmeythmey.com