ជាតិ
កូនក្របី៣១ក្បាលបានកើតថ្មី ក្រោមគម្រាង«ធនាគារក្របី»
15, Jul 2023 , 11:05 am        
រូបភាព
 រូបភាព៖ គម្រោងទន្លេសាបយើង (Our Tonle Sap)
រូបភាព៖ គម្រោងទន្លេសាបយើង (Our Tonle Sap)
ភ្នំពេញ៖ កូនក្របីចំនួន៣១ក្បាល បានកើតថ្មី ក្រោមគម្រោង «ធនាគារក្របី» ដែលអនុវត្ត ដោយក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) ក្នុងខេត្តកំពង់ធំ។



គម្រោងនេះត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិឱ្យប្រសើរ។ ក្របី​ ក៏មានតួនាទីរក្សា និងស្ដារមុខងារស្ថានប្រព័ន្ធនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីបង្កើតជាទីជម្រកសមស្រប, រក្សាប្រភពទឹក និងចំណីអាហារសម្រាប់ប្រភេទសត្វជិតផុតពូជ ផងដែរ។ 
 
គម្រោងទន្លេសាបយើង (Our Tonle Sap) បានចុះផ្សាយនៅទំព័រហ្វេសប៊ុកថា​ តាមរយៈគម្រោង«ធនាគារក្របី» ជាងពីរឆ្នាំនេះ កូនក្របី៣៤ក្បាលបានកើតថ្មី ប៉ុន្តែជាអកុសលកូនក្របីចំនួន៣ក្បាល ត្រូវបានងាប់ទៅវិញក្រោយកើតបាន២ថ្ងៃទៅ៣ថ្ងៃ។
 
«ធនាគារក្របី» បានចាប់ផ្ដើមនៅឆ្នាំ២០២១ ជាមួយក្របីញី៥០ក្បាល ដែលប្រគល់ជូនពលរដ្ឋ២៥គ្រួសារ មកពីភូមិចំនួន៣ ក្នុងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ក្រោមការជួយជ្រោមជ្រែងពីក្រសួងបរិស្ថាន។ ការបង្កើតធនាគារក្របីនេះ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍន៍ជីវភាពសហគមន៍នៅតំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ក៏ដូចជាតំបន់ការពារធម្មជាតិផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។ 
 
គ្រោងធនាគារក្របីក្នុងខេត្តកំពង់ធំ ទទួលបានការសម្របសម្រួល និងគាំទ្រផ្នែកបច្ចេកទេសដោយ អង្គការ WCS។ អង្គការនេះ ក៏កំពុងអនុវត្តការងារអភិរក្សប្រភេទសត្វកម្រ និងជិតផុតពូជនៅតំបន់ទំនាបលិចទឹកទន្លេសាប ដូចជា សត្វខ្សឹប ជាដើម។
 
WCS បានសហការជាមួយពេទ្យសត្វថ្នាក់ខេត្ត និងពេទ្យសត្វនៅមូលដ្ឋាន ផ្តល់វ៉ាក់សាំងជាប្រចាំរួមមាន វ៉ាក់សាំងការពារជម្ងឺសារទឹក អុតក្តាម ដុំពកស្បែក និង ការទំលាក់សត្វល្អិត។ លើសពីនេះ WCS បានគាំទ្រលើការចាក់វ៉ាក់សាំងសត្វជាង១ពាន់ក្បាលសម្រាប់សមាជិកសហគមន៍មូលដ្ឋានផ្សេងៗទៀតដែលនៅខាងក្រៅគម្រោង៕
 
 

Tag:
 កសិកម្ម
  បរិស្ថាន
  គម្រោងធនាគារក្របី
© រក្សាសិទ្ធិដោយ thmeythmey.com