ជាតិ
សិល្បះ
ប្រាក់ សុផាន់ណា៖ ទោះគ្មានជើងតែខ្ញុំមានដៃ និងបេះដូងបម្រើអារម្មណ៍មហាជន
17, Jul 2023 , 8:29 am        
រូបភាព
ប្រាក់ សុផាន់ណា ថតនៅផ្ទះនាភូមិកក្រាញ់ សង្កាត់/ក្រុងសៀមរាប នាថ្ងៃទី៤ កក្កដា ឆ្នាំ២០២៣។
ប្រាក់ សុផាន់ណា ថតនៅផ្ទះនាភូមិកក្រាញ់ សង្កាត់/ក្រុងសៀមរាប នាថ្ងៃទី៤ កក្កដា ឆ្នាំ២០២៣។
សៀមរាប៖ ដ្បិតជាជនមានពិការភាព តែ ប្រាក់ សុផាន់ណា អាចលេងតន្រ្តី និពន្ធ និង​ច្រៀងបាន​ដោយខ្លួនឯង​។ សុផាន់ណា បានប្រឹងប្រែងចាកចេញពីជំងឺបាក់ទឹកចិត្ត និង​ខំរស់​ក្នុងជីវិតជាក្មេងកំព្រា ពិការជើងទាំងពីរ។ យុវជនរូបនេះ​​បាននិពន្ធ​បទចម្រៀង​ច្រើន​បទ ដោយភាគច្រើនច្រៀង​លើកទឹកចិត្ត​ខ្លួនឯង និងមនុស្សជុំវិញ ឱ្យពួកគេយល់​ពីតម្លៃ​នៃ​មនុស្សម្នាក់ៗ ទោះពួកគេកើតមកស្ថិត​ក្នុងស្ថានភាព​បែបណាក៏ដោយ។

 
ដេកផ្កាប់លើរទេះរុញមួយក្នុងខ្ទមស្បូវ ដំបូលស័ង្កសីសង់ជាប់ដីនាភូមិកក្រាញ់ សង្កាត់​សៀមរាប ក្រុងសៀមរាប យុវជន ប្រាក់ សុផាន់ណា បានបង្ហាញទឹកមុខស្រស់បស់ រឹងមាំ មិនសមនឹងអ្វីដែលគេ​កំពុងជួបឡើយ។ សុផាន់ណា ក្លាយជាក្មេងកំព្រាំឪពុកម្ដាយ​នៅអាយុ​៨ឆ្នាំ និងធ្លាក់ខ្លួនពិការជើង ទាំងសងខាងនៅអាយុ១០ឆ្នាំ ដោយសារជំងឺក្ដៅខ្លួន។  
 
ប្រាក់ សុផាន់ណា ពេលច្រៀងក្នុងកម្មវិធី។ រូបភាពពី ប្រាក់ សុផាន់ណា

ឪពុកម្ដាយយុវជន ប្រាក់ សុផាន់ណា បានស្លាប់ដោយសារអំពើឃាតកម្មនៅខេត្តស្វាយរៀ​ង ដោយបានចោលកូនប្រុស៤នាក់ ឱ្យរស់ជាមួយជីដូន។ ពេលនោះ​ សុផាន់ណា ជាកូន​ទី៣ និងទើបមានវ័យ​៨ឆ្នាំ ត្រូវបានជីដូនរៀបចំឱ្យចេញទៅរស់នៅភ្នំពេញ តែក្រោយមក​ពួកគេ​បានជួប​ឪពុកម្ដាយធម៌​ជា​ជនជាតិថៃ ហើយបានរៀបចំឱ្យកូនៗ​មករស់នៅក្នុងខេត្ត​សៀមរាប។ 
 
សុផាន់ណា បានក្លាយជាជនពិការ២ឆ្នាំ មុនគេចេញមករស់នៅខេត្តសៀមរាបនៅចុងឆ្នាំ ២០០០។ បងប្អូន៣នាក់ មករស់ជុំគ្នាជាមួយឪពុកម្ដាយចិញ្ចឹម និងម្នាក់ទៀតរស់នៅ​ស្រុក​កំណើត​។ សុផាន់ណា បានរៀបរាប់ថា មានពេលខ្លះគេចេញទៅរស់នៅបាត់ដំបង និងដូរ​កន្លែង​រស់នៅ​ប៉ុន្មានទីតាំងដែរ តែចុងក្រោយបានវិលមករស់នៅខេត្តសៀមរាបវិញ។ នៅ​សៀមរាប សុផាន់ណា រស់នៅមណ្ឌលកុមារកំព្រាមួយឈ្មោះថា នេហេមា កន្លែងនោះ​ហើយ​ ដែលជួយគេបាន​ចេះរៀនភ្លេង​រហូត​​ដល់សព្វថ្ងៃ។
 
នៅខ្ទង់២០១៥-២០១៦ សុផាន់ណា សម្រេចចេញមករស់នៅខាងក្រៅមណ្ឌល និងដើររក​កន្លែងធ្វើការ ដើម្បីបំពេញបំណងចង់បានភាពឯករាជ្យដោយខ្លួនឯង។ សព្វថ្ងៃ សុផាន់ណា បង្រៀនភ្លេងនៅអង្គការ កុមារពិភពលោក បង្រៀនភាសា និងសម្ដែង ច្រៀង ក្នុងកម្មវិធីតូច​ធំ​នានា។ ក្រៅពីរបរនេះ សុផាន់ណា និងគ្រួសារ ក៏ចិញ្ចឹមមាន់ច្រើនប្រភេទ​នៅផ្ទះសម្រាប់​ផ្គត់ផ្គង់​ជីវភាពផងដែរ។
 
ប្រាក់ សុផាន់ណា និងភរិយា ថតនៅផ្ទះនាភូមិកក្រាញ់ សង្កាត់/ក្រុងសៀមរាប នាថ្ងៃទី៤ កក្កដា ឆ្នាំ២០២៣។
 
សុផាន់ណា បានជួលដីគេមួយកន្លែងនៅក្រោយបុរីមួយស្ថិតនៅភូមិកក្រាញ់ សង្កាត់-ក្រុងសៀមរាប។ ទីនោះគ្រួសារដែលរស់នៅគ្នា៣នាក់ សង់រោងតូចល្មម បន្ទប់បិទបាំងដោយក្រណាត់វាំងននចាស់ៗ។ ពួកគេចិញ្ចឹមឆ្កែពីរក្បាល។ ពួកវារៀងកាចបន្ដិច នៅពេលឃើញជនមិនដែលស្គាល់ដូចជាខ្ញុំទៅដល់។ ម្ចាស់ពួកវាប្រឹងចាប់មិនឱ្យមកយីយាខ្ញុំ និងរហូតដាក់ច្រវ៉ាក់វាទើបអាចបញ្ឈប់ការរំខានរបស់វាមកលើខ្ញុំ ពេលចូលសម្ភាស សុផាន់ណា បាន។  ផ្នែកខាងមុខ និងក្រោយផ្ទះ ពួកគេចិញ្ចឹមមាន់ដោយរៀប​ជាទ្រុងៗតូចធំ​យ៉ាងមានរបៀប។ មានវ័យ៣៣ឆ្នាំ សុផាន់ណា ប្រាប់ថា គេបានជួលដីនេះ​ក្នុងមួយខែ​តម្លៃ​៥០ដុល្លារ និងមករស់នៅបាន២​​ឆ្នាំមក​ហើយ។ 
 
ទាក់ទងនឹងចំណង់ចំណូលចិត្តក្នុងវិស័យចម្រៀង សុផាន់ណា រំឭកថា រូបគេស្រឡាញ់ការច្រៀងតាំងពី នៅកុមារាភាពមកម្ល៉េះ។ កាលនៅឃ្វាលគោអាយុខ្ទង់៦ឬ៧ឆ្នាំ សុផាន់ណា តែងច្រៀងជានិច្ច ឧស្សាហ៍មើល និងស្ដាប់គេច្រៀងតាមកម្មវិធីនៅភូមិ ក៏មានចិត្តស្រឡាញ់វិស័យនេះរហូតមក។ សុផាន់ណា រៀបរាប់ថា៖« ខ្ញុំចូលចិត្តច្រៀងលើខ្នងគោ។ ដល់ពេញវ័យបន្ដិចមក ចូលចិត្តនិពន្ធ ជាបទលើកទឹកចិត្តមនុស្ស ស្ដាប់ទៅឱ្យ​មានកម្លាំងចិត្ត អាចកាត់បន្ថយការបាត់ទឹកចិត្តជាដើម។ បន្ទាប់មកខ្ញុំគិតថា គួររៀនតន្រ្តីមួយប្រភេទ ដើម្បីងាយស្រួលក្នុងការផលិតបទចម្រៀង ធ្វើមីឡូឌីដោយខ្លួនឯង»។
 
សុផាន់ណា ដែលមានជំនាញលេងហ្គីតា​បានធ្វើឱ្យមហាជនជាច្រើនស្គាល់​គេកាន់តែច្រើន​នៅពេលមានឱកាសបង្ហាញសមត្ថភាពច្រៀងបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១៣ ក្នុងខែ មិថុនា ឆ្នាំ២០២៣។ បទចម្រៀងដែរគេលើកយកទៅច្រៀងនាឱកាសនោះ គឺបទ «មានដង្ហើម មានសង្ឃឹម» ដែលនិពន្ធឡើង នាឆ្នាំ២០១៧។ សុផាន់ណា រំឭកថា៖« កាលណោះខ្ញុំនិពន្ធបទនេះលើកទឹកចិត្តខ្លួនឯង ដោយសារខ្ញុំជួបបញ្ហាច្រើនក្នុងចិត្ត ដោយនិពន្ធដើម្បីលើកទឹកចិត្តខ្លួនឯង និងគ្រួសារដែលរស់នៅជុំគ្នា ប៉ុន្តែជាឱកាសល្អនៅក្នុងឆ្នាំ២០២៣ ខាងប៉ារ៉ា (អាស៊ានប៉ារ៉ាហ្គេម) គាត់ជ្រើសរើសបទនេះសម្រាប់ខ្ញុំ ច្រៀង»។

ប្រាក់ សុផាន់ណា ត្រូវសណ្ដោងក្រោយម៉ូតូពេលធ្វើដំណើរទៅធ្វើការនាពេលកន្លងមក។ រូបភាពពី ប្រាក់ សុផាន់ណា
 
ឆ្លងកាត់ជីវិតលំបាកសឹងរាប់មិនអស់ ក្នុងចិត្ត សុផាន់ណា មានរឿងឈឺចាប់ ការតស៊ូជាច្រើន។ ដូច្នេះហើយ ទើបយុវជនរូបនេះច្រើននិពន្ធបទចម្រៀងក្នុងន័យលើកទឹកចិត្តខ្លួនឯង ក៏ដូចជាអ្នកជុំវិញ។ ក្នុងទឹកមុខរឹងមាំ សុផាន់ណា ប្រាប់ថា រូបគេក៏ធ្លាប់បាក់ទឹកចិត្ត និងអស់សង្ឃឹមក្នុងជីវិតដែរ តែក្រោយត្រិះរិះសព្វគ្រប់​និងដោយបញ្ញាមក ទើបគេយល់ថា ទោះខ្លួនពិការក៏នៅអាចជួយសង្គមបានដែរ សំខាន់ឱ្យតែមានសង្ឃឹម និងខិតខំប្រឹងប្រែង។
 
សុផាន់ណា លើកឡើងដូច្នេះថា៖« នៅក្នុងរយៈពេលជាខ្ទង់ប៉ុន្មានឆ្នាំដំបូង បាក់ទឹកចិត្តដែរ បាក់ទឹកចិត្តខ្លាំង ប្រសិនគិតទៅក្រោយវិញវាជួបបញ្ហាទាំងគ្រួសារ ទាំងសុខភាព មនុស្សយើង​វាបាត់ទាំងអស់ វាសូន្យ។ អ៊ីចឹងពេលខ្លះគិតថា ដូចជាមិនចង់រស់ គ្មានន័យទេ ប៉ុន្តែយើងតែង​មាន​ចិត្តសង្ឃឹម ក្នុងចិត្តតស៊ូ ខំធ្វើអ្វីដែលខ្លួនឯងអាចធ្វើបាន។ ហើយយើងតែងមើលមជ្ឈដ្ឋានជុំវិញ ខ្ញុំមើលភាពល្អៗយកមកប្រើក្នុងជីវិត»។ 
 
សព្វថ្ងៃ សុផាន់ណា រស់នៅជាមួយភរិយា និងប្អូនចិញ្ចឹមម្នាក់ទៀត។ សុផាន់ណា អាចធ្វើដំណើរទៅធ្វើការ​ដោយខ្លួនឯងបាន ដោយមានរ៉ឺម៉កម៉ូតូកែច្នៃសម្រាប់ជនពិការ។ សុផាន់ណា រៀបរាប់ពីជីវិតជាមួយភរិយា យ៉ាងដូច្នេះថា៖« យើងជាអ្នកស្វាយរៀងដូចគ្នា ក្រោយមកក៏បានមកសៀមរាបជួបគ្នាទៀត។ ខ្សែជីវិត​ដូចព្រះ​រៀបចំឱ្យ ត្រូវគ្នាតែម្ដង។ ស្គាល់គ្នារៀងនៅក្មេងដែរ តែដល់ពេញវ័យអាយុច្រើន ជួបគ្នាម្ដងទៀត ស្គាល់គ្នាស្រឡាញ់គ្នាតែម្ដង។ យើងជួបគ្នាដំបូងខ្ញុំពិការស្រាប់ហើយ គាត់អត់ដែលគិតថាខ្ញុំពិការអីទេ។ គេផ្សេងគេនិយាយដែរ ហេតុអ្វីទៅស្រឡាញ់មនុស្សពិការ តែគាត់មិនដែលគិតចំណុចនេះទេ»។ 
 
រ៉ឺម៉កកែច្នៃសម្រាប់ជនពិការ ដែលសប្បុរសជនឧបត្ថម្ភដល់ ប្រាក់ សុផាន់ណា។
 
នេះអាចចាត់ទុកថាជាសំណាងមួយរបស់យុវជន សុផាន់ណា។ នៅចុងខែ មិថុនា  សុផាន់ណា បានជួបរឿងមិននឹកស្មានមួយទៀត គឺរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល កំឡុងពេលបំពេញបេសកកម្មការងារក្នុងខេត្តសៀមរាប បានឆ្លៀតទៅសួរសុខទុក្ខ និងជូនថវិកាមួយ​ចំនួនដល់គ្រួសារមួយនេះ។ លើសពីនេះ រដ្ឋមន្រ្តីរូបនេះសន្យាទិញដី និងសង់ផ្ទះឱ្យគ្រួសារខ្វះខាត​មួយនេះទៀតផង។ ការណ៍នេះ ធ្វើឱ្យ សុផាន់ណា ទប់ទឹកភ្នែកមិនបាន។ ជាទឹកភ្នែកដែលត្រេកអររកអ្វី​មកថ្លែង​បាន។ 
 
 «សប្បាយចិត្តដែលអ្វីដែលយើងធ្វើកន្លងមក ធ្វើដើម្បីមនុស្សទូទៅ និងមិនដែលមានបំណងប៉ងថា ចង់ឱ្យល្បី តែគាត់មកធ្វើឱ្យខ្ញុំភ្ញាក់តែម្ដង។ អ្វីដែលខ្ញុំធ្វើ ធ្វើចេញពីចិត្ត អត់មានចង់បានស័ក្ដយស អ្វីទេ ដែលយើងធ្វើជាប្រយោជន៍សម្រាប់សង្គមទាំងមូល ដល់ពេលថ្នាក់ដឹកនាំគាត់មើលឃើញ ឱ្យតម្លៃ លើកទឹកចិត្ត យើងអារម្មណ៍រំភើប និងស្រក់ទឹកភ្នែក»។ នេះជាការលើកឡើងរ​បស់ សុផាន់ណា។ 
 
ផ្ទះ ប្រាក់ សុផាន់ណា នាភូមិកក្រាញ់។ 
 
ទៅអនាគត សុផាន់ណា ចង់បន្តជីវិតដូចសព្វថ្ងៃនេះដើម្បីជួយខ្លួនឯង និងសង្គម។ រូបគេនៅចង់ច្រៀង និងលើកទឹកចិត្តដល់មនុស្សទូទៅតាមរយៈចម្រៀង។ ក្រៅពីនេះ យុវជនរូបនេះមានបំណងរៀបចំស្ទូឌីយូ ផ្ទាល់ខ្លួនឡើងវិញ ក្រោយបាត់បង់នៅសម័យកូវីដ១៩។ សុផាន់ណា​ ប្រាប់ថា ចង់មានគ្រួសារតូចមួយ មានកូនចៅដូចគេឯង និងមានកន្លែងសម្រាប់ចែករំលែកចំណេះដឹងខាងភ្លេងទៅក្មេងៗដោយឥតគិតថ្លៃ។​
 
សារចុងក្រោយសម្រាប់លើកទឹកចិត្តខ្លួនឯង និងមហាជន គឺ៖« ព្យាយាមកុំគិតអវិជ្ជមានច្រើន គិតអ្វីដែលទៅមុខដែលល្អ។ យើងកើតមកលើផែនដីហើយ ត្រូវធ្វើអ្វីឱ្យមានប្រយោជន៍សម្រាប់ផែនដី ទោះបីពិការជើងភ្នែកក៏ដោយ។ ខ្ញុំគ្មានជើង តែខ្ញុំមានដៃខ្ញុំលេងភ្លេងកំដរអារម្មណ៍អ្នកគ្រប់គ្នាបាន»៕
 

Tag:
 ប្រាក់ សុផាន់ណា
  ចម្រៀង
  តន្ត្រី
  សិល្បៈ
  និពន្ធ
  មានដង្ហើមមានសង្ឃឹម
  ចម្រៀងលើកទឹកចិត្ត
© រក្សាសិទ្ធិដោយ thmeythmey.com