អន្តរជាតិ
ICC បើកផ្លូវឱ្យស៊ើបអង្កេតលើការសម្លាប់ក្នុងសង្រ្គាមគ្រឿងញៀននៅហ្វីលីពីនឡើងវិញ
19, Jul 2023 , 9:59 am        
រូបភាព
ចៅក្រមសាលាឧទ្ធរណ៍នៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានជម្រះផ្លូវសម្រាប់ការស៊ើបអង្កេត​លើការសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងអំឡុងសង្រ្គាមគ្រឿងញៀននៅហ្វីលីពីនក្រោមអាណត្តិលោក រ៉ូឌ្រីហ្គោ ឌូទើតេ ។ ក្រុមជនរងគ្រោះ បានសាទរការសម្រេចរបស់ ICC ជាជំហានមួយទៀត​ឆ្ពោះ​ទៅ​រ​ក​យុត្តិធម៌សម្រាប់អ្នកដែលត្រូវបានសម្លាប់។

 
នៅក្នុងសេចក្តីសម្រេចនាថ្ងៃទី១៨ ខែកក្កដា ចៅក្រមសាលាឧទ្ធរណ៍របស់ ICC បានច្រានចោលការ ប៉ុនប៉ងរបស់ហ្វីលីពីនក្នុងការរារាំងការស៊ើបអង្កេតលើយុទ្ធនាការប្រឆាំងគ្រឿងញៀនរបស់អតីត​ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ។ យ៉ាងណាមិញ តំណាងរបស់លោក ឌូទើតេ បាននិយាយថា លោកនឹងមិនអើពើនឹងការសម្រេចចិត្តនោះទេ។
 
ក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Harry Roque និយាយថា ក្នុងនាមជារដ្ឋឯករាជ្យ និង​អធិបតេយ្យ​ភាព មានតែតុលាការហ្វីលីពីនប៉ុណ្ណោះដែលអាចកាត់ទោស​ឧក្រិដ្ឋ​កម្ម​ណា​មួយ​ដែល​បាន​ប្រព្រឹត្ត​នៅ​ក្នុងទឹកដីហ្វីលីពីន។
 
«អតីតប្រធានាធិបតីនឹងប្រឈមមុខនឹងអ្នកចោទប្រកាន់របស់លោកគ្រប់ពេលវេលា ប៉ុន្តែនៅចំពោះ​មុខ​តុលាការហ្វីលីពីន និងចំពោះមុខចៅក្រមហ្វីលីពីនតែប៉ុណ្ណោះ»។ លោក Roque សង្កត់​ធ្ងន់​បែប​នេះ​។
 
កាលពីខែកញ្ញា ឆ្នាំ២០២១ ICC បានអនុម័តការស៊ើបអង្កេតជាផ្លូវការលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅហ្វីលីពីន ប៉ុន្តែបានផ្អាកការស៊ើបអង្កេតរបស់ខ្លួននៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ តាម​សំណើរ​បស់​ទីក្រុងម៉ានីល ដែលអះអាងថាខ្លួនបានស៊ើបអង្កេតដោយផ្ទាល់ផងដែរ។ ប៉ុន្តែនៅក្នុងខែមករា ឆ្នាំនេះ តុលាការ ICC អះអាងថា ខ្លួនមិនពេញចិត្តការស៊ើបអង្កេតរបស់ហ្វីលីពីនទេហើយរដ្ឋអាជ្ញា ICC សម្រេច​បន្តការស៊ើបអង្កេតទៀត។ ជាការឆ្លើយតប ទីក្រុងម៉ានីលបានប្តឹងឧទ្ធរណ៍​ចំពោះការ​សម្រេច​ចិត្តនេះ​ដែលទំនងជាប៉ុនប៉ងរារាំងការស៊ើបអង្កេតបន្ថែមទៀត។
 
បើតាមទិន្នន័យប៉ូលិសហ្វីលីពីន ជនសង្ស័យជាង៦,២០០នាក់ ត្រូវ​បាន​សម្លាប់​ក្នុង​អំឡុង​ពេល​ការ​បង្រ្កាបដ៏ឃោរឃៅដែលបានធ្វើឡើងបន្ទាប់ពីការជាប់ឆ្នោតរបស់លោក ឌូទើតេ ក្នុងឆ្នាំ២០១៦៕
 

Tag:
 ICC
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com