អន្តរជាតិ
ហ្វីលីពីន សន្យាស៊ើបអង្កេតដោយយុត្តិធម៌លើសង្គ្រាមគ្រឿងញៀន
20, Jul 2023 , 9:59 am        
រូបភាព
មួយថ្ងៃក្រោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ច្រានចោលការប៉ុនប៉ងមិនឱ្យស្ថាប័នស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀននៅហ្វីលីពីន ក្រសួងយុត្តិធម៌ហ្វីលីពីន នាថ្ងៃទី១៩ ខែកក្កដា អះអាងថា ការ​ស៊ើបអង្កេតរបស់ខ្លួនលើបទឧក្រិដ្ឋណាមួយអំឡុងពេលសង្គ្រាមគ្រឿងញៀន របស់​អតីត​ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទើតេ នឹងមិនលំអៀងនោះឡើយ។


 
ចំពេលមានការរិះគន់ពីក្រុមគ្រួសារជនរងគ្រោះ និងក្រុមសិទ្ធិមនុស្សជុំវិញការខ្វះការទទួលខុសត្រូវ ក្រសួងយុត្តិធម៌ហ្វីលីពីនបញ្ជាក់ថា ខ្លួននឹងធានាឱ្យមានការស៊ើបអង្កេតដោយយុត្តិធម៌ និងមិនលំអៀង​លើការចោទប្រកាន់ណាមួយ អំពីការរំលោភសិទ្ធិមនុស្ស ឬការរំលោភបំពាន។
 
«យើងយល់ពីសារសំខាន់នៃការផ្តល់វេទិកាមួយសម្រាប់ស្តាប់ជនរងគ្រោះ ហើយយើងធានាដល់​មនុស្ស​គ្រប់គ្នាថា សំឡេងរបស់ពួកគេនឹងត្រូវបានស្តាប់ និងយកចិត្តទុកដាក់យ៉ាងខ្លាំង»​។ សេចក្ដី​ថ្លែង​ការណ៍​របស់ក្រសួង បានលើកឡើងបែបនេះរួចបន្ថែមថា គោលបំណងរបស់ក្រសួង ​គឺ​ដើម្បី​ផ្ដល់​យុត្តិធម៌ និង​ការទទួលខុសត្រូវ ក៏ដូចជាការលើកកម្ពស់នីតិរដ្ឋ។
 
កាលពីថ្ងៃទី១៨ ខែកក្កដា ចៅក្រមសាលាឧទ្ធរណ៍របស់ ICC បានច្រានចោលសំណើរបស់ហ្វីលីពីន​ ដែល​ចង់ឱ្យ ICC ផ្អាកការស៊ើបអង្កេតលើការសម្លាប់មនុស្ស​រាប់​ពាន់​នាក់ ​ក្នុង​សង្គ្រាម​គ្រឿងញៀន។ ចៅក្រម ICC ​ដោយសង្កត់ធ្ងន់ថា ពួកគេ មិនជឿជាក់លើការស៊ើបអង្កេតរបស់ទីក្រុងម៉ានីលឡើយ៕
 
 

Tag:
 ហ្វីលីពីន
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com