កីឡាអន្តរជាតិ
អន្តរជាតិ
Women’s World Cup ៖ សហម្ចាស់ផ្ទះនូវែលសេឡង់បង្កើតប្រវត្តិសាស្ត្រឈ្នះការប្រកួតថ្ងៃបើកឆាកលើន័រវែស
20, Jul 2023 , 4:17 pm        
រូបភាព
ក្រុមនារីនូវែលសេឡង់ប្រកួតឈ្នះលើក្រុមនារីន័រវែសលទ្ធផល ១-០ នៃជំនួបថ្ងៃបើកឆាកវគ្គចែកពូលព្រឹត្តិការណ៍ Women’s World Cup 2023 ក្នុងកីឡដ្ឋាន Eden Park ស្ថិតក្នុងទីក្រុង Auckland។ ជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់នូវែលសេឡង់ ដែលប្រកួតឈ្នះក្នុងថ្ងៃប្រកួតដំបូងរបស់ប្រវត្តិសាស្ត្រខ្លួន។



លទ្ធផល ១-០ ដែលក្រុមនារីនូវែលសេឡង់ រកបានហើយក៏ជាគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះ កើតឡើងនៅនាទី៤៨ ដើមវគ្គទីពីរ ដោយកីឡាការិនីខ្សែប្រយុទ្ធ Hannah Wilkinson ពីការបញ្ជូនយ៉ាងល្អពីសំណាក់ដៃគូតំបន់ប្រយុទ្ធដូចគ្នា កីឡាការិនី Jacqui Hand។ 
 
ឈានដល់នាទី ៩០ នូវែលសេឡង់រកបានឱកាសថ្មីមួយបន្ថែមទៀតដើម្បីរក្សាជ័យជម្នះស្ទើរតែ ១០០ភាគរយពីការតាមវាយបករបស់ន័រវែស ដោយពួកគេទទួលបានបាល់ពិន័យ ១១ម៉ែត្រ ដែលជាការបង្កកំហុសពីសំណាក់កីឡាការិនីខ្សែការពារន័រវែសយកដៃរារាំងបាល់ក្នុងតំបន់ប្រអប់គ្រោះថ្នាក់។ ទោះយ៉ាងណាកីឡាការិនី Ria Percival ដែលជាអ្នករាប់រងទាត់បាល់ពិន័យ ១១ម៉ែត្រ បែរជាទាត់បាល់ចំកែងបង្គោលទីខាងលើ ហើយមិនអាចសម្រេចគ្រាប់បាល់ទី២ បាន។
  


ន័រវែសបានព្យាយាមបន្ថែមក្នុងប្រកួតដែលបូកបន្ថែមនូវនាទីចំនួន ៩នាទី ពួកគេបានព្យាយាមវាយបកទៅលើនូវែលសេឡង់ ប៉ុន្តែសហម្ចាស់ផ្ទះរៀបចំការប្រកួតមួយនេះ ហាក់ត្រៀមខ្លួនបានយ៉ាងល្អជាមួយទម្រង់លេង និងបានការពាររឹងមាំក្នុងការរក្សា ៣ពិន្ទុក្នុងដៃ ដើម្បីបន្តប្រជែងដណ្តើមកៅអីវគ្គជម្រុះ។
 
ឈ្នះលើន័រវែស នេះជាការប្រកួតលើកដំបូងហើយសម្រាប់ប្រវត្តិសាស្ត្រក្រុមនារីនូវែលសេឡង់ដែលអាចរកបានជ័យជម្នះនៅក្នុងការប្រកួតថ្ងៃបើកឆាករបស់ខ្លួនក្នុងពានរង្វាន់លំដាប់កំពូលដូចជា World Cup រួមជាមួយការប្រកួតប្រជែងពានរង្វាន់ក្នុងតំបន់អាស៊ីថែមទៀតដែលពួកគេតែងតែរងបរាជ័យរហូតដល់ ១៦លើកជាប់គ្នា។
 
ការប្រកួតបន្ទាប់នូវែលសេឡង់នឹងត្រូវបន្តទទួលស្វាគមន៍ក្រុមនារីហ្វីលីពីននៅថ្ងៃទី២៥ ខែកក្កដា មុនពេលជួបជាមួយនឹងក្រុមនារីស្វ៊ីសនៅថ្ងៃទី៣០ ខែកក្កដា។ ចំណែកម្ចាស់ជើងឯក ១សម័យកាល ន័រវែស ត្រូវបន្តដំណើរខ្លួនដោយជួបក្រុមស្វ៊ីសនៅថ្ងៃទី២៥ ខែកក្កដា មុនពេលត្រូវប៉ះហ្វីលីពីន ថ្ងៃទី៣០ ខែកក្កដា៕


 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com