កីឡាអន្តរជាតិ
អន្តរជាតិ
World Cup 2026៖ អភិបាលក្រុងញូវយ៉ក និងញូវជឺស៊ី ថាវគ្គផ្តាច់ព្រ័ត្រ ត្រូវធ្វើក្នុងកីឡដ្ឋានប្រណិត
21, Jul 2023 , 8:29 am        
រូបភាព
​ការប្រកួតព្រឹត្តិការណ៍ដ៏ធំលំដាប់ពិភពលោកដូចជា FIFA World Cup ក៏ដូចជាវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ដ៏ធំនេះត្រូវតែធ្វើឡើងនៅទីកន្លែងមួយដ៏ប្រណិត និងជាឆាកដ៏ធំបំផុតក្នុងពិភពលោកផងដែរ។ នេះបើតាមសម្តីរបស់លោក Eric Adams អភិបាលក្រុងញូវយ៉ក និងលោក Phil Murphy អភិបាលរដ្ឋញូវជឺស៊ី សហរដ្ឋអាម៉េរិក នាថ្ងៃទី១៩ ខែកក្កដា។



ព្រឹត្តិការណ៍ FIFA World Cup 2026 បានធ្វើឡើងដោយមានអាម៉េរិក, ម៉ិកស៊ិក និងកាណាដា រួមគ្នាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោកដ៏សំខាន់ក្នុងរយៈពេល ៣ឆ្នាំទៀតតែប៉ុណ្ណោះ ហើយការប្រកួតប្រជែងពានរង្វាន់ដ៏មានតម្លៃបំផុតក៏កំពុងតែស្វែងរកទីកន្លែងសម្រាប់រៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រផងដែរ។


 
រដ្ឋ Dallas ក៏ដូចជា Houston រួមជាមួយនឹង Miami ត្រូវបានគេរំពឹងថាបានដាក់ចំណាប់អារម្មណ៍របស់ខ្លួនក្នុងការបង្ហាញទីតាំងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2026 ខណៈដែលរដ្ឋ Los Angeles ដែលមានកីឡដ្ឋាន Sofi កំពុងតែជាទីតាំងនាំមុខគេ បន្ទាប់ពីកីឡដ្ឋាន MetLife ស្ថិតក្នុងកិច្ចសហការរវាងទីក្រុងញូវយ៉ក និងញូវជឺស៊ី។
 
តាមរយៈការអះអាងរបស់លោក ​Adam និងលោក Murphy ប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters ថាលោកទាំងពីរបានសម្លឹងមើលឃើញជម្រើសតែមួយគត់ប៉ុណ្ណោះសម្រាប់រៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
 
«ការប្រកួតព្រឹត្តិការណ៍ដែលមានមុខមាត់ធំសម្បើមលើពិភពលោក គួរតែត្រូវបានលេងនៅក្នុងទីកន្លែងនិងឆាកដ៏ធំ និងប្រណិត ហើយគ្មានទីកន្លែងណាផ្សេងទៀតឡើយនៅលើពិភពលោកនេះ​ ដែលធំជាងនេះ។»។ លោក Adam បាននិយាយបែបនេះ។
  


ដោយឡែកតាមស្រង់មតិពីកម្មវិធីមួយតាមប្រព័ន្ធអ៊ិនធឺណិតមានឈ្មោះថា YouGov ដោយផ្តោតលើមតិរបស់កីឡាករបាល់ទាត់អាជីពទូទាំងប្រទេសអាម៉េរិក នាពីថ្ងៃទី១៩ បានបង្ហាញពីការយល់ស្របជាមួយនឹងលោក Adams និង Murphy អំពីជម្រើសទីតាំងកីឡដ្ឋានរបស់ទីក្រុងញូវយ៉ក និងញូវជឺស៊ី សម្រាប់ជាទីកន្លែងរៀបចំវគ្គផ្តាច់ព្រ័ត្រ។
 
ការស្រង់មតិនោះរកឃើញថា ២១ភាគរយគឺចង់ឱ្យការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2026 ស្ថិតក្នុងទីក្រុងញូវយ៉ក និងញូវជឺស៊ី ដោយតាមពីក្រោយពីសំណាក់កីឡដ្ឋានស្ថិតក្នុងទីក្រុង Los Angeles ជាមួយ ១៧ភាគរយ បន្ទាប់មកទីក្រុង Miami មាន ១០ភាគរយ ព្រមទាំងកីឡដ្ឋានដទៃផ្សេងទៀតក្នុងប្រទេសអាម៉េរិក។ យ៉ាងណាទីក្រុងញូវយ៉ក ព្រមទាំងញូវជឺស៊ី និងប្រជែងខ្លាំងជាមួយនឹងទីក្រុង Los Angeles សម្រាប់ទីកន្លែងផ្តាច់ព្រ័ត្រ។
 
FIFA ត្រូវបានគេរំពឹងថានឹងប្រកាសពីទីតាំងសម្រាប់រៀបចំការប្រកួតកីឡាបាល់ទាត់ផ្សេងៗទៀត រួមទាំងការប្រកួត World Cup ផ្តាច់ព្រ័ត្រនៅចុងឆ្នាំនេះ។
 
ចំណែកបរិមាណនៃការផ្ទុកចំនួនអ្នកទស្សនាការប្រកួតវិញ កីឡដ្ឋាន MetLife ស្ថិតក្នុងកិច្ចសហការរវាងទីក្រុងញូវយ៉ក និងញូវជឺស៊ី អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៨,២ម៉ឺននាក់ តែមានភាពប្រណិតមិនខ្លាំងដូចកីឡដ្ឋាន Sofi ស្ថិតក្នុងទីក្រុង Los Angeles ដែលផ្ទុកអ្នកទស្សនាបានប្រមាណ ៧ម៉ឺននាក់៕
 
 

Tag:
 World Cup
  World Cup 2026
© រក្សាសិទ្ធិដោយ thmeythmey.com