កីឡាអន្តរជាតិ
អន្តរជាតិ
​ Women’s World Cup ដំណើរតាមគម្រោង ទោះមានហេតុការណ៍បាញ់ប្រហារនៅនូវែលសេឡង់
21, Jul 2023 , 9:29 am        
រូបភាព
ជំនួបបើកឆាករឹត្តិការណ៍ Women’s World Cup ក្នុងទីក្រុង Auckland ប្រទេសនូវែលសេឡង់នឹងដំណើរការតាមគម្រោងដដែល បើទោះមានការបាញ់ប្រហាបណ្តាលឱ្យស្លាប់មនុស្ស៣នាក់ នៅព្រឹកថ្ងៃទី២០ ខែកក្កដា។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA)។



ក្រុមសហម្ចាស់ផ្ទះ នូវែលសេឡង់ នឹងត្រូវជួបស្វាគមន៍ក្រុមន័រវេសនៅជំនួបបើកឆាកពូល A ក្នុងកីឡដ្ឋាន Eden Park នារសៀលវេលាម៉ោង ២។ មន្ត្រីប៉ូលីសនូវែលសេឡង់បានននិយាយថា ពួកគេបានគ្រប់គ្រងលើស្ថានភាពរួចរាល់ ហើយឧប្បត្តិហេតុគឺដាច់ដោយឡែក និងមិនមានហានិភ័យផ្នែកសន្តិសុខការប្រកួតឡើយ។
  


បើតាមសេចក្តីថ្លែងការណ៍របស់ FIFA បានបង្ហាញពីការសម្រេចចិត្ត បន្តដំណើរការប្រកួតតាមគម្រោងប្រកួតតាមកាលវិភាគ បន្ទាប់ពីបានពិភាក្សាជាមួយនឹងអាជ្ញាធរនូវែលសេឡង់ និងក្រុមដែលមកចូលរួម ដែលបានបញ្ជាក់ពីកីឡាករ និងបុគ្គលិកក្រុម។
 
«FIFA សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតទៅកាន់ក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់ជនរងគ្រោះដែលបានបាត់បង់ជីវិតបន្ទាប់ពីឧប្បត្តិហេតុដែលបានកើតឡើងនៅព្រឹកនេះក្នុងទីក្រុង Auckland/ Tamaki Makaurau និងក្នុងទីក្រុង Aotearoa ប្រទេសនូវែលសេឡង់។ […] FIFA បានណែនាំថាឧប្បត្តិហេតុគឺដាច់ដោយឡែកពីការប្រកួតបាល់ទាត់ ហើយការប្រកួតបើកឆាកយប់នេះនៅក្នុង Eden Park នឹងដំណើរការតាមការគ្រោងទុក។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ FIFA។
  


មិនត្រឹមតែ​ ​FIFA ប៉ុណ្ណោះដែលបង្ហាញការសោកស្តាយចំពោះហេតុការណ៍​ ក្រុមបាល់ទាត់មួយចំនួនក៏បានបង្ហាញការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះ។ ក្រុមបាល់ទាត់នារីនូវែលសេឡង់, អាម៉េរិក និងហ្វីលីពីន បានបង្ហាញការចូលរួមរំលែកទុក្ខតាមរយៈការបង្ហោះនៅលើបណ្តាញសង្គម Twitter។
 
ទីតាំងកើតហេតុនោះ មានចម្ងាយប្រមាណត្រឹមតែ ៣០០ ទៅ ៤០០ម៉ែត្រប៉ុណ្ណោះ ពីសណ្ឋាគារបស់ក្រុមន័រវេសបានសម្រាក ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុម បានប្រាប់ទៅកាន់ទីភ្នាក់ងារ PA News ដោយអះអាងថាក្រុមនារីន័រវេសគឺកំពុងតែត្រៀមខ្លួនសម្រាប់ការប្រកួតតាមធម្មតា។
 
ការប្រកួតនាថ្ងៃបើកឆាកព្រឹត្តិការណ៍ Women’s World Cup 2023 សហម្ចាស់ផ្ទះទាំង នូវែលសេឡង់ និងអូស្ត្រាលី នឹងត្រូវប្រកួតស្វាគមន៍បើកឆាករៀងៗខ្លួន ដោយអូស្ត្រាលី និងស្វាគមន៍ក្រុមសាធារណៈរដ្ឋអៀរឡង់វេលាម៉ោង ៥ ល្ងាច បន្ទាប់ពីនូវែលសេឡង់ ទទួលន័រវេសរួច៕
 
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com