អន្តរជាតិ
អាល់ហ្សេរីដាក់ពាក្យចូលរួមជាមួយក្រុម BRICS ព្រមទាំងការបញ្ចូលថវិកា ១,៥ ពាន់ លានដុល្លារ
22, Jul 2023 , 7:29 pm        
រូបភាព
ទូរទស្សន៍ Ennahar បានដកស្រង់សម្តីប្រធានាធិបតីអាល់ហ្សេរី លោក Abdelmadjid Tebboune ដែលបាននិយាយថា អាល់ហ្សេរីបានដាក់ពាក្យសុំចូលរួមជាមួយក្រុម BRICS ហើយបានដាក់សំណើដើម្បីក្លាយជាសមាជិកភាគទុនិករបស់ធនាគារ BRICS ក្នុងចំនួនទឹក ប្រាក់ ១,៥ ពាន់លានដុល្លារ។

 
នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចទៅកាន់ចិននាថ្ងៃទី២១ ខែកក្កដាប្រធានាធិបតីអាល់ហ្សេរី លោក Tebboune បានថ្លែងថា អាល់ហ្សេរីបានស្វែងរកការចូលរួមជាមួយ BRICS ដើម្បីបើក ឱកាសសេដ្ឋកិច្ចថ្មី។ ក្រុម BRICS រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ដែលមានចំនួនប្រជាជនច្រើនជាង ៤០ ភាគរយនៃចំនួនប្រជាជនសរុបពិភពលោក និង ប្រហែល ២៦ ភាគរយនៃសេដ្ឋកិច្ចសកល។
 
«យើងបានដាក់ពាក្យជាផ្លូវការដើម្បីចូលរួមជាមួយក្រុម BRICS យើងបានផ្ញើលិខិតសុំឱ្យក្លាយ ជាសមាជិកម្ចាស់ភាគហ៊ុននៅក្នុងធនាគារ...ការរួមចំណែកដំបូងរបស់អាល់ហ្សេរីនៅក្នុងធនាគារនឹងមាន ១,៥ ពាន់លានដុល្លារ»។ ប្រព័ន្ធផ្សព្វផ្សាយ Ennahar ស្រង់សម្ដីលោក Tebboune បែបនេះផងដែរ។
 
គួរបញ្ជាក់ថា ប្រទេសអាហ្រ្វិកខាងជើងមួយនេះសម្បូរទៅដោយធនធានប្រេង និងឧស្ម័ន ហើយកំពុងស្វែងរកការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ខ្លួននិងពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសផ្សេងៗដូចជាចិនជាដើម។
 
អ្នកការទូតកំពូលរបស់អាហ្រ្វិកខាងត្បូងទទួលបន្ទុកទំនាក់ទំនងជាមួយប្លុកនេះបានលើកឡើងក្នុងសប្តាហ៍នេះថា ប្រទេសជាង ៤០ បានសម្តែងចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយ ក្រុមប្រទេស BRICS ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com