ជាតិ
តំបន់ទេសចរណ៍ចំនួន៥កន្លែង ជាទីទាក់ទាញទេសចរខ្លាំងក្នុងខេត្តព្រះសីហនុ
22, Jul 2023 , 8:59 pm        
រូបភាព
រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
រូបភាពពី៖ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ
ដោយ៖ សែម ប្រាក់ដាវ
 
ភ្នំពេញ៖ តំបន់ទេសចរណ៍ចំនួន៥ក្នុងខេត្តព្រះសីហនុ ហាក់មានភាពលេចធ្លោ ដោយសារមានភ្ញៀវទេសចរជាតិ និងទេសចរអន្តរជាតិ ទៅកម្សាន្តច្រើនគួរឱ្យកត់សម្គាល់ នាឆ្នាំ២០២៣នេះ។ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ  បានឱ្យដឹងថា ទេសចរនិយមទៅកម្សាន្តនៅតាមឆ្នេរអូត្រេះ, ឆ្នេរអូរឈើទាល, កោះរ៉ុង, កោះសង្សារ និងកោះពស់។


 
ប្រធានមន្ទីរទេសចរណ៍រូបនេះ បានលើកឡើងថា ភាពល្បីល្បាញរបស់ខេត្តមួយនេះ ព្រោះជាខេត្តដែលមាន សមុទ្រ ឆ្នេរ កោះ និងភ្នំស្រស់ស្អាត។ ខេត្តជាប់សមុទ្រមួយនេះ មានកន្លែងកម្សាន្តជាច្រើន សម្រាប់ឱ្យទេសចរលម្ហែអារម្មណ៍ ក៏មានទេសភាពយ៉ាងស្រស់ត្រកាលទាក់ទាញទេសចរដើរកម្សាន្តផងដែរ។
 
បច្ចុប្បន្ន ទេសចរភាគច្រើនទៅកម្សាន្តលេងខេត្តព្រះសីហនុ មិនសូវជាស្នាក់នៅមួយថ្ងៃ ឬពីរថ្ងៃដូចមុននោះទេ ដោយសារតែខេត្តព្រះសីហនុមានផ្លូវល្បឿនលឿនពីភ្នំពេញ-ក្រុងព្រះសីហនុ ទើបទេសចរទៅកកម្សាន្តវិលវិញល្ងាច។  តំបន់ទេសចរណ៍តាមឆ្នេរ និងកោះ  អំណោយផលពីធម្មជាតិ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើន។ នេះជាការបញ្ជាក់បន្ថែមរបស់លោក តាំង សុចិត្តគ្រឹស្នា។ 
 
ប្រធានមន្ទីរទេសចរណ៍៍រូបនេះ បន្តថា៖ «ចំនួនទេសចរមកកម្សាន្តខេត្តព្រះសីហនុច្រើន ប៉ុន្តែទេសចរមិនបានស្នាក់នៅច្រើនដូចមុននោះទេ។ ទិន្នន័យនៃការថយចុះទេសចរស្នាក់នៅតាមផ្ទះស្នាក់ក្នុងខេត្តព្រះសីហនុ ធ្វើឱ្យអាជីវកម្មទេសចរណ៍ និងម្ចាស់ផ្ទះស្នាក់មួយចំនួនបាត់បង់ចំណូលរបស់ខ្លួន »។



សេវាកម្មល្អ និងទេសភាពស្រស់ស្អាត ជាកត្តាដែលធ្វើឱ្យកោះស្ដេចភ្ញៀវទេសចរមកកម្សាន្តលេងជាច្រើន។ ភ្ញៀវទេសចរទៅ ឆ្នេរអូត្រេះ, ឆ្នេរអូរឈើទាល, កោះរ៉ុង, កោះសង្សារ និងកោះពស់ ព្រោះទីនោះមានសក្តានុពលសម្បូរបែបដូចជា ភាពស្ងប់ស្ងាត់ ទេសភាពស្អាត ។ 
 
ដោយឡែក តំបន់ទេសចរណ៍នៅខេត្តព្រះសីហនុតែងមានភ្ញៀវទៅកម្សាន្តច្រើនរៀងរាល់សប្តាហ៍ ជាពិសេសតំបន់ឆ្នេរតែម្ដង។ ទោះយ៉ាងណា រដ្ឋបាលខេត្តព្រះសីហនុនៅតែប្រកាន់ភ្ជាប់សេវាកម្មល្អ និងបរិស្ថានស្អាត ធ្វើឱ្យខេត្តព្រះសីហនុ កាន់តែមានភាពទាក់ទាញ និងមានទេសចរទៅកម្សាន្តកើនឡើងរៀងរាល់សប្តាហ៍មិនដាច់ឡើយ។ 
 
ទេសចរភាគច្រើនទៅកម្សាន្តនៅទីនោះ ចូលចិត្តអង្គុយគយគន់សម្រស់ធម្មជាតិជាប់ឆ្នេរសមុទ្រយ៉ាងស្រស់ត្រកាល និងទេសចរជិះទូកកម្សាន្តតាមដងព្រែកទស្សនាថ្ងៃរះ ថ្ងៃលិច ដាំដើមកោងកាង បោះតង់ ចាក់ខ្យង  ស្ទូចត្រី ផ្ទះស្នាក់ និងអាហារសហគមន៍ផងដែរ។ ឆ្នេរចំនួនទៀតក្នុងខេត្ត រដ្ឋបាលខេត្តព្រះសីហនុ បានអភិវឌ្ឍន៍តំបន់សក្តានុពលទាំងនោះ ទៅជាតំបន់ទេសចរណ៍ធម្មជាតិផងដែរ។
 
សូមជម្រាបថា រយៈពេល៦ខែនៃឆ្នាំ២០២៣នេះ  ខេត្តព្រះសីហនុទទួលបានទេសចរទៅកម្សាន្តសរុបចំនួន ៣ ៣៩១ ២៣៣នាក់ កើនឡើង ៦៥ភាគរយ បើធៀបទៅនឹងឆមាសទី១នៃឆ្នាំ ២០២២ មានទេសចរចំនួន ២ ០៤៩ ៤៩៤នាក់។  ទេសចរជាង៣លាននាក់នេះ ក្នុងនោះភ្ញៀវជាតិ ចំនួន ៣ ២១៣ ៤៥១នាក់ កើនឡើង៧៦ភាគរយ និងភ្ញៀវអន្តរជាតិចំនួន ១៧៧ ៧៨២នាក់ ថយចុះ ២១ភាគរយ បើធៀបរយៈពេលដូចគ្នាឆមាសទី១នៃឆ្នាំ២០២២៕



© រក្សាសិទ្ធិដោយ thmeythmey.com