អន្តរជាតិ
សមយុទ្ធរួមគ្នាធំជាងគេបំផុតរបស់អូស្ត្រាលី និងអាម៉េរិកចាប់ផ្ដើមដំណើរការ
22, Jul 2023 , 3:39 pm        
រូបភាព
អូស្ត្រាលី និងអាម៉េរិកនាថ្ងៃទី២១ ខែកក្កដា បានចាប់ផ្តើមសមយុទ្ធសង្គ្រាមរយៈពេលពីរ សប្តាហ៍ ដែលមានការចូលរួមពីកងទ័ព និងអ្នកចូលរួមជាង ៣ម៉ឺននាក់មកពីប្រទេសចំនួន ១១ ផ្សេងទៀតក្នុងការបង្ហាញកម្លាំង និងការរួបរួម ខណៈចិនបានលេចចេញជាមហាអំណាច ដ៏ខ្លាំងក្លានៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក។

 
ធ្វើឡើងរៀងរាល់ពីរឆ្នាំម្តង សមយុទ្ធយោធារួមឈ្មោះ Talisman Saber លើកដំបូងត្រូវ បានធ្វើឡើងក្នុងឆ្នាំ ២០០៥ ហើយនៅឆ្នាំសមយុទ្ធនេះនឹងមានទំហំធំជាងគេបង្អស់បើប្រៀប នឹងឆ្នាំមុនៗ។
 
«សារសំខាន់បំផុតដែលចិនអាចទទួលយកបានពីសមយុទ្ធនេះ និងអ្វីទាំងអស់ដែលសម្ព័ន្ធមិត្ត និងដៃគូរបស់យើងធ្វើរួមគ្នានោះគឺថា ពួកយើងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងតម្លៃ ស្នូលដែលមានក្នុងចំណោមប្រជាជាតិជាច្រើនរបស់យើង»។ លោក Carlos Del Toro រដ្ឋលេខាធិការនៃកងទ័ពជើងទឹកអាម៉េរិកបាននិយាយនៅក្នុងពិធីបើកការដ្ឋានលើនាវាកងទ័ពជើងទឹកក្នុងទីក្រុងស៊ីដនីបែបនេះ។
 
សមយុទ្ធដែលធ្វើឡើងនៅទីតាំងផ្សេងៗគ្នានៅទូទាំងអូស្ត្រាលីនឹងរួមបញ្ចូលការប្រយុទ្ធតាមផ្លូវគោក និងផ្លូវអាកាស ក៏ដូចជាការចតលើសមុទ្រ។
រដ្ឋមន្ត្រីការពារជាតិលោក Richard Marles បាននិយាយនៅក្នុងពិធីដដែលនោះថា សមយុទ្ធ នេះបានបង្ហាញពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលីក្នុងការធ្វើការជាមួយដៃគូអន្តរជាតិដើម្បីរក្សា សន្តិសុខ និងស្ថិរភាពនៃតំបន់។
 
នៅឆ្នាំនេះអាឡឺម៉ង់ចូលរួមជាលើកដំបូងដោយមានទាហានឆ័ត្រយោង និងទាហានម៉ារីនចំនួន ២១០ នាក់ចូលរួម ខណៈដែលប្រទេសអ៊ឺរ៉ុបជំរុញវត្តមានរបស់ខ្លួននៅក្នុងឥណ្ឌូ-ប៉ាស៊ីហ្វិក។
 
កងទាហានមកពីឥណ្ឌា ហ្វីលីពីន សិង្ហបុរី និងថៃ ក៏នឹងចូលរួមជាអ្នកសង្កេតការណ៍ផងដែរ។
 
គួរបញ្ជាក់ថា អូស្ត្រាលីកំពុងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយអាម៉េរិកនិងដៃគូ ក្នុងតំបន់ដូចជាជប៉ុន និងឥណ្ឌា ស្របពេលដែលរដ្ឋាភិបាលធ្វើការជួសជុលទំនាក់ទំនង ពាណិជ្ជកម្មជាមួយចិនដែលត្រូវបានតានតឹងដោយជម្លោះពាណិជ្ជកម្ម ការវិនិយោគ និង សន្តិសុខ។ យោងតាមមន្ត្រីការពារជាតិអូស្ត្រាលីម្នាក់ បច្ចុប្បន្ននាវាចិនមួយ កំពុងស្ថិតនៅ ឆ្នេរសមុទ្រភាគខាងកើតនៃអូស្ត្រាលីហើយត្រូវបានគេរំពឹងថានឹងចាំឃ្លាំមើលសមយុទ្ធនេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com