អន្តរជាតិ
ឥណ្ឌាដាក់បម្រាមការនាំចេញអង្ករសំខាន់ៗ ដែលបង្កឱ្យមានការភ័យខ្លាចអតិផរណា
22, Jul 2023 , 8:29 pm        
រូបភាព
ឥណ្ឌាដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំបំផុតរបស់ពិភពលោកនាថ្ងៃទី២០ ខែកក្កដា បានបញ្ជាឱ្យបញ្ឈប់ប្រភេទអង្ករនាំចេញដ៏ធំបំផុតរបស់ខ្លួននៅក្នុងការផ្លាស់ប្តូរមួយដែលនឹង កាត់បន្ថយការនាំចេញប្រហែលពាក់កណ្តាល។ ចំណាត់ការនេះបង្កឱ្យមានការភ័យខ្លាចអំពី អតិផរណាបន្ថែមទៀតនៅលើទីផ្សារអាហារពិភពលោក។

 
រដ្ឋាភិបាលឥណ្ឌាបាននិយាយថា ខ្លួនកំពុងដាក់បម្រាមលើអង្ករសក្រៅពីប្រភេទបាម៉ាទី បន្ទាប់ ពីតម្លៃអង្ករលក់រាយបានកើនឡើង ៣ ភាគរយក្នុងរយៈពេលមួយខែបន្ទាប់ពីភ្លៀងមូសុងខ្លាំង បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ដំណាំ។ ឥណ្ឌាមានចំណែកច្រើនជាង ៤០ ភាគរយ នៃការនាំចេញអង្ករពិភពលោក ហើយការស្តុកអង្ករទាបជាងមុនជាមួយប្រទេសនាំចេញផ្សេង ទៀតមានន័យថា តម្លៃម្ហូបអាហារកើនឡើងខណៈមានជំរុញដោយការឈ្លានពានរបស់ រុស្ស៊ីលើអ៊ុយក្រែនកាលពីឆ្នាំមុន និងអាកាសធាតុខុសប្រក្រតីរួចស្រាប់មកហើយ។
 
«ដើម្បីធានាបាននូវភាពគ្រប់គ្រាន់នៃអង្ករសក្រៅពីប្រភេទបាម៉ាទី នៅក្នុងទីផ្សារឥណ្ឌា និង ដើម្បីកាត់បន្ថយការកើនឡើងនៃតម្លៃនៅក្នុងទីផ្សារក្នុងស្រុករដ្ឋាភិបាលឥណ្ឌាបានធ្វើវិសោធនកម្មគោលនយោបាយនាំចេញ»។ ក្រសួងម្ហូបអាហារឥណ្ឌាបាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយដែលលើកឡើងពីការកើនឡើង ១១,៥ ភាគរយនៃតម្លៃលក់រាយក្នុងរយៈ ពេល ១២ ខែ។
ប្រភេទដែលបានប៉ះពាល់គឺអង្ករសក្រៅពីប្រភេទបាម៉ាទីដែលមានចំនួនប្រហែល១០លានតោននៃការនាំចេញអង្ករឥណ្ឌាសរុប២២លានតោនកាលពីឆ្នាំមុន។ រដ្ឋាភិបាលបានបំភ្លឺកាលពី ល្ងាចថ្ងៃដដែលថា អង្ករស parboiled ដែលតំណាងឱ្យការនាំចេញចំនួន ៧,៤ លានតោន ក្នុងឆ្នាំ ២០២២ មិនត្រូវបានរាប់បញ្ចូលក្នុងការហាមឃាត់នោះទេ។
 
ប្រធានសមាគមអ្នកនាំចេញអង្ករលោក  B.V. Krishna Rao បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ចំណាត់ការឥណ្ឌានេះនឹងរំខានទីផ្សារអង្ករពិភពលោកជាមួយនឹងល្បឿនលឿន ជាងជម្លោះនៅអ៊ុយក្រែនដែលបង្កផលប៉ះពាល់ក្នុងទីផ្សារស្រូវសាលីឯណោះ។ លោកបន្ថែម ថា ការហាមឃាត់ភ្លាមៗលើការនាំចេញនឹងមានផលប៉ះពាល់ខ្លាំងសម្រាប់អ្នកទិញដែលមិន អាចជំនួសការនាំចេញពីប្រទេសណាមួយបានឡើយ។
 
លោក Rao សង្កត់ធ្ងន់ថា ខណៈពេលដែលថៃ និងវៀតណាមមិនមានស្តុកគ្រប់គ្រាន់ដើម្បី បំពេញកង្វះខាត តម្រូវការពីអាហ្វ្រិកនឹងរងផលប៉ះពាល់ខ្លាំងបំផុតដោយការសម្រេចចិត្តរបស់ ឥណ្ឌា។ ប្រទេសទិញអង្កធំៗផ្សេងទៀតរបស់ឥណ្ឌារួមមាន បេណាំង សេណេហ្កាល់ កូតឌីវ័រ តូហ្គោ ហ្គីណេ បង់ក្លាដែស និងនេប៉ាល់ ក៏អាចនឹងប៉ះពាល់ផងដែរ។
 
ការហាមឃាត់នេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី២០ ខែកក្កដា ប៉ុន្តែកប៉ាល់ដែលកំពុងផ្ទុកអង្ករ រួចស្រាច់ហើយ នឹងត្រូវបានអនុញ្ញាតសម្រាប់ការនាំចេញ៕

© រក្សាសិទ្ធិដោយ thmeythmey.com