អន្តរជាតិ
លោកពូទីន និង លោក Lukashenko នឹងជួបប្រជុំគ្នា បន្ទាប់ពីរុស្ស៊ីព្រមានអំពីការឈ្លានពាន ប្រឆាំងនឹងបេឡារុស
23, Jul 2023 , 3:59 pm        
រូបភាព
វិមានក្រេមឡាំងនាថ្ងៃទី២៣ ខែកក្កដាបានប្រកាសថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងមេដឹកនាំបេឡារុសលោក Alexander Lukashenko នឹងជួបគ្នានៅថ្ងៃដដែលនេះ ពីរថ្ងៃបន្ទាប់ពីទីក្រុងមូស្កូបានព្រមានពីការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសជិតខាង និងសម្ព័ន្ធមិត្តដ៏រ៉ឹងមាំបំផុតនឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើរុស្ស៊ី។

 
បន្ទាប់ពីប៉ូឡូញបានសម្រេចចិត្តកាលពីដើមសប្តាហ៍នេះដើម្បីផ្លាស់ទីអង្គភាពយោធាទៅជិត ព្រំដែនរបស់ខ្លួនជាមួយបេឡារុសជាការឆ្លើយតបទៅនឹងការមកដល់របស់កងកម្លាំងពីក្រុម ទាហានស៊ីឈ្នួលរបស់រុស្ស៊ី Wagner លោកពូទីនបាននិយាយថាទីក្រុងម៉ូស្កូនឹងប្រើគ្រប់ មធ្យោបាយដែលខ្លួនមានចំពោះការវាយប្រហារណាមួយលើរដ្ឋធានីមីស្កិ៍។
 
វិមានក្រេមឡាំងក៏បានបញ្ជាក់ផងដែរថា លោក Lukashenko កំពុងបំពេញទស្សនកិច្ចការងារ នៅរុស្ស៊ី ហើយនឹងពិភាក្សាជាមួយលោក ពូទីន អំពីការអភិវឌ្ឍបន្ថែមទៀតនៃភាពជាដៃគូយុទ្ធ សាស្ត្ររបស់ប្រទេសទាំងពីរ។  ខណៈដែលមិនបានបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់អ៊ុយក្រែន លោក Lukashenko បានអនុញ្ញាតឱ្យទីក្រុងម៉ូស្កូប្រើប្រាស់ទឹកដីបេឡារុសដើម្បីបើកការ ឈ្លានពានពេញលេញលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ ២០២២ ហើយចាប់តាំងពីពេលនោះមក  បានជួបជាមួយលោកពូទីនជាញឹកញាប់។
 
ប្រទេសទាំងពីរបានធ្វើសមយុទ្ធហ្វឹកហ្វឺនយោធារួមគ្នាជាច្រើនដង ហើយនៅក្នុងខែមិថុនា Lukashenko បានអនុញ្ញាតឱ្យរុស្ស៊ីប្រើជាមូលដ្ឋានសម្រាប់អាវុធ នុយក្លេអ៊ែររបស់រុស្ស៊ីដែល ជាទង្វើមួយទទួលបានការថ្កោលទោសយ៉ាងទូលំទូលាយដោយលោកខាងលិច។
 
កាលពីថ្ងៃទី២០ ខែកក្កដា ក្រសួងការពារជាតិបេឡារុសបាននិយាយថា ទាហានស៊ីឈ្នួល Wagner បានចាប់ផ្តើមហ្វឹកហាត់កងកម្លាំងពិសេសបេឡារុសនៅជួរយោធាដែលមានចម្ងាយ តែប៉ុន្មានម៉ាយពីព្រំដែនជាមួយប៉ូឡូញដែលជាសមាជិកណាតូ។ ប្រធានក្រុម Wagner លោក Yevgeny Prigozhin ត្រូវបានបង្ហាញនៅក្នុងវីដេអូស្វាគមន៍ក្រុមទាហានរបស់លោកទៅកាន់ បេឡារុសកាលពីថ្ងៃទី១៩ ខែកក្កដាដោយប្រកាសថា ពួកគេនឹងមិនចូលរួមទៀតទេសម្រាប់ ពេលនេះនៅក្នុងសង្គ្រាមនៅអ៊ុយក្រែនប៉ុន្តែបានបញ្ជាឱ្យពួកគេប្រមូលកម្លាំងសម្រាប់ប្រតិបត្តិការរបស់ Wagner នៅអាហ្វ្រិកខណៈពេលដែលពួកគេត្រូវហ្វឹកហាត់កងទ័ពបេឡារុស៕

© រក្សាសិទ្ធិដោយ thmeythmey.com