កីឡាអន្តរជាតិ
អន្តរជាតិ
Telles ចេញពី​ Man Utd តាម Ronaldo នៅ Al-Nassr
24, Jul 2023 , 12:29 pm        
រូបភាព
​ខ្សែការពារស្លាបឆ្វេង​ Alex Telles បានចាកចេញពីក្រុម Manchester United ទៅចូលរួមក្លិប Al-Nassr ស្ថិតក្នុងក្របខណ្ឌ Saudi Pro League ជាមួយអតីតមិត្តរួមក្រុម Cristiano Ronaldo ដោយទទួលបានកិច្ចសន្យាដល់ឆ្នាំ ២០២៥។ នេះបើតាមក្លិបទាំងពីរបានប្រកាសនៅថ្ងៃទី២៣​ ខែកក្កដា។



ខ្សែការពារសញ្ជាតិប្រេស៊ីល វ័យ៣០ឆ្នាំ បានជួយក្រុម Sevilla លើកពានរង្វាន់ Europa League រដូវកាលមុនក្នុងនាមជាកីឡាករខ្ចីជើងពី Man Utd។ នៅរដូវកាលថ្មី Telles​ នៅតែមិនស្ថិតក្នុងជម្រើសរបស់លោក Erik ten Hag ទើបបិសាចក្រហមសម្រេចលក់រូបគេទៅឱ្យក្រុម Al-Nassr ក្នុងលីគអារ៉ាប៊ីសាអូឌីត។


 
ក្លិបទាំងសងខាងមិនបានប្រាប់អំពីតម្លៃនៃការផ្ទេរច្បាស់លាស់ប៉ុន្មានឡើយ តែបើតាមប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា Man United ទទួលបាន ៦លានផោន (៧,៧១លានដុល្លារ) សម្រាប់កិច្ចព្រមព្រៀងនេះ។
 
ក្លិប Man United បានបង្ហោះនៅលើបណ្តាញសង្គម Twitter ដើម្បីអរគុណដល់ Alex Telles និងជូនរូបគេទទួលជោគជ័យក្នុងក្លិបថ្មី។ ភ្លាមៗនោះក្លិប Al-Nassr ក៏បានបង្ហាញអំពីរូបគេរបស់ Telles ដោយគេបានកាន់អាវដែលមានពណ៍លឿងរបស់ក្លិប Al-Nassr។
 
ចាប់តាំងពីការផ្លាស់ទៅកាន់ទឹកដីអារ៉ាប៊ីសាអូឌីតកាលពីដើមខែមករា ឆ្នាំ ២០២៣ របស់ Ronaldo ជាមួយក្លិប Al-Nassr ដោយទទួលបានតម្លៃពលកម្មខ្ពស់ខ្លាំង។ ក្របខណ្ឌ Saudi Pro League តាំងពីពេលនោះមកបានក្លាយជាក្របខណ្ឌដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់កីឡាករតំបន់អឺរ៉ុប។
 
កាលរដូវកាលមុន Al-Nassr បានបញ្ចប់ចំណាត់ថ្នាក់លេខ ២ ក្នុងក្របខណ្ឌ Saudi Pro League ប៉ុន្តែកាលពីដើមខែកក្កដានេះ ក្លិបមួយនេះត្រូវបាន FIFA ហាមប្រាមពីការចុះឈ្មោះកីឡាករថ្មីដោយសារតែជំពាក់បំណុលគេ។ ចំណុលដែលក្លិប ​Al-Nassr បានជំពាក់នោះដោយសារតែបញ្ហានៃការដោះដូរកីឡាករសញ្ជាតិនីហ្សេរីយ៉ា Ahmed Musa ដោយបានផ្លាស់ពីក្លិប Leicester City ក្នុងឆ្នាំ ២០១៨៕
 

Tag:
 Alex Telles
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com