កីឡាអន្តរជាតិ
អន្តរជាតិ
Women’s World Cup ៖ អ៊ីតាលី ឈ្នះហ្សង់ទីន ១-០ ឯប្រេស៊ីល ប៉ះប៉ាណាម៉ា និងអាល្លឺម៉ង់ ប៉ះម៉ារ៉ុក
24, Jul 2023 , 4:23 pm        
រូបភាព
ការប្រកួត ៣គូនៃពានរង្វាន់ Women’s World Cup 2023 ចាប់ផ្តើមពីរសៀលថ្ងៃទី២៤ ខែកក្កដា នេះទៅ ដោយក្រុមនារីអ៊ីតាលី ត្រូវជួបតទល់ជាមួយអាហ្សង់ទីន មុនពេលក្រុមនារីអាល្លឺម៉ង់តទល់ជាមួយក្រុមនារីម៉ារ៉ុក និងក្រុមនារីប្រេស៊ីល ជួបប៉ាណាម៉ា។​ ក្រុមនារីប្រេស៊ីល និងអាល្លឺម៉ង់ ចាប់ផ្តើមការប្រកួតដំបូងក្នុងវគ្គចែកពូលរៀងៗខ្លួន ខណៈម៉ារ៉ុកចង់បង្កើតប្រវត្តិសាស្ត្រការបង្ហាញខ្លួនលើកដំបូង។



ក្រុមនារីអ៊ីតាលីដែល ធ្លាប់ឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឆ្នាំ ២០១៩ បានប្រកួតក្នុងជំនួបវគ្គសន្សំពិន្ទុ ពូល C នៃព្រឹត្តិការណ៍ World Cup 2023 ទល់អាហ្សង់ទីន វេលាម៉ោង ១រសៀល (ម៉ោងនៅកម្ពុជា)។ សម្រាប់ការប្រកួតនេះ ក្រុមអ៊ីតាលី បានយកឈ្នះអាហ្សង់ទីន ដោយលទ្ធផល១-០ ដោយកីឡាការិនី C. Girelli ក្រោយពីការបញ្ជូនបាល់យ៉ាងល្អ ពីសំណាក់កីឡាការិនី L.Boatti នានាទី៨៧។
 
ចំណែកក្រុមលំដាប់ថ្នាក់លេខ ២ លើពិភពលោក អាល្លឺម៉ង់ដែលបានឈ្នះពាន World Cup នៅក្នុងឆ្នាំ ២០០៣ និង ២០០៧ ក៏ដូចជាមេដាយមាសអូឡាំពិកឆ្នាំ ២០១៦ ម្ចាស់ពានរង្វាន់តំបន់អឺរ៉ុប ៨សម័យ នឹងត្រូវចាប់ផ្តើមការប្រកួតដំបូងរបស់ខ្លួនវគ្គចែកពូល ដោយត្រូវជួបក្រុមនារីម៉ារ៉ុប នៅវេលាម៉ោង ៣:៣០រសៀល (ម៉ោងនៅកម្ពុជា)។ ម៉ារ៉ុក បង្ហាញខ្លួនលើកដំបូងនៅក្នុងព្រឹត្តិការណ៍ Women’s World Cup។ 
 
ក្រុមជើងឯករង Euro 2022 អាល្លឺម៉ង់ដែលបានប្រកួតចាញ់ក្រោមថ្វីជើងក្រុមនារីអង់គ្លេស​ លទ្ធផលនោះគឺជាលទ្ធផលដ៏ល្អបំផុតសម្រាប់ពួកគេចាប់តាំងពីការប្រកួតប្រជែងក្នុងពានរង្វាន់នានា តាំងពីឆ្នាំ ២០១៣។​ បើទោះជាក្រុមនារីអាល្លឺម៉ង់ក្លាយជាក្រុមកំពុងទទួលបានការចាប់អារម្មណ៍បំផុតក្នុងការប្រកួត ប៉ុន្តែអ្នកស្រី Martina Voss-Tecklenburg បានព្រមានថាការប្រកួតបាល់ទាត់នារីលើកនេះមានការប្រកួតច្រើនខ្លាំង។
 
«ក្រុមបាល់ទាត់នារីលើកនេះគឺមកដល់ឆាប់រហ័សជាងរាល់ដង ពិតណាស់ប្រទេសជាច្រើនបានមកកាន់ទីនេះគឺដើម្បីប្រកួតប្រជែង ដោយពួកគេបានឆ្លងកាត់ការប្រជែងច្រើនរួចមកហើយ ដូច្នេះពួកគេក៏នឹងអាចបង្កបញ្ហាដល់យើង។ យើងនឹងត្រូវមានសេណារីយ៉ូដូចគ្នាសម្រាប់ថ្ងៃស្អែក។»។ នេះបើតាមសម្តីរបស់អ្នកស្រី ​Voss-Tecklenburg។
 
ក្រុមនារីម៉ារ៉ុកមានចំណាត់ថ្នាក់លេខ ៧២ លើពិភពលោកគឺជាក្រុម ១ ក្នុងចំណោម ៨ក្រុមថ្មីដែលធ្វើដំណើរមកកាន់ការប្រកួត World Cup លើកដំបូងបំផុតដូចៗគ្នាក្នុងការប្រកួត Women’s World Cup 2023។ ម៉ារ៉ុកបានប្រជែងឈ្នះកៅអី World Cup បន្ទាប់ពីពួគគេបានបញ្ចប់ចំណាត់ថ្នាក់លេខ ២ នៅក្នុងពានរង្វាន់ Africa Cup of Nation។ មុនការប្រកួតមកដល់លោក Reynald Pedros គ្រូបង្វឹកក្រុមនារីម៉ារ៉ុកបាននិយាយថាកូនក្រុមលោកបានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រយុទ្ធ។
 
ដោយឡែកការប្រកួតមួយគូទៀតប្រេស៊ីលនឹងត្រូវជួបតទល់ជាមួយនឹងក្រុមប៉ាណាម៉ានៅវេលាម៉ោង ៦ល្ងាច (ម៉ោងនៅកម្ពុជា) ដែលជាការប្រកួតបើកឆាកក្នុងជំនួបពូល F។
ប្រេស៊ីលជាជើងខ្លាំងមួយនៅទ្វីបអាម៉េរិកខាងត្បូង មិនទាន់ទទួលបានភាពជោគជ័យខ្លាំងប៉ុន្មានឡើយនៅលើឆាកពិភពលោក ក្រោយពួកគេធ្លាប់ធ្វើបានល្អបំផុតក្នុងឆ្នាំ​ ២០០៧ ដោយបញ្ចប់ចំណាត់ថ្នាក់លេខ ២។ ឆ្នាំ ២០១១ ពួកគេឈានជើងឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ តែការប្រកួត ២លើកចុងក្រោយពួកគេធ្លាក់ត្រឹមវគ្គ ១៦ក្រុម៕
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com