ជាតិ
ទេស​ចរជិត ៤ម៉ឺននាក់ សម្រុកទៅកម្សាន្តនៅខេត្តព្រះសីហនុ នាថ្ងៃបោះឆ្នោត
24, Jul 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ខេត្តព្រះសីហនុ ទទួលបានទេសចរ ជាង៤ម៉ឺននាក់ នៅថ្ងៃទី២៣ ខែកក្កដា ចំថ្ងៃបោះឆ្នោត ។ នេះបើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ  ដែលបន្ថែមថា ក្នុងចំណោមនោះ ទេសចរជាតិ ច្រើនជាងទេសចរអន្តរជាតិ។



លោក ឡុង ឌីម៉ង់ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា​ ក្រោយបោះឆ្នោតរួច នៅពេលព្រឹកកាលពីម្សិលមិញ ពលរដ្ឋបានសម្រុកទៅខេត្តព្រះសីហនុតាមផ្លូវល្បឿនលឿន ដើម្បីកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្ត ។  រីឯ សណ្ឋាគារ ក៏ពេញស្ទើរតែអស់។
  
លោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់បានបញ្ជាក់ដូច្នេះ៖ «កាលពីម្សិលមិញ ពេលបោះឆ្នោតរួច គឺចំនួនទេសចរដែលមកលេងក្រោយការបោះឆ្នោតគឺមានប្រមាណចន្លោះពី ៣ម៉ឺនទៅ៤ម៉ឺននាក់។ ឯភ្ញៀវដែលមកភ្លាមៗ សុទ្ធតែភ្ញៀវខ្មែរ ដែលពួកគាត់បោះឆ្នោតហើយ ពួកគាត់អញ្ជើញមក»។
 
ទោះបីកាលពីម្សិលមិញ ខេត្តព្រះសីហនុ មានភ្លៀងធ្លាក់បន្តិចបន្តួចក្ដី តែទេសចរនៅតែមកលេងតាមតំបន់កម្សាន្តនានាក្នុងខេត្តជាហូរហែ។  នេះបើតាមលោក ឡុង ឌីម៉ង់ ដែលអះអាងថា ទោះចំនួនទេសចរច្រើន និងមិនសូវមានអ្នកសម្អាតច្រើនដូចថ្ងៃធម្មតាក្ដី ប៉ុន្តែគ្មានបញ្ហារឿងសំរាមឡើយ ដោយសារពលរដ្ឋមានការយល់ដឹង និងទុកដាក់សំរាមដោយខ្លួនឯងបានល្អ៕
 
រថយន្តរបស់អ្នកធ្វើដំណើរនៅលើផ្លូវល្បឿនលឿន ឆ្ពោះមកខេត្តព្រះសីហនុ។ រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ


Tag:
 ThmeyThmey25
  ព្រះសីហនុ
  ទេសចរណ៍
 ឡុង ឌីម៉ង
 បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com