កីឡាអន្តរជាតិ
អន្តរជាតិ
Thompson ពីអ្នកគាំទ្រ ក្លាយជាសមាជិកក្រុមជម្រើសជាតិអាម៉េរិក ទៅ World Cup
24, Jul 2023 , 8:29 pm        
រូបភាព
កីឡាការិនីបាល់ទាត់វ័យក្មេង Alyssa Thompson ចាប់ផ្តើមពីអ្នកគាំទ្រវិស័យកីឡាបាល់ទាត់នារីក្នុងប្រទេសអាម៉េរិក រហូតក្លាយជាកីឡាការិនីដើម្បីប្រកួតប្រជែងសម្រាប់ក្រុមនារីអាម៉េរិកនៅព្រឹត្តិការណ៍ Women’s World Cup 2023 ដែលអូស្ត្រាលី និងនូវែលសេឡង់ធ្វើជាសហម្ចាស់ផ្ទះ។



កីឡាការិនីវ័យ១៨ឆ្នាំរូបនេះ បានចាប់ផ្តើមលេងបាល់ទាត់ដំបូងនៅក្នុងអាយុ ៩ឆ្នាំ ស្ថិតក្នុងក្រុមយុវជនមួយក្នុងឆ្នាំ ២០១៣។ រហូតដល់អយុ ១៣ឆ្នាំ Thompson អាចមានសមត្ថភាពចូលរួមលេងជាមួយក្រុមដែលមានកីឡាការិនីមានអាយុលើសនាងដល់ទៅ ៤ឆ្នាំថែមទៀត។ ឈានដល់វ័យ ១៧ឆ្នាំ នាងក៏ត្រូវបានចូលរួមលេងឱ្យក្រុមដែលនាងធ្លាប់ហ្វឹកហាត់កាលនៅវ័យក្មេង The Futbol Academy (TFA) ក្នុងក្រុមអាយុក្រោម ១៩ឆ្នាំ ចូលរួមប្រកួតពានរង្វាន់លីគបាល់ទាត់យុវជនរបស់អាម៉េរិកលីគ MLS Next ហើយនាងជានារីតែម្នាក់ក្នុងចំណោមការប្រកួតរបស់កីឡាករប្រុសៗ។ 
  


ពេលនេះ Thompson បានក្លាយជាកីឡាការិនីជួយក្រុមអាម៉េរិកសម្រាប់បន្តការប្រកួតវគ្គចែកពូលទល់នឹងក្រុមហូឡង់ ដូចដែលនាងធ្លាប់បានទស្សនាកាលពីវ័យក្មេង។ ឆ្នាំ​ ២០២២ គឺជាពេលដែលកីឡាការិនីរូបនេះត្រូវបានក្រុមអាម៉េរិកកោះហៅជាលើកដំបូង និងបានបង្ហាញខ្លួនឱ្យក្រុមនារីលើកដំបូងបំផុត ដោយកាលនោះ អាម៉េរិកប្រកួតទល់អង់គ្លេស ដែលមានទស្សនាប្រមាណ ៩ម៉ឺន ក្នុងកីឡដ្ឋាន Wembley។
 
កីឡាការិនីដែលមានវ័យ ១៨ឆ្នាំ ទើបបញ្ចប់ការសិក្សាថ្នាក់មហារវិទ្យាល័យកាលពីខែមិថុនាកន្លងទៅ ហើយរូបនាងផ្ទាល់មិនធ្លាប់រំពឹងទេថានឹងអាចបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ World Cup បានឆាប់រហ័សបែបនេះនោះទេ។
 
«ខ្ញុំបាននឹកឃើញដល់ពេលវេលា និងនៅតែចងចាំថាតើវាមានសភាពខ្លាំងប៉ុណ្ណោះ ហើយថាទៅមុខនឹងទៅជាយ៉ាងណាសម្រាប់ការប្រកួតមួយនោះ វានឹងក្លាយជាការប្រកួតដ៏តានតឹង ហើយខ្ញុំពិតជាមានភាពភ័យខ្លាចខ្លាំងណាស់សម្រាប់ក្រុម។ កាលពីមុនខ្ញុំមិនធ្លាប់បានគិតនោះទេអំពីរឿងរ៉ាវនៃការប្រកួតបែបនេះ តែពិតជារឿងមួយដ៏ភ្ញាក់ផ្អើលខ្ញុំបានមកដល់ពេលនេះ។»។ កីឡាការិនី Alyssa Thompson បានលើកឡើងបែបនេះក្នុងសន្និសីទកាសែត។
 
Thompson បានក្លាយជាកីឡាករវ័យក្មេងទីពីររបស់ក្រុមនារីអាម៉េរិកនៅក្នុងការប្រកួត Women’s World Cup 2023 ដោយនាងបានផ្លាស់ប្តូរចូលនៅនាទី៧៥ ដែលជាការប្រកួតក្រុមរបស់នាងបានយកឈ្នះលើក្រុមនារីវៀតណាមដោយលទ្ធផល ៣-០ កាលពីថ្ងៃទី២២ ខែកក្កដា។
 
ការប្រកួតបន្ទាប់ក្រុមនារីអាម៉េរិកនឹងប្រកួតតទល់ក្រុមហូឡង់នៅក្នុងទីក្រុង Wellington នាថ្ងៃទី២៧ ខែកក្កដា មុនពេលការប្រកួតចុងក្រោយក្នុងពូលទល់ក្រុមនារីព័រទុយហ្កាល់៕
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com