កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ សណ្ឋាគាក្រុមនារីនូវែលសេឡង់ស្នាក់នៅត្រូវភ្លើងឆេះ​ តែនាយកប្រតិបត្តិថាមិនប៉ះពាល់ស្មារតីក្រុម
24, Jul 2023 , 5:59 pm        
រូបភាព
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិនារីនូវែលសេឡង់នៅតែមានស្មារតីប្រកួតក្នុង  ក្នុងព្រឹត្តិការណ៍ Women’s World Cup 2023 ទោះមានករណីភ្លើងឆេះក្នុងសណ្ឋាគាដែលពួកគេស្នាក់នៅ។ ក្រុមនារីនូវែលសេឡង់ត្រូវបង្ខំចិត្តជម្លៀសចេញក្នុងរយៈពេលខ្លីកាលពីរាត្រីថ្ងៃទី២២ ខែកក្កដា ក្រោយមានអគ្គិភ័យកើតឡើង។ នេះបើតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមលោក ​Andrew Pragnell នាថ្ងៃទី២៣ ខែកក្កដា។



បើតាមការអះអាងបន្ថែមពីសំណាក់លោក Pragnell ទាក់ទង់នឹងរឿងរ៉ាវឧប្បតិ្តហេតុចំពោះក្រុមស្ថិតក្នុងពេលការប្រកួត ក្រុមនារីនូវែលសេឡង់បានជម្លៀសចេញនាវេលាម៉ោងប្រហែល ៨យប់ ទៅកាន់ភោជនីយដ្ឋានមួយនៅជិតកន្លែងសណ្ឋាគា ដែលក្រុមស្នាក់នៅ។ ករណីភ្លើងឆេះនោះបានបង្កជាផ្សែងខ្លាំងនៅតាមជណ្តើរស្ថិតក្នុងសណ្ឋាគា Pullman ប៉ុន្តែភ្លើងឆេះនោះត្រូវបានគ្រប់គ្រងទាន់ពេលវេលា។
  


លោក Pragnell បានបន្តថា មន្ត្រីប៉ូលិសនូវែលសេឡង់បានចាប់ខ្លួនជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធនឹងការឆេះ ហើយបុគ្គលនោះកំពុងប្រឈមនឹងការចោទប្រកាន់ពីបទដុតនិងការលួច។ លោក Pragnell ក៏បានបញ្ជាក់ពីសុវត្ថិភាពក្រុម ព្រមទាំងក្រុមមានស្មារតីល្អ។
 
«កីឡាករគ្រប់គ្នា និងបុគ្គលិកក្នុងក្រុមសុទ្ធសឹងតែមានសុខភាពល្អប្រសើរ យើងបានហ្វឹកហាត់យ៉ាងល្អនៅថ្ងៃនេះក្រោមពន្លឺព្រះអាទិត្យរៀបលិចយ៉ាងស្រស់ត្រកាល ដែលជាការស្វាគមន៍ដ៏ល្អ ហើយយើងបានសម្លឹងមើលឃើញអំពីរឿងរ៉ាវល្អៗ។»។ ​លោក Pragnell បាននិយាយបែបនេះប្រាប់អ្នកកាសែតនាថ្ងៃទី២៣ ខែកក្កដា។
 
ការរំខានដោយភ្លើងឆេះ កើតឡើងបន្ទាប់ពីក្រុមនារីនូវែលសេឡង់បានប្រកួតយកឈ្នះនៅក្រុមន័រវែសលទ្ធផល ១-០ ក្នុងការប្រកួតបើកឆាក់ជំនួបពូល A ក៏ដូចជាថ្ងៃបើកព្រឹត្តិការណ៍ Women’s World Cup 2023 ក្នុងកីឡដ្ឋាន Eden Park។
 
ការប្រកួតបន្ទាប់ក្រុមនារីនូវែលសេឡង់នឹងត្រូវស្វាគមន៍ក្រុមនារីហ្វីលីពីនក្នុងទីក្រុង Wellington នៅថ្ងៃទី២៥ ខែកក្កដា ហើយក្រោយការប្រកួតដំបូងក្រុមម្ចាស់ផ្ទះមួយនេះកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ខណៈប្រទេសស្ថិតក្នុងទ្វីបអូសេអានីមួយនេះភាគច្រើនល្បីល្បាញលើកីឡាបាល់ឧប៕
 
 

Tag:
 Women’s World Cup 2023
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com