ជាតិ
បោះឆ្នោត
សន្លឹកឆ្នោតមិនបានការលើកនេះ តិចជាងលើកមុន
24, Jul 2023 , 9:59 pm        
រូបភាព
សកម្មភាពមន្រ្តីគ.ជ.ប រាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោតមួយ ក្នុងខេត្តព្រៃវែង បន្ទាប់ពីដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបិទបញ្ចប់។
សកម្មភាពមន្រ្តីគ.ជ.ប រាប់សន្លឹកឆ្នោតនៅការិយាល័យបោះឆ្នោតមួយ ក្នុងខេត្តព្រៃវែង បន្ទាប់ពីដំណើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ត្រូវបិទបញ្ចប់។
ដោយ:
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣នេះ មានសន្លឹកឆ្នោតមិនបានការជាង ៤៤ម៉ឺនសន្លឹក។ នេះបើតាមលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដែលបានប្រាប់សារព័ត៌មានថ្មីៗ នៅរសៀលថ្ងៃទី២៤ ខែកក្កដានេះ។



លោក ហង្ស ពុទ្ធា បន្តថា សន្លឹកឆ្នោតមិនបានការជាង៤៤ម៉ឺនសន្លឹកនេះ ស្មើនឹងប្រមាណ៥ភាគរយនៃចំនួនសន្លឹកឆ្នោតសរុប។ បើធៀបនឹងលើកមុន ចំនួនសន្លឹកឆ្នោតមិនបានការលើកនេះ មានតិចជាង ព្រោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ មានសន្លឹកឆ្នោតមិនបានការជិត ៦០ម៉ឺនសន្លឹក។
 
ក្នុងចំណោម​ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង៩,៧លាននាក់ មានប្រជាពលរដ្ឋជាង៨,២លាននាក់ ឬស្មើនឹងជាង៨៤ភាគរយ ដែលបានទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣។ ចំណែកកាលពីឆ្នាំ២០១៨ ប្រជាពលរដ្ឋជាង៨លាននាក់ បានទៅបោះឆ្នោត។ 
 
សូមបញ្ជាក់ថា ការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០២៣នេះ បានឲ្យដឹងថា គណបក្ស ដែលទទួលបានសំឡេងឈានមុខគេ គឺគណបក្សប្រជាជនកម្ពុជា ហើយបន្ទាប់មក គឺ គណបក្សហ៊្វុនស៊ិនប៉ិច។ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការ និងចំនួនអាសនៈដែលគណបក្សត្រូវទទួលបាន៕  
 

Tag:
 សន្លឹកឆ្នោតមិនបានការ
© រក្សាសិទ្ធិដោយ thmeythmey.com