កីឡាអន្តរជាតិ
អន្តរជាតិ
Sadio Mane ពិចារណាសំណើពីក្រុម Al-Nassr ក្រោយបាត់ប្រជាប្រិយនៅ Bayern Munich
24, Jul 2023 , 10:29 pm        
រូបភាព
Sadio Mane ខ្សែប្រយុទ្ធក្រុម Bayern Munich កំពុងតែពិចារណាលើសំណើផ្ទេរទៅក្លិប Al-Nassr ស្ថិតក្នុងក្របខណ្ឌ Saudi Pro Leagueនៃទឹកដីប្រទេសអារ៉ាប៊ីសាអូឌីត​។


ខ្សែប្រយុទ្ធវ័យ ៣១ឆ្នាំ បានបាត់បង់ប្រជាប្រិយភាព នៅក្នុងក្រុមយក្សរបស់អាល្លឺម៉ង់ Bayern Munich បន្ទាប់ពីការបង្ហាញខ្លួននៅរដូវកាលដំបូងរបស់គេមិនសូវបានល្អ ក្រោយផ្ទេរពីក្រុម Liverpool ក្នុងតម្លៃខ្លួន ៣៥លានផោន (៤៥លានដុល្លារ) នារដូវកាលមុន។
  


ក្លិប Bayern កំពុងតែសម្លឹងការលក់ខ្សែប្រយុទ្ធសញ្ជាតិសេណេហ្កាល់រូបនេះ ក្រោយពេលលោក Thomas Tuchel ដែលជាអ្នកចាត់ការក្រុមនិយាយថា Mane បានធ្លាក់ទម្រង់ឆាប់រហ័សជាងការរំពឹងទុក។

Mane មកដល់ពេលនេះ បានជួបពិភាក្សាជាមួយតំណាងក្លិប Al-Nassr តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងឡើយ។​ បើសិនជា Mane ត្រូវផ្លាស់ទៅទឹកដីអារ៉ាប៊ីសា​អូឌីត​ពិតមែន នោះគេអាចត្រូវបានចូលរួមក្រុមដោយលេងជាមួយនឹងខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានផ្លាស់ទៅកាន់ក្របខណ្ឌ Saudi Pro league កាលពីខែមករា ព្រមទាំងកីឡាករ Alex Telles និងខ្សែបម្រើ Marcelo Brozovic កីឡាករក្រុមជម្រើសជាតិក្រូអាស៊ី។​
 
បន្ទាប់ពីភាគជោគជ័យនៅទឹកដី Anfield ដែលជាទីកន្លែងរូបគេ ឈ្នះពានរង្វាន់ UEFA Champions league និង Premier League ខ្សែប្រយុទ្ធ Mane បានផ្លាស់ទៅទឹកដីអាល្លឺម៉ង់ និងបាននិយាយថា ជាពេលវេលាដ៏ស័ក្តិសមក្នុងការផ្លាស់ប្តូរ តែរូបគេបរាជ័យក្នុងការបង្ហាញខ្លួន ជាមួយទម្រង់លេងដ៏ល្អក្នុងក្រុម Bayern Munich។
 
Mane នៅក្រុមជើងឯកលីគរបស់អាល្លឺម៉ង់ គេបង្ហាញខ្លួនលេងបាន ៣៨ប្រកួត សម្រាប់ក្រុមនៅរដូវកាលមុន ដោយរកបានត្រឹមតែ ១២គ្រាប់តែប៉ុណ្ណោះ។ ចំពោះបញ្ហារបស់ Mane លោក Tuchel បាននិយាយថា ៖«កាលៈទេសៈនៃការប្រកួតប្រជែង គឺមានកម្រិតខ្ពស់ខ្លាំង ក្នុងការចាប់ផ្តើមនូវទីតាំងរបស់គេ គឺមិនងាយស្រួលឡើយ។ កីឡាករបានយល់ដឹងពីរឿងនេះ គេបានយល់ពីគំនិតរបស់ខ្ញុំ និងគំនិតរបស់ក្លិប។»៕
 

Tag:
 Sadio Mane
  Al-Nassr
© រក្សាសិទ្ធិដោយ thmeythmey.com