កីឡាអន្តរជាតិ
អន្តរជាតិ
PSG ៖ ក្លិប ​Al-Hilal អាចជជែកពីការផ្ទេរ Mbappe បន្ទាប់ពីដាក់សំណើរ ៣៣៣លានដុល្លារ
25, Jul 2023 , 12:19 pm        
រូបភាព
ក្លិប Paris Saint Germain ទទួលបានសំណើរក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោក ៣០០លានអឺរ៉ូ (៣៣៣លានដុល្លារ) លើការផ្ទេរ Kylian Mbappe ពីសំណាក់ក្រុមស្ថិតក្នុងអារ៉ាប៊ីសាអូឌីត Al-Hilal។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃទី២៤ ខែកក្កដា។



នាពេលបច្ចុប្បន្ន Mbappe កំពុងតែមានរឿងរ៉ាវរកាំរកូសនឹងក្លិប PSG លើបញ្ហាការផ្លាស់ប្តូរចេញពីក្លិបយក្សរបស់បារាំងមួយនេះ។ Mbappe នៅសល់កិច្ចសន្យារយៈពេល ១ឆ្នាំជាមួយនឹងក្រុម PSG ខណៈដែលដំណឹងនៃការមិនព្រមបន្តកិច្ចសន្យា បានក្លាយជាឱកាសដ៏ល្អបំផុតសម្រាប់ក្រុម Real Madrid ដែលតែងចង់បានរូបគេទៅចូលរួមក្រុម។  យ៉ាងណាថ្មីៗនេះ ក្លិបយក្សស្ថិតនៅប្រទេសអេស្ប៉ាញមិនទាន់មានសកម្មភាពអ្វីឡើយជុំវិញការផ្ទេរ Mbappe។
  


ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំង Mbappe ធ្លាប់បានអះអាងថារូបគេនឹងនៅបន្តប្រកួតប្រជែងសម្រាប់ PSG ក្នុងរដូវកាល ២០២៣-២៤ ប៉ុន្តែក្រោយបញ្ចប់កិច្ចសន្យាក្នុងឆ្នាំ ២០២៤ រូបគេបានប្រាប់ទៅកាន់ក្លិបរួចហើយថានឹងមិនព្រមបន្តកិច្ចសន្យាអ្វីបន្ថែមទៀតឡើយ។ ក្រោយបញ្ចប់រដូវកាល ២០២៣-២៤ Mbappe អាចនឹងចាកចេញដោយគ្មានតម្លៃខ្លួន ដែលត្រូវបង្ខំចិត្តដល់ ក្លិប PSG ទាមទារដាក់លក់ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ។
 
ក្លិប Al-Hilal មកដល់ពេលនេះ បានដាក់សំណើរទៅកាន់ក្លិប PSG សម្រាប់ ​Kylian Mbappe។ បើតាមប្រភពដែល AFP ទទួលបាន ការផ្ទេរអាចនឹងកើតឡើងលុះត្រាតែមានកិច្ចព្រមព្រៀងពី Mbappe ដែលមិនធ្លាប់បង្ហាញចំណាប់អារម្មណ៍ក្នុងការផ្លាស់ទៅកាន់លីគអារ៉ាប៊ីសាអូឌីតដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សឡើយ។
 
«ក្លិបបានអនុញ្ញាតដល់ក្លិប Al-Hilal ក្នុងការជជែកជាមួយនឹង ​Mbappe។ សំណើរដែលបានដាក់ក្នុងលិខិតនោះហើយ ដែលត្រូវបានការអនុញ្ញាតសម្រាប់កិច្ចពិភាក្សាបន្ត។»។ នេះជាសម្តីរបស់ប្រភពក្នុងក្លិប PSG ប្រាប់មកកាន់ទីភ្នាក់ងារ AFP។
 
ក្លិប Al-Hilal របស់លីគ​ Saudi Pro League គឺជាក្លិបធំមួយក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានកាន់កាប់ដោយគម្រោងមូលនិធិវិនិយោគសាធារណៈអារ៉ាប៊ីសាអូឌីត (PIF) ដូចទៅនឹងក្លិបចំនួន ៣ផ្សេងទៀតរួមមាន Al-Nassr, Al-Ittihad និងក្លិប Al-Ahli។
 
កាលពីពេលថ្មីៗនេះក្លិប Al-Hilal បានចុះកិច្ចសន្យានាំយកខ្សែការពារពីក្រុម Chelsea កីឡាករវ័យ ៣១ឆ្នាំ Kalidou Koulibaly និងកីឡាករ Ruben Neves ពីក្រុម Wolves៕
 

Tag:
 Paris Saint Germain
  Kylian Mbappe
© រក្សាសិទ្ធិដោយ thmeythmey.com