កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូបង្វឹកបាល់ទាត់ចិនម្នាក់សុំទោសទទួលកំហុស ក្រោយទះកំផ្លៀងអាជ្ញាកណ្តាល
25, Jul 2023 , 10:29 pm        
រូបភាព
លោក Xin Duan គ្រូបង្វឹកក្រុមបាល់ទាត់ Liaoning Shenyang ស្ថិតនៅលីគទីពីររបស់ចិន ចេញមុខសុំទោសចំពោះទង្វើរមិនសមរម្យ បន្ទាប់ពីបានទះកំភ្លៀងអាជ្ញាកណ្តាល អំឡុងការប្រកួតនៅថ្ងៃទី២៣ ខែកក្កដា។ នេះបើតាមការប្រកាសរបស់ក្លិប Liaoning Shenyang។



វីដេអូមួយបានបង្ហាញនៅលើបណ្តាញសង្គមរបស់ប្រទេសចិន ទាក់ទងនឹងការប្រកួតក្របខណ្ឌទីពីរ China League One រវាងក្រុម Liaoning Shenyang ដែលចាញ់ក្រុម Nanjing City លទ្ធផល ៤-០។



វីដេអូនោះបង្ហាញអំពីសកម្មភាពគ្រូបង្វឹក Xin Duan ត្រូវបានគេមើលឃើញថាបានតតាំងជជែកជាមួយនឹងអាជ្ញាកណ្តាលការប្រកួតលោក Chen Hao បន្ទាប់ពីការផ្តល់បាល់ពិន័យ ១១ម៉ែត្រទៅដល់ក្រុមគូប្រជែង។ ក្រោយមក លោក Xin Duan ត្រូវបានផ្តល់កាតក្រហម បន្ទាប់ពីលោកបានទះកំផ្លៀងមន្ត្រីអាជ្ញាកណ្តាលការប្រកួត។ 
 
បើតាមរបាយការណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិន លោក ​Xin Duan គ្រូបង្វឹកក្រុម Liaoning Shenyang ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបន្ទាប់ពីដួចសន្លប់ មុនពេលត្រឡប់ទៅសណ្ឋាគារក្រុម ហើយលោកបានសុំទោសទៅកាន់អាជ្ញាកណ្តាល។
 
«នៅក្នុងវគ្គទីមួយនៃការប្រកួត​ អ្នកដឹកនាំក្លិបរបស់យើងមិនយល់ស្របនឹងការសម្រេចរបស់អាជ្ញាកណ្តាល ហើយមានប្រព្រឹត្តិមិនសមរម្យសមហេតុផល ដែលបំពានលើគោលការណ៍ណែនាំរបស់ CFA League។ បន្ទាប់ពីការប្រកួត អ្នកចាត់ការក្រុមរបស់យើងបានទាក់ទងជាមួយលោក Xin Duan ហើយបានស្វែងរកដំណោះស្រាយ ព្រមទាំងសុំទោសចំពោះកំហុសដែលលោកបានបង្កឡើង។»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុម Liaoning Shenyang នៅលើបណ្តាញសង្គម Weibo។
 
យ៉ាងណាទាក់ទងទៅនឹងបញ្ហានេះ សមាគមបាល់ទាត់ចិន CFA មិនទាន់មានវិធានការអ្វីឡើយលើរឿងរ៉ាវនៃការបង្កគ្រោះថ្នាក់ដល់អាជ្ញាកណ្តាលការប្រកួតនៅឡើយនោះទេ។ ក្លិប Nanjing City ជាក្រុមស្ថិតនៅលេខ ៤ ក្នុងក្របខណ្ឌទី២ របស់ប្រទេសចិន ខណៈដែលក្រុម Liaoning Shenyang ស្ថិតនៅចំណាត់ថ្នាក់លេខ ១៣៕
 

Tag:
 បាល់ទាត់
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com