ជាតិ
ឥទ្ធិពលព្យុះ «ដុកស៊ូរី» នឹងធ្វើឱ្យកម្ពុជា​បន្តធ្លាក់ភ្លៀងលាយឡំខ្យល់កន្រ្តាក់
26, Jul 2023 , 7:59 am        
រូបភាព
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ កម្ពុជា​ បន្តធ្លាក់ភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់មួយសប្ដាហ៍ទៀត ដោយសារឥទ្ធិពលព្យុះទី៥ ឈ្មោះ «ដុកស៊ូរី» ដែលកំពុងតែធ្វើដំណើរឆ្ពោះទៅប្រទេសចិនក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធាតុទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែកក្កដា។



ក្រសួងធនធានទឹក​ព្យាករណ៍ថា ចាប់ពីថ្ងៃទី២៦កក្កដា ដល់១សីហា កម្ពុជាបានទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើអាងទន្លេមេគង្គភាគខាងលើកាត់ប្រទេសថៃ ឡាវ និងភាគកណ្តាលវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ ចំណែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងកើតប្រទេសហ្វីលីពីនឯណោះវិញ មានព្យុះទី៥ ឈ្មោះ «ដុកស៊ូរី» បានបង្កើនកម្លាំងទៅជា (TY DOKSURI) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសចិន ក្នុងចន្លោះប្រទេសហ្វីលីពីន និងកោះតៃវ៉ាន់។ ព្យុះនេះ នឹងអាចទៅដល់ប្រទេសចិន នៅអំឡុងថ្ងៃទី២៨ ខែកក្កដា ។
 
លក្ខណៈបែបនេះនឹងធ្វើឱ្យ តំបន់ទំនាបកណ្តាល ​អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរ។ លើកលែងតែបណ្តាខេត្តនៅពាយ័ព្យអាចមានភ្លៀង ជាបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ តំបន់ខ្ពង់រាបវិញ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម និងបង្គួរដោយផ្នែក លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
 
ចំណែក តំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ នៅលើផ្ទៃសមុទ នឹងមានខ្យល់បក់បោកខ្លាំង ព្រមទាំងរលកសមុទ្រមានកម្ពស់ខ្ពស់។ ជាមួយគ្នានេះ ក្រសួងធនធានទឹក បានអំពាវនាវដល់សារធារណជនឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ៕ 
 

Tag:
 អាកាសធាតុ
  ភ្លៀង
  ខ្យល់កន្រ្តាក់
© រក្សាសិទ្ធិដោយ thmeythmey.com