កីឡាអន្តរជាតិ
អន្តរជាតិ
Messi នឹងក្លាយជាប្រធានក្រុម Inter Miami
26, Jul 2023 , 8:29 am        
រូបភាព
ខ្សែប្រយុទ្ធ Lionel Messi នឹងក្លាយជាប្រធានក្រុមថ្មីនៅក្លិប Inter Miami ចាប់ពីពេលបង្ហាញខ្លួននៅប្រកួតដំបូងរួច។ នេះបើតាមការអះអាងរបស់លោក Tata Martino គ្រូបង្វឹកក្រុមស្ថិតក្នុងក្របខណ្ឌលីគអាម៉េរិកមួយនេះ នាថ្ងៃទី២៤ ខែកក្កដា។



Messi បានចុះកិច្ចសន្យាជាមួយនឹង Inter Miami កាលពីដើមខែកក្កដា មុនរូបគេបានបង្ហាញខ្លួនលេងលើកដំបូងសម្រាប់ក្លិបស្ថិតនៅប្រទេសអាម៉េរិក ដោយបានពាក់ស្លាកប្រធានក្រុមនៅពេលផ្លាស់ប្តូរចូល។ ជំនួបនោះប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន ថែមទាំងរកបានគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមឈ្នះទៅលើក្លិប ​Cruz Azul របស់ម៉ិកស៊ិកក្នុងពានរង្វាន់ League Cup  តាមរយៈការស៊ុតបាល់ពិន័យ Freekick យ៉ាងល្អចុងម៉ោង។
  


ក្លិប Inter Miami កាលពីមុនមានកីឡាករសញ្ជាតិប្រេស៊ីលខ្សែបម្រើ Gregore ជាប្រធានក្រុម ហើយដែលមកដល់ពេលនេះមិនបានចូលរួមបង្ហាញខ្លួនលេងជាមួយក្រុមដោយសារតែរបួសជើង។
 
លោក ​Tata Martino នៅពេលត្រូវបានគេសួរថា Messi នឹងបន្តជាប្រធានក្រុម Inter Miami ឬយ៉ាងណា គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានអះអាងដូច្នេះថា ៖ «នៅថ្ងៃបន្ទាប់រូបគេនឹងនៅតែជាប្រធានក្រុមដូចគ្នា នៅពេលគេបានមកចូលរួម ពិតណាស់រូបគេនឹងធ្វើជាប្រធានក្រុមថ្មីរបស់ក្រុម។»។
 
ក្លិប Inter Miami ខិតកាន់តែគៀកនៃការប្រកួតវគ្គចែកពូលក្នុងពានរង្វាន់ League Cup ដោយថ្ងៃទី២៥ ខែកក្កដា Inter Miami ត្រូវស្វាគមន៍ក្រុម Atlanta United ដោយពួកគេរំពឹងយកឈ្នះការប្រកួតបន្តដើម្បីអាចស្វែងរកឱកាសឈានជើងឡើងទៅកាន់វគ្គជម្រុះបន្តទៀត។ 
 
ការប្រកួតពានរង្វាន់ League ​Cup រវាងក្រុមស្ថិតក្នុងក្របខណ្ឌ MLS និង Liga MX របស់ប្រទេសម៉ិកស៊ិកមានរចនាសម្ព័ន្ធនៃការប្រកួតគឺដូចគ្នាទៅនឹងការប្រកួតពានរង្វាន់ World Cup ដោយក្រុមត្រូវឆ្លងកាត់វគ្គចែកពូល ហើយបន្ទាប់មកគឺត្រូវប្រកួតជម្រុះជាបន្តបន្ទាប់រហូតដល់ផ្តាច់ព្រ័ត្រ៕
 

Tag:
 Lionel Messi
  Inter Miami
© រក្សាសិទ្ធិដោយ thmeythmey.com