កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ Man United ដាក់គោលដៅយកខ្សែប្រយុទ្ធវ័យក្មេង Hojlund ពី Atalanta
26, Jul 2023 , 9:29 am        
រូបភាព
លោក Erik ten Hag អ្នកចាត់ការក្រុម Manchester United ថ្ងៃទី២៥ ខែកក្កដា បាននិយាយថាក្រុមរបស់លោកកំពុងឈានដល់គម្រោងក្នុងការស្វែងរកខ្សែប្រយុទ្ធដើម្បីមកចូលរួមក្រុមហើយ។ Rasmus Hojlund ខ្សែប្រយុទ្ធ Atalanta ស្ថិតក្នុងគោលដៅនាំមុខគេរបស់អ្នកចាត់ការហូឡង់។



ពេលថ្មីៗនេះ ក្រុមបិសាចក្រហមបានច្រានចោលនូវរឿងរ៉ាវចចាមអារ៉ាម ដែលថាខ្លួនកំពុងចង់នាំយកខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe ព្រមទាំងខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane មកចូលរួមក្រុម ខណៈដែលកីឡាករខ្សែប្រយុទ្ធទាំងពីរនេះ កំពុងមានរឿងរ៉ាវមិនច្បាស់លាស់ចំពោះអនាគតរបស់ពួកគេ ជាមួយក្លិបដែលពួកគេកំពុងនៅ។
  


ខ្សែប្រយុទ្ធក្រុម Atalanta សញ្ជាតិដាណឺម៉ាក Rasmus Hojlund ដែលមានវ័យត្រឹមតែ ២០ឆ្នាំ ជាកីឡាករតែម្នាក់ប៉ុណ្ណោះក្នុងតំបន់ប្រយុទ្ធ ដែលក្រុម Man United បានដាក់គោលដៅជាយូរមកហើយ។ តែ Man United មានភាពស្ទាក់ស្ទើរក្នុងការជួបជាមួយ​ក្លិបស្ថិតក្នុងប្រទេសអ៊ីតាលី ក៏ដូចជាតម្លៃនៃការផ្ទេរប្រមាណ ៦០លានផោន (៧៧,១ លានដុល្លារ)។ «យើងកំពុងចាប់ផ្តើមដំណើរការ តែយើងដឹងថានឹងត្រូវធ្វើរឿងនេះបែបណាហើយ។ អ្វីដែលខ្ញុំអាចនិយាយនៅពេលនេះ គឺយើងកំពុងតែធ្វើគ្រប់យ៉ាងចេញពីថាមពលរបស់យើង ដើម្បីឱ្យការងារមួយនេះទទួលបានជោគជ័យ។ សម្រាប់ខ្ញុំ កាន់តែឆាប់ កាន់តែល្អ ព្រោះតែយើងត្រូវការគេឱ្យសម្របខ្លួនក្នុងក្រុមកាន់តែលឿន ជាមួយនឹងទម្រង់លេង។»។ លោក Ten Hag បាននិយាយបែបនេះ អំឡុងពេលក្រុមកំពុងធ្វើដំណើរប្រកួតមិត្តភាព ក្នុងទីក្រុង San Diego ប្រទេសអាម៉េរិក មុនជំនួបទល់ក្រុម Wrexham នៅថ្ងៃទី២៦ ខែកក្កដា និង Real Madrid នៅថ្ងៃបន្ទាប់។
 
ការលើកឡើងរបស់លោក Ten Hag បែបនេះបានប្រាប់ពីបំណងថាក្រុម Man United កំពុងតែត្រូវការខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ ខ្លាំងដើម្បីមកចូលរួមក្រុមត្រៀមខ្លួនសម្រាប់រដូវកាលថ្មី ខណៈដែលក្រុមម្ចាស់ពាន EFL Cup មួយនេះ មានតំបន់ប្រយុទ្ធមិនសូវមុតស្រួច។ 
 
អំពី Hojlund ដែលក្រុមបិសាចក្រហមកំពុងតាមប្រម៉ាញ់មកចូលរួមក្រុម ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាក បានចូលរួមជាក្រុម Atalanta នៅក្នុងឆ្នាំ ២០២២ ដោយរូបគេរកបានគ្រាប់បាល់ចំនួន ១០គ្រាប់ ពីការបង្ហាញខ្លួនចំនួន ៣៤លើក កាលពីរដូវកាលមុន។ 
 
កីឡាករវ័យក្មេងរូបនេះ ​ថែមទាំងបានបង្ហាញខ្លួនលេងឱ្យក្រុមជម្រើសជាតិដាណឺម៉ាក អំឡុងខែកញ្ញា ឆ្នាំ​២០២២ ដោយគេបានជួយក្រុមជម្រើសជាតិ ប្រកួតជម្រុះព្រឹត្តិការណ៍ Euro 2024 ចំនួន ៦ប្រកួត និងរកបាន ៦គ្រាប់ពីការប្រកួតទាំងនោះ។
 
នារដូវកាល ២០២៣-២៤ នេះទៀតសោត ក្រុម Man United បានចុះកិច្ចសន្យានាំយកកីឡាករថ្មីចំនួន ២រូប ដែលជាកីឡាករដែលមានកេរ្តិ៍ឈ្មោះ និងសមត្ថភាពខ្លាំងនាពេលបច្ចុប្បន្នដូចជាខ្សែបម្រើ Mason Mount មកពីក្រុម Chelsea តម្លៃប្រមាណ ៥៥លានផោន (៧០លានដុល្លារ) និងអ្នកចាំទី Andre Onana ពីក្រុម Inter Milan តម្លៃ៤៣,៨លានផោន (៥៦,២៨លានដុល្លារ) ក្រោយ David de Gea បានចាកចេញពីក្រុម ក្រោយចប់កុងត្រា៕
 

Tag:
 Erik ten Hag
  Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com