អន្តរជាតិ
UN ចាប់ផ្តើមផ្ទេរប្រេងជាង១លានធុងចេញពីកប៉ាល់ដឹកប្រេងដែលខូចនៅសមុទ្រក្រហម
26, Jul 2023 , 10:06 am        
រូបភាព
អង្គការសហប្រជាជាតិ (UN) នាថ្ងៃទី២៥ ខែកក្កដាបានប្រកាសថា ខ្លួនបានចាប់ផ្តើមការដកយក​ប្រេងជាង១លានបារ៉ែលចេញពីនាវាដឹកប្រេងដែលកំពុងពុកផុយនៅឆ្នេរសមុទ្រក្រហមរបស់យេម៉ែន ដែលត្រូវបានចាត់ទុកជាប្រតិបត្តិការដ៏ស្មុគស្មាញមួយដើម្បីបញ្ចៀសគ្រោះមហន្តរាយក្នុងតំបន់។

 
អស់រយៈពេលជាច្រើនឆ្នាំមកហើយ មន្ត្រី UN បានព្រមានពីហានិភ័យនៅសមុទ្រក្រហម និងឆ្នេរសមុទ្រ យេម៉ែនដោយសារតែនាវាដឹកប្រេង Safer អាចកំពប់ប្រេងច្រើនជាងបួនដងធៀបនឹងគ្រោះមហន្តរាយ Exxon Valdez ឆ្នាំ១៩៨៩ នៅឯរដ្ឋអាឡាស្កា។ សង្រ្គាមនៅយេម៉ែននៅក្នុងឆ្នាំ២០១៥ ក៏នាំដល់ការផ្អាកប្រតិបត្តិការថែទាំនៅលើនាវា Safer ដែលត្រូវបានប្រើសម្រាប់ការផ្ទុកប្រេង។
 
អគ្គលេខាធិការ​ UN លោក អាន់តូនីញ៉ូ ហ្គោតេរ៉េសបានលើកឡើងនៅថ្ងៃទី២៥ ខែកក្កដាថា ការ​ផ្ទេរ​ប្រេងពីនាវាទៅនាវាមួយ ផ្សេងទៀតដែលបានចាប់ផ្តើមនៅថ្ងៃនេះ ជាជំហានបន្ទាប់​ដ៏​សំខាន់​ក្នុង​ការ​បញ្ចៀសគ្រោះមហន្តរាយបរិស្ថាន និងមនុស្សធម៌។
 
បើតាមកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ការផ្ទេរប្រេងត្រូវរំពឹងចំណាយពេល១៩ ថ្ងៃដើម្បីបញ្ចប់។ នៅពេលសួរ អំពីហានិភ័យនៃប្រតិបត្តិការនេះ អ្នកនាំពាក្យ UNDP លោកស្រី Sarah Bel បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា ពួកគេជាមានការប្រុងប្រយ័ត្នខ្លាំងណាស់។
 
UN ដែលមិនធ្លាប់ធ្វើបេសកកម្មជួយសង្គ្រោះបែបនេះពីមុនមកបានព្រមានថា រចនាសម្ព័ន្ធ នាវា​កាន់​តែ​យ៉ាប់យ៉ឺនខ្លាំង ហើយវាមានហានិភ័យអាចផ្ទុះថែមទៀត។ លោកស្រី Bel សង្កត់ធ្ងន់ថា ប្រេង​ដែល​កំពប់​អាចហូរទៅដល់ឆ្នេរសមុទ្រអាហ្រ្វិកដោយបំផ្លាញពពួកត្រីក្នុងរយៈពេល២៥ឆ្នាំខាងមុខ និង​បំផ្លាញ​ការងារមនុស្សចំនួន២០ម៉ឺនកន្លែង។ UN ក៏អាចបិទកំពង់ផែដែលនាំយកស្បៀងអាហារ និងការផ្គត់ផ្គ​ង់​ទៅកាន់យេម៉ែនដែលប្រជាជនប្រមាណ១៧លាននាក់ពឹងផ្អែកលើជំនួយមនុស្សធម៌ទៀតផង៕
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com