កីឡាអន្តរជាតិ
អន្តរជាតិ
Messi ស៊ុត២គ្រាប់ម្នាក់ឯង ជួយ Miami ឈ្នះ Atlanta ឆ្លងផុតវគ្គចែកពូល League Cup
26, Jul 2023 , 10:39 am        
រូបភាព
Lionel Messi រកបានគ្រាប់បាល់ ២គ្រាប់បន្ថែមទៀតឱ្យក្រុមថ្មី Inter Miami ក្នុងការប្រកួតដែលយកឈ្នះលើក្រុម Atlanta United លទ្ធផល ៤-០ នៃជំនួបវគ្គចែកពូលពានរង្វាន់ League Cup។ ​Messi ជួយក្រុម Inter Miami ឆ្លងទៅកាន់វគ្គជម្រុះ បន្ទាប់ពីយកឈ្នះពីរប្រកួតនាថ្ងៃទី២៥ ខែកក្កដា។



ស្ថិតក្នុង League Cup ភាគខាងត្បូងពូលទី៣ Inter Miami ជាក្រុមឈរនៅកំពូលតារាងដោយរកបានជ័យជម្នះទាំង ២ប្រកួតក្នុងពូល ដោយបានយកឈ្នះលើក្រុម Cruz Azul ដែលជាជំនួបទី១ លទ្ធផល ១-០។ 
  


ការប្រកួតនាថ្ងៃទី២៥ ខែកក្កដា Inter Miami បន្តយកឈ្នះការប្រកួតបន្តទៀត ដោយលទ្ធផល ៤-០ លើក្រុម Atlanta United ហើយក្នុងចំណោម ៤គ្រាប់នោះ ក៏មានគ្រាប់បាល់ចំនួន ២គ្រាប់ ​ដែលរកបានដោយខ្សែប្រយុទ្ធប្រធានក្រុមថ្មីរបស់ក្រុម Lionel Messi។
 
មិនដូចការប្រកួតទី១ ដែល Messi បានផ្តូរចូលលេងនៅដើមវគ្គទីពីរ ប៉ុន្តែការប្រកួតជាមួយជ័យជម្នះដ៏ធំលើកនេះ ប្រធានក្រុមសញ្ជាតិអាហ្សង់ទីនបានចូលលេងតាំងពីវគ្គទីមួយតែម្តង។ ២គ្រាប់របស់ Messi ដោយគ្រាប់ដំបូងកើតឡើងនៅនាទី៨ ដោយគ្រាប់បាល់នោះជាការបង្កើតឱកាសពីសំណាក់អតីតមិត្តរួមក្រុមនៅ Barcelona កីឡាករខ្សែបម្រើ Sergio Busquets។ 
 
គ្រាប់បាល់ទី២ របស់ Messi ធ្វើបាននៅនាទី២២ ដោយគ្រាប់បាល់នោះជាការបញ្ជូនបាល់បានយ៉ាងល្អពីសំណាក់កីឡាករមិត្តរួមក្រុម Robert Taylor ដែលជាកីឡាកររកបានគ្រាប់បាល់ ២គ្រាប់ដូច Messi ក្នុងការប្រកួតនោះដែរ។ Robert Taylor ស៊ុតចូល ២គ្រាប់នៅនាទី ៤៤ និង ៥៣។
 
ពានរង្វាន់ League Cup ដែលក្រុម Inter Miami បានប្រកួតឈ្នះ ២លើកជាប់គ្នា ហើយឆ្លងទៅកាន់វគ្គជម្រុះ ពានរង្វាន់មួយនេះគឺជាការប្រកួតប្រជែងរវាងក្រុមទាំងអស់ដែលស្ថិតក្នុងលីគបាល់ទាត់ Major League Soccer ប្រជែងជាមួយនឹងលីគបាល់ទាត់ Liga MX របស់ប្រទេសម៉ិកស៊ិក។ ការប្រកួតពានរង្វាន់ League Cup មានរចនាសម្ព័ន្ធការប្រកួតដូចទៅនឹង World Cup៕
 

Tag:
 Inter Miami
  Lionel Messi
© រក្សាសិទ្ធិដោយ thmeythmey.com