ជាតិ
សម្ដេច ហ៊ុន សែន ស្នើឱ្យរដ្ឋមន្រ្តី ដែលមិនកាន់តំណែងបន្ត ត្រូវយោគយល់ និងលះបង់
26, Jul 2023 , 3:49 pm        
រូបភាព
សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីខែឧសភា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុក SPM
សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីខែឧសភា ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុក SPM
ពីសន្និសីទកាសែត នារសៀលថ្ងៃទី២៦ កក្កដានេះ សម្ដេច ហ៊ុន សែន ស្នើដល់រដ្ឋមន្ត្រីចាស់ៗ ដែលមិនបន្តតំណែង ឱ្យលះបង់ និងយោគយល់ ដើម្បីផ្ដល់ឱកាសដល់យុវជនបន្តវេន បំពេញភារកិច្ចបម្រើប្រទេសជាតិ។



«យើងត្រូវគិតពីសុខភាព និងគិតអំពីការបន្តវេនរបស់អ្នកជំនាន់ក្រោយ» ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា រដ្ឋមន្រ្តីចាស់ៗ ក្នុងជួររដ្ឋាភិបាល នឹងត្រូវដាក់បញ្ចូលទៅជាតំណាងរាស្រ្ត នៅក្នុងរដ្ឋសភា និងជាសមាជិកព្រឹទ្ធសភា។
 
ចំណែកសមាជិកព្រឹទ្ធសភាបច្ចុប្បន្ននេះ នឹងអាចដាក់ឱ្យចូលនិវត្តន៍ ដោយសារតែមន្ត្រីទាំងនោះ ភាគច្រើនមានវ័យជ្រេខ្លាំង ជាង៧០ឆ្នាំ ទៅ៨០ឆ្នាំ។ « រដ្ឋមន្រ្តីមួយចំនួន មិនចូលកាន់ការងារជារដ្ឋមន្រ្តីតទៅទៀតទេ យើងអាចឈរឈ្មោះជាសមាជិកព្រឹទ្ធសភា ព្រោះសមាជិកព្រឹទ្ធសភាយើងមួយចំនួន ក៏មានអាយុ៨០ឆ្នាំ ឬលើស៨០ឆ្នាំ ឬក៏កៀកនឹង៨០ឆ្នាំ ក៏ល្មមនឹងការចាកចេញផងដែរ។ ពិតមែនតែព្រឹទ្ធសភា ត្រូវមានអាយុច្រើន ប៉ុន្តែអាយុច្រើនហួសក៏ធ្វើការអត់កើតដែរ»។ នេះបើតាមសម្ដេច ហ៊ុន សែន។
 
ដោយឡែក សម្ដេច ហ៊ុន សែន ក៏បានលាលែងពីតំណែងនាយករដ្ឋមន្ត្រី ជំនួសដោយលោក ហ៊ុន ម៉ាណែត ដែរ។ ក្រោយលាលែងចេញពីតំណែងនេះ សម្ដេច ហ៊ុន សែន នឹងបន្តកាន់តួនាទីជាប្រធានបក្សប្រជាជនកម្ពុជា និងជាសមាជិករដ្ឋសភា។ មិនតែប៉ុណ្ណោះសម្ដេច នឹងធ្វើជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា ជំនួសលោក សាយ ឈុំ នៅខែមីនា ឆ្នាំ២០២៤ ។ ចំណែកសម្ដេច សាយ ឈុំ សុំសម្រាកពីកិច្ចការងារនយោបាយ។

អត្ថបទទាក់ទង

 
ជាមួយគ្នានោះសម្ដេច ៤រូប នឹងក្លាយជាសមាជិកឧត្តមប្រឹក្សាព្រះមហាក្សត្រ នាអាណត្តិក្រោយនេះ។ ក្នុងនោះរួមមានសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា,សម្ដេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, សម្ដេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្ដេច ម៉ែន សំអន រដ្ឋមន្រ្តីទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា បច្ចុប្បន្ន នឹងត្រូវបំពេញការងារនៅក្នុងឧត្តមប្រឹក្សាព្រះមហាក្សត្រ នាអាណត្តិក្រោយ។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានការស្រុះស្រួលគ្នាអស់គ្នា ក្នុងការរៀបចំក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាល នាអាណត្តិក្រោយនេះ។

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com